ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយដោយភ្នែកនៅបើកមិនអស់ចិត្ត ក្រោយពីជិះម៉ូតូ២គ្រឿងទន្ទឹមគ្នា ហើយត្រូវរថយន្ដម៉ាកហាយឡែនឌ័រ មួយគ្រឿង បើកដោយបុរស ក្នុងល្បឿនលឿនដូចហោះ បើកក្នុងទិសដៅស្របគ្នា បុកពីក្រោយយ៉ាងពេញទំហឹង អូសបុរសដែលបើកម៉ូតូស្កុបពីជិត១០០ម៉ែត្រ បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ ហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកស្ដ្រីម្នាក់រងរបួសស្រាល។
ហេតុការណ៍ការគួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពបុរសដែលស្លាប់បាត់បង់ជីវិតខាងលើ មានឈ្មោះ ហង់ វីសាល អាយុ២៧ ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ដ មានស្រុកកំណើត នៅឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួល នៅភ្នំពេញសព្វថ្ងៃរស់នៅម្ដុំទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងទៅតាមសម្តីរបស់ស្ដ្រីម្នាក់ដែលជួបក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV -3113 ដែលគាត់ជិះទន្ទឹមគ្នាជាម៉ូតូស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CH -9856 ជិះដោយសពបុរសខាងលើ ដោយម៉ូតូនេះមិនមែនជាម៉ូតូរបស់គាត់ទេ គឺគាត់ខ្ចីម៉ូតូមិត្តស្រីរបស់គាត់យកមកជិះ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្ដហាយឡែនឌ័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0997 ធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ ក្នុងទិសដៅពីជើងទៅត្បូង បើកដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចហោះ បើកស្របគ្នាជាមួយម៉ូតូ២គ្រឿងខាងលើ បុកពីក្រោយយ៉ាងពេញទំហឹង បុកអូសបុរសដែលបើកម៉ូតូស្កុបពីជិត១០០ម៉ែត បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកភាគីនារីវិញ រងរបួសស្រាល ភ្លាមៗម្ចាស់រថយន្ដ ហាយឡែនឌ័របានទុករថយន្ដចោលនៅកន្លែងកើតហេតុ ហើយបើកទ្វាររថយន្ដព្យាយាមរត់គេចខ្លួន តែរត់បាន១០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋនៅម្ដុំនោះឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលបើករថយន្ដខាងលើ ហើយសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និង យករថយន្ដនិងម៉ូតូទៅរក្សាទុកនៅ សង្នការរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពបុរសខាងលើត្រូវបានក្រុមគ្រួសារគាត់ដឹកយកទៅស្រុកដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់