ក្នុងពិធីខួបអាពាហ៍ពិពាហ៍គម្រប់១២ឆ្នាំសម្រាប់អាពាហ៍ពិពាហ៍បែបខ្មែរ និងគម្រប់១៥ឆ្នាំសម្រាប់មង្គលការបែបអឺរ៉ុបនៅបារាំង កាលពីល្ងាចថ្ងៃទី២៨ ឧសភា អ្នកនាង ទេព បុទមបុផល ដែលគេស្គាល់ថាជាតារាកំប្លែងល្បីឈ្មោះមួយរូប បានអះអាងថាអ្នកនាងនឹងដាច់ចិត្តចាកចេញពីកម្ពុជាទៅរស់នៅប្រទេសបារាំងនៅអំឡុងចុងឆ្នាំ២០១៧ខាងមុខនេះហើយ ដោយសារតែស្វាមីអ្នកនាងដែលជាអណិកជនបារាំងពិបាកទ្រាំទ្រនឹងអាកាសធាតុក្ដៅនៅកម្ពុជា ហើយចង់ទៅរស់នៅប្រទេសបារាំង។ ម្យ៉ាងមកពីស្វាមីអ្នកនាងទើបនឹងវះកាត់បេះដូងហើយមិនអាចរស់នៅប្រទេសបារាំងតែឯងនោះផង ទើបអ្នកត្រូវលះបង់ចំណូលចិត្តរបស់ខ្លួន ហើយទៅរស់នៅថែប្ដីនៅទីនោះដោយសម្រេចទាំំងបោះបង់សិល្បៈផង។
អ្នកនាងនិយាយថាក្រោយពេលរៀបការជាមួយស្វាមី អ្នកនាងឡើងចុះទៅរស់នៅប្រទេសបារាំងបានតែមួយរយៈប៉ុណ្ណោះ ក៏សម្រេចចិត្តរកស៊ីនៅស្រុកខ្មែរ ដោយទុកអោយស្វាមីឡើងចុះវិញម្ដងព្រោះតែអ្នកនាងពិបាករស់នៅស្រុកគេ និងមិនចង់បែកឆ្ងាយពីគ្រួសារ។ យ៉ាងណាក៏ដោយអ្នកនាងប្រកាសថាជម្រើសរបស់ខ្លួនមិនមានទៀតទេ ក្នុងពេលដែលស្វាមីរស់នៅស្រុកខ្មែរចេះតែចាញ់អាកាសធាតុ ហើយតម្រូវទៅរស់នៅប្រទេសបារាំងវិញ ដែលចាំបាច់ត្រូវតែអ្នកនាងទៅមើលថែក្នុងពេលដែលស្វាមីក៏ទើបនឹងវះកាត់បេះដូងដែលមិនអាចព្រលែងអោយរស់នៅម្នាក់ដូចមុន។ អ្នកនាងថាចេញទៅបារាំងលើកនេះ អ្នកនាងនឹងទៅរស់នៅដោយសារតែកូនប្រុសទាំង២របស់អ្នកនាងក៏ត្រូវនៅរៀនទីនោះដែលត្រូវការអោយអ្នកនាងមើលការខុសត្រូវដែរ។ អ្នកនាងថាស្វាមីវ័យ៥២ឆ្នាំរបស់ខ្លួន ស្រឡាញ់និងយកចិត្តទុកដាក់ចំពោះអ្នកនាងណាស់ ទើបអ្នកនាងត្រូវតែដាច់ចិត្តចោលគ្រួសារទៅរស់នៅបារាំង ដើម្បីមើលថែសុខភាពស្វាមី។។ យ៉ាងណាមិញ អ្នកនាងថាខ្លូននឹងឡើងចុះៗស្រុកខ្មែរញឹកញាប់ ដោយសារតែអ្នកនាងក៏មានជំនួញត្រូវមកមើលញឹកញាប់ និងត្រូវការបង្ហាញមុខក្នុងសិល្បៈកុំអោយមហាជនភ្លេចមុខម្ដងម្កាលផងដែរ។
នៅក្នុងពិធីខូបអាពាហ៍ពិពាហ៍គម្រប់១២ឆ្នាំ អ្នកនាងប្រកាសថាចំណាយអស់ជិត១ម៉ឺនដុល្លារ ដោយអ្នកនាងរៀបចំមិនខុសពីមង្គលការធំមួយនោះទេ ខណៈដែលអ្នកនាង និងស្វាមីក៏បានបង្ហាញភាពផ្អែមល្ហែមអោយមហាជនកោតសរសើរផងដែរ៕
មតិយោបល់