យោងតាមការបង្ហោះនៅលើហ្វេសប៊ុក លោក ម៉ាដូណា បានអះអាងថាលោក និងគ្រួសាររបស់លោកបានកើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធនឹងរឿងអ្នករស់នៅជាប់ផ្ទះ ស្ថិតនៅក្បែររង្វង់មូលចោមចៅ បានរំលោភលើព្រំដី និងមានការបង្កជារបួសស្នាមផង ក្រោយពីផ្ទុះជម្លោះគ្នា។ លោកទទូចឲ្យអ្នកបង្កហិង្សាចំពោះសមាជិកគ្រួសាររបស់លោកចូលខ្លួនបំភ្លឺលើពាក្យបណ្ដឹងរបស់ខ្លួនឲ្យបានឆាប់ បើមិនដូច្នេះទេ នឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីទាមទារយុត្តិធម៌។
លោកបានបង្ហោះនៅលើហ្វេសប៊ុកថា អ្នកជិតខាងដែលអាងអំណាចនៅពីក្រោយខ្នង បានធ្វើរបងខណ្ឌចែកព្រំប្រទល់នៅលើដីរបស់ខ្លួន ហើយនៅពេលបងស្រីរបស់លោកចុះឃាត់ ក៏ផ្ទុះជម្លោះវាយតប់គ្នា ដោយនារីម្នាក់ឈ្មោះពៅ ជាសមាជិករបស់គ្រួសារម្ខាងទៀត បានយកកែវគប់ចំប្រស្រីភ្នែករបស់បងស្រីលោក បណ្ដាលឲ្យរយះហើយរត់គេចបាត់។ លោកថាគ្រួសារម្ខាងទៀតបានចោទថាគ្រួសាររបស់លោកវាយតប់លើសមាជិករបស់ខ្លួនដែលមានពេពោះផង ប៉ុន្តែចុងក្រោយភស្តុតាងអ្វីក៏មិនមាន ហើយថែមទាំងគេចចេញមិនចូលមកដោះស្រាយទៀត ប៉ុន្តែសម្រាប់លោកគឺលោកមានភស្តុតាងទាំងអស់ជុំវិញ ការធ្វើរបងរំលោភលើចំណែកដីរបស់គ្រួសារលោក និង ការបង្កហិង្សាមកលើបងស្រីលោក ដែលលោកប្រកាសថាគ្រួសារម្ខាងទៀត គឺអ្នកបង្កជម្លោះ និង ហិង្សាសុទ្ធសាធតែប្រឹងលាភពណ៌យករួចខ្លួនថាគ្រួសារលោកបង្ករបួសស្នាម។
លោកប្រកាសឲ្យចូលខ្លួនដោះស្រាយ ដោយអះអាងថាទៅជាគ្រួសារនោះមានអ្នកធំម្នាក់ឈ្មោះពន្លក នៅកាងពីក្រោយក៏មិនខ្លាចនឹងប្ដឹងនោះដែរ។ ហេតុការណ៍នេះបានកើតឡើងនៅកាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០១៧ នៅផ្ទះដែលលោករស់នៅផ្ទាល់ នៅជិតរង្វង់មូលចោមចៅ។
យ៉ាងណាមិញ ចំពោះករណីនេះ នៅមិនទាន់មានការបកស្រាយពីភាគីម្ខាងទៀត ដែលលោកចោទប្រកាន់នៅឡើយទេ៕
https://youtu.be/Jyrky8jX1BY
មតិយោបល់