ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ធ្វើខួប៣៧ឆ្នាំ

នៅសម្រស់ក្មេងវ័យសោះតារាសម្ដែងអ្នកនាងលី ម៉ារីណា បានប្រកាសថាខ្លួនមានអាយុ៣៧ឈានចូល៣៨ឆ្នាំហើយ គិតត្រឹមថ្ងៃទី២៦ ឧសភា ដែលអ្នកនាងបានប្រកាសធ្វើខួបកំណើតនៅវីហ្វ្រេនកាលពីយប់មិញ។ យ៉ាងណាមិញ បើអ្នកនាងមិនបញ្ជាក់ដោយផ្ទាល់មាត់ទេ គឺពិតជាមានអ្នកគាំទ្រតិចណាស់ជឿថាអ្នកនាងមានវ័យ៣៧ឆ្នាំនាឆ្នាំនេះ។

អ្នកនាង លី ម៉ារីណា និយាយថាអ្នកនាងមានគម្រោងចេញទៅធ្វើខួបកំណើតនៅលើកោះមួយនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែដោយសារតែជាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរបស់គ្រួសារតារាកម្ពុជា ទើបអ្នកនាងដកថយគម្រោងនោះ ហើយងាកមកធ្វើខួបកំណើតទ្រង់ទ្រាយVIP ត្រឹមតែ៣០ទៅ៤០នាក់ នៅក្នុងបន្ទប់ខារ៉ាអូខេវីហ្វ្រេនវិញ។ អ្នកនាងខួបដែលបានធ្វើឡើងដោយគ្មានគម្រោងទុកពីចម្ងាយនេះ គឺគម្រប់វ័យ៣៧ឆ្លងចូល៣៨ឆ្នាំ ដែលអ្នកនាងប្រកាសថាខ្លួនមានអាយុដល់ក្បែរៗ៤០ហើយ ទើបមិនចង់ធ្វើធំ។ អ្នកនាងសម្រេចធ្វើឡើងត្រឹមតែភ្ញៀវពិសេសៗដែលអ្នកនាងជិតស្និទ្ធិប៉ុណ្ណោះដោយសារតែអ្នកនាងមិនចង់រំខានដល់តារាសិល្បៈដែលសុទ្ធតែមានកិច្ចការរវល់។ អ្នកនាងនិយាយថាសប្បាយចិត្តដែលខួបរបស់ខ្លួនធ្វើឡើងជាលក្ខណៈពិសេសក៏ពិតមែន ប៉ុន្តែមានការចូលរួមស្ទើរមិនមានបាត់ភ្ញៀវណាម្នាក់ ហើយបណ្ដាភ្ញៀវទាំងនោះសុទ្ធតែច្រៀងរាំយ៉ាងកងរំពងធ្វើអោយពិធីរបស់អ្នកនាងអធឺកអធម។ អ្នកនាងការសម្រេចធ្វើខួបយ៉ាងវិសេសនោះ ក៏មិនខុសពីការប្រកាសអោយដឹងពីសុភមង្គលរបស់អ្នកនាង និងស្វាមី និងដើម្បីអបអរឱកាសដែលស្វាមីផ្ដល់លទ្ធភាពអោយអ្នកនាងបានសម្ដែងជាថ្មីនោះផងដែរ៕

មតិយោបល់