ព័ត៌មានអន្តរជាតិ

គណបក្សប្រធានាធិបតីបារាំង កំណត់គោលដៅទទួលជ័យជម្នះដ៏ធំ ក្នុងការបោះឆ្នោតនៅសភា

បារាំងៈ គណបក្សនិយមកណ្តាលរបស់ប្រធានាធិបតី លោក Emmanuel Macron កំពុងសម្លឹងមើលភាពជាក់ស្ដែង ទៅលើជ័យជម្នះភ្លូកទឹកភ្លូកដី បន្ទាប់ពីការបោះឆ្នោតជុំដំបូង នៅក្នុងសភា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។

តាមការព្យាករបានបង្ហាញថា គណបក្ស La Republique en Marche របស់លោកប្រធានាធិបតី និងបក្ស MoDem ដែលជាសម្ព័ន្ធមិត្ត បានកំណត់គោលដៅទទួលជោគជ័យ សម្រាប់ការកើនទ្បើងចំនួន ៤៤៥ អាសនៈ នៅក្នុងអាសនៈរដ្ឋសភាជាតិសរុប ៥៧៧ អាសនៈ។

លទ្ធផលចុងក្រោយ នឹងត្រូវសម្រេច ក្នុងការបោះឆ្នោតសភា នៅថ្ងៃអាទិត្យក្រោយ។

គណបក្សលោក Macron ​ទើបបង្កើត​ឡើង​បានរយៈពេលជាង ១ឆ្នាំប៉ុណ្ណោះ ដែល​បាន​ធ្វើឲ្យ​មាន​ការ​ហូរចូល​បេក្ខជន​ថ្មី​ចំនួន ៤២៨ រូប​សម្រាប់​ការ​បោះឆ្នោត​សភា​ខែ​មិថុនានេះ​ ដោយអ្នកទាំងនោះ មានបទពិសោធនយោបាយតិចតួច ឬខ្លះទៀតគ្មានតែម្ដង។

សូមជំរាបថា ៩៧% នៃសន្លឹកឆ្នោតដែលបានរាប់ បានបញ្ជាក់ថា គណបក្ស LREM របស់លោក Macron និងបក្ស MoDem បានឈ្នះសំទ្បេងគាំទ្រច្រើនជាង ៣២% នៃការបោះឆ្នោតនេះ។

ចំណែកគណបក្សសាធារណរដ្ឋកណ្តាលស្តាំនិយម មានក្រោម ១៦% អំទ្បុងបក្សសង្គមនិយម ដែលកាលពីមុនជាគណបក្សកាន់អំណាចរបស់បារាំង បានឈ្នះសំទ្បេងឆ្នោតត្រឹមតែ ៧,៣% ប៉ុណ្ណោះ ។

រីឯគណបក្សស្ដាំ​រណសិរ្ស​ជាតិ (FN) ទទួលបានសំទ្បេងឆ្នោត ១៣,៥% តាមពីក្រោយដោយបក្សឆ្វេងនិយម ១១% ៕

មតិយោបល់