ខុសពីតារាសិល្បៈផ្សេងទៀតដែលមានប្រវត្តិ និងអនុស្សាវរីយ៍ជាមួយជាមួយលោកអ៊ិត សេដ្ឋា មិនច្រើន សម្រាប់អ្នកនាងយុគ ចិន្តា ត្រូវគេដឹងជាទូទៅថាមានស្នាមអនុស្សាវរីយ៍ទាំងល្អ និងអាក្រក់ជាមួយលោកជ្រាលជ្រៅជាងគេឆ្ងាយណាស់។ អ៊ីចឹងហើយទើបនឹងមានការក្ដុកក្ដួលជាងអ្នកណាៗទាំងអស់ នៅពេលទទួលដំណឹងថាលោកទទួលមរណភាពក្នុងពេលអ្នកនាងទើបតែចេញទៅដល់ដីអាមេរិកបានប៉ុន្មានថ្ងៃ។
អ្នកនាងយុគ ចិន្តា សរសេរនៅលើហ្វេកប៊ុកថា គឺជារឿងរន្ធត់ចិត្ត និងមិនគួរកើតទាល់តែសោះដែលលោកទើបតែនិយាយជាមួយអ្នកនាងតាម Video Call មួយថ្ងៃមុនស្លាប់ទាល់តែសោះស្រាប់តែដល់ស្អែកឡើងក៏មានដំណឹងថាលាចាកលោក។ អ្នកនាងថាខ្លួនពិតជាពិបាកធ្វើចិត្តដែលមិត្តសិល្បៈ និងជាដៃគូដ៏ល្អនៅក្នុងអាជីពត្រូវបានបាត់បង់ដោយការលាចាករបស់លោកគឺលឿនមិនខុសពីផ្លេកបន្ទោរ។ អ្នកនាងថាលោកថាខ្លួនទើបតែមានបំនងថានឹងអំពាវនាវថវិកាអោយលោកមានលទ្ធភាពទៅសម្រាកព្យាបាល ហើយមិនទាន់ទាំងបានធ្វើផងដោយសារថាអ្នកនាងគិតថារង់ចាំអោយអ្នកនាងត្រលប់មកពីអាមេរិកវិញសិន តែបែរជាលោកទៅមុនការគិត។ អ្នកនាងបានប្រកាសដើរជាអ្នកអំពាវស្វែងរកថវិកាពីបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ដោយអះអាងថានឹងពាំនាំនូវថវិកាទាំងនោះយកមកអោយគ្រួសាររបស់លោកក្រោយពេលអ្នកនាងមកដល់វិញ។
គួរបញ្ជាក់ថាអ្នកនាងយុគ ចិន្តា រមែងដាក់គម្រោង១ឆ្នាំទៅលើសហរដ្ឋអាមេរិកម្ដង ដើម្បីទៅលេងម្ដាយរបស់អ្នកនាង និងប្អូនស្រីដែលរស់នៅទីនោះនិងដើម្បីទៅទូទាត់លុយកាក់ក្នុងជំនួញបើកហាងរបស់អ្នកនាងនៅទីនោះផង។ អ្នកនាងសម្ដែងអារម្មណ៍សោកស្ដាយដែលមិត្តកម្រត់កម្រនៅក្នុងសិល្បៈបែរជាត្រូវលាចាកលោកក្នុងពេលដែលអ្នកនាងមិនបានបំពេញកិច្ចមកជួយកម្លាំងចិត្ត និងមិនបាននៅពេលបូជាសពដែលតាមគម្រោងគឺនឹងត្រូវបូជានៅវត្តឧត្តរាវត្តី ហៅវត្តឫស្សីកែវ នៅល្ងាចថ្ងៃទី៥ មិថុនា វេលាម៉ោង៤ល្ងាចនេះ។
មតិយោបល់