ព័ត៌មានសិល្បៈ និងកម្សាន្ត

ទូតបារាំង ចេញច្បាប់ឲ្យ ខាត់ សុឃីម និង ស្វាមីជាផ្លូវការ

បន្ទាប់ពីបានឆ្លងកាត់ការសម្ភាសន៍ជាច្រើនដំណាក់កាល ជាមួយស្ថានទូតបរាំង តារាចម្រៀងល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម និង ស្វាមី ត្រូវបានប្រទេសនៅទ្វីបអឺរ៉ុបមួយនេះ ផ្ដល់ទិដ្ឋាការឲ្យបានចេញទៅហើយ។ អ្នកទាំង២ត្រូវបានទូតផ្ដល់សិទ្ធិឲ្យទៅសម្ដែងរយៈពេលខ្លីទាំង២នាក់ប្ដីប្រពន្ធតែម្ដង ដោយក្រៅពីវត្តមានរបស់អ្នកទាំង២ក៏មានវត្តមានរបស់តារាចម្រៀងកញ្ញា ខាត់ សួស្ដី ជាប្អូនរបស់អ្នកនាង និង លោកអេឡិច ចន្ត្រា ទៅក្នុងគម្រោងនោះផងដែរ។

អ្នកនាង ខាត់ សុឃីម និយាយថា អ្នកនាង និងស្វាមី បានជាប់សម្ភាសន៍ជាផ្លូវការហើយ ដោយខាងស្ថានទូតទើបតែទម្លាក់ទិដ្ឋាការឲ្យកាលពីប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។ នេះជាលើកទី១ដែល អ្នកនាងត្រូវបានធានាឲ្យទៅច្រៀងនៅក្រៅប្រទេស ហើយអាចយកទាំងស្វាមី និងប្អូនស្រីអោយទៅជាមួយ ដែលមិនខុសពីដើរលេងជុំគ្នា។ អ្នកនាងថា គម្រោងចេញទៅគឺរហូតដល់ចុងខែ៩ឯណោះ បើទោះទូតបារាំងទើបប្រកាសបើកផ្លូវឲ្យជាប់ទាំង៣នាក់នៅក្នុងពេលនេះ។ យ៉ាងណាមិញ អ្នកនាងថាមិនទាន់ដឹងបានសម្ដែងប៉ុន្មានលើកនោះទេ ដោយសារតែអ្នកនាង និងស្វាមី ក៏មានកុងត្រាត្រូវប្រញាប់ត្រឡប់មកវិញ មិនឲ្យហួសពីចុងខែ១០នោះដែរ៕

មតិយោបល់