យោងតាមការបញ្ជាក់របស់លោកសុវណ្ណ ឫទ្ធី ហៅលោកតាវ៉ិចទ័រ បានអះអាងថាសរុបជំនួយដែលទទួលបានពីសប្បុរសជនពីការគៀរគរកន្លងមក ថវិកាមូលនិធីរបស់លោកអ៊ិត សេដ្ឋា ទទួលបានចំនួនជាង១២ម៉ឺនដុល្លារ។ ក្នុងចំនួនដែលទទួលបាននេះ មានការបញ្ជាក់ថានឹងចំណាយទិញផ្ទះក្នុងតម្លៃត្រឹមតែ៧ម៉ឺនដុល្លារប៉ុណ្ណោះ ដោយសម្រេចតម្កល់យ៉ាងហោច៥ម៉ឺនដុល្លារទុកឲ្យកូនៗរបស់លោកចាយវាយក្នុងរយៈពេល៨ឆ្នាំ ទម្រាំដល់កូនស្រីពៅរបស់លោកអ៊ិត សេដ្ឋា មានអាយុ១៨ឆ្នាំ។
លោកតាវ៉ិចទ័រ និយាយថាក្រោយកិច្ចប្រជុំពិភាក្សាទីតាំងផ្ទះដែលក្រុមការងារនឹងចំណាយទិញដល់គ្រួសាររបស់លោកអ៊ិត សេដ្ឋាត្រូវបានសម្រេចហើយ ដោយគ្រោងទិញផ្ទះមួយជុងនៅម្ដុំឫស្សីកែវ តែមិនឲ្យមានតម្លៃលើសពី៧ម៉ឺនដុល្លារទេ ដើម្បីតម្កល់ទុកប្រមាណជា៥ម៉ឺនដុល្លារនៅក្នុងធនាគារ ទុកសម្រាប់បញ្ចេញឲ្យកូនៗរបស់លោកចាយវាយទម្រាំពួកគេរៀនចប់ ហើយចេះរកលុយ។ លោកថាទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារនេះ នឹងតម្រូវផ្ដល់ឲ្យរៀងរាល់មួយខែម្ដងក្នុងចំនួនមួយដែលពិភាក្សា ហើយមិនឲ្យបុគ្គលណាម្នាក់មកមានសិទ្ធិកាន់កាប់នោះទេ ដើម្បីឲ្យបានច្បាស់ថាថវិកាដែលបានតម្កល់ទុកនឹងគ្រប់គ្រងកូនៗរបស់លោកអ៊ិត សេដ្ឋារហូតដល់៨ឆ្នាំតែម្ដង។ លោកថាកូនៗរបស់លោកអ៊ិត សេដ្ឋា មិនត្រូវបានបង់ថ្លៃសិក្សានោះទេសម្រាប់ការសិក្សានៅកម្រិតវិទ្យាល័យដោយសារតែមានសាលាឯកជនចំនួន២ផ្ដល់ឲ្យសិក្សាដោយឥតគិតថ្លៃ ប៉ុន្តែពួកគេនឹងត្រូវចំណាយលើការសិក្សានៅកម្រិតមហាវិទ្យាល័យ ទើបលោកយល់ថាថវិកាដែលបានកាន់កាប់ដោយប្រព័ន្ធធនាគារនោះ ត្រូវតែច្បាស់លាស់ម៉ត់ចត់រហូតដល់ពេលនោះ។
យ៉ាងណាមិញ លោកថាកូនស្រីច្បងរបស់លោកអ៊ិត សេដ្ឋា ក៏ត្រូវបានផ្ដល់ការងារឲ្យធ្វើនៅCTN ដើម្បីឲ្យមានចំណូលជាបណ្ដើរៗផងដែរ ទើបលោកយល់ថាការផ្គត់ផ្គង់ពួកត្រឹមរយៈពេល៨ឆ្នាំ ទម្រាំកូនស្រីរបស់លោកអ៊ិត សេដ្ឋា អាយុបាន១៨ឆ្នាំ ហើយចេះរកលុយ ពិតជាអាចចាត់ចែងបានដោយរលូន៕
មតិយោបល់