ក្នុងជំនួបដោយផ្ទាល់ក្នុងសកម្មភាពចុះថតកម្មវិធីមុខម្ហូបប្រចាំសប្ដាហ៍នៅភោជនីយដ្ឋាន«បាយ័នបឹងស្នោរ» នៅជិតខ្លោងទ្វារចូលបុរីប៉េងហួតច្បារអំពៅ ពិធីការិនីអ្នកនាង មាស សុវណ្ណរតនា បានរិះគន់យ៉ាងចាស់ដៃទៅលើម្ចាស់ភោជនីយដ្ឋានមួយចំនួនដែលមានសេវាកម្មមិនស្មោះត្រង់។ អ្នកនាងនិយាយថាបណ្ដាភោជនីយដ្ឋានទាំងនោះក្រៅពីមានអាហារតម្លៃខ្ពស់ហើយ គឺគ្មានគុណភាព និងទំនុកចិត្តសម្រាប់អតិថិជនទៅទៀត។
អ្នកនាងនិយាយថា ភោជនីយមួយចំនួនមិនបានគិតគូពីផលប៉ះពាល់របស់អ្នកបរិភោគនោះទេ ដោយនៅតែប្រើបន្លែនាំចូលដែលមានតែសារជាតិគីមីបណ្ដាលឲ្យអ្នកទទួលទានរងផលប៉ះពាល់។ អ្នកនាងបានជួបច្រើនហើយក្នុងពេលទទួលទានក្នុងហាងធំៗប្រេនៗ ប៉ុន្តែប៉ុន្មានម៉ោងក្រោយក៏មានសភាពឈឺពោះ និងពេលខ្លះមានទាំងប្រតិកម្មដោយទៅជាទន់ដៃទន់ជើងដល់ថ្នាក់ចង់សន្លប់នោះផង ក្រោយពីទទួលទានទឹកស៊ុបដែលអ្នកនាងយល់ថាមានសារជាតិកញ្ឆាធ្វើឲ្យញៀនចង់ទទួលទានលើកក្រោយទៀត។
អ្នកនាងថាបើជ្រុលជាបើកហាងធំ ហើយលក់អាហារក្នុងតម្លៃខ្ពស់ទៅហើយ ហេតុអ្វីមិនគិតពីសុខភាពអតិថិជន ដោយប្រើតែបន្លែក្នុងស្រុកគ្មានជាតិគីមី ដើម្បីជាការគិតគូដល់សុខភាពអតិថិជនផង និងលើកកម្ពស់ផលិតផលក្នុងស្រុកផង។
អ្នកនាងស្នើឲ្យម្ចាស់ភោជនីយដ្ឋានទាំងអស់ គួរតែមានភាពស្មោះត្រង់ក្នុងអាជីវកម្មរបស់ខ្លួនដោយកុំគិតតែផលចំណេញ ហើយបន្តប្រើបន្លែ ត្រីសាច់នាំចូល។ អ្នកនាងនិយាយថាការប្រើបន្លែនាំចូល គឺទោះជាបានលាងសម្អាតយ៉ាងណា ក៍នៅតែមានសារជាតិគីមីនោះដែរ ទើបអ្នកនាងស្នើឲ្យម្ចាស់ហាងទាំងនោះងាកមកលើកកម្ពស់បន្លែ ត្រីសាច់ក្នុងស្រុកជាជំនួសវិញ តាមរយៈកុម្មង់ទិញពីអ្នកផលិតផ្ទាល់ ឬ អាចបើកកសិដ្ឋានខ្នាតតូចសម្រាប់ការផ្គត់ផ្គង់ដល់ហាងខ្លួន។
អ្នកនាងលើកឧទាហរណ៍ថាហេតុផលដែលអ្នកនាងចូលចិត្តមកទទួលទាន និងមកថតមុខម្ហូបនៅភោជនីយដ្ឋានបាយ័នបឹងស្នោរ គឺមានហេតុផលមួយគត់គឺហាងមួយនេះគោរពវិជ្ជាជីវៈអត់ប្រើបន្លែក្រៅពីដាំក្នុងសួនបន្លែធម្មជាតិរបស់ខ្លួន ខណៈដែលសាច់ក៍មិនប្រើត្រីសាច់នាំចូលដាច់ខាត។
អ្នកស្រីថេ ដាឡែន ម្ចាស់ភោជនីយដ្ឋានបាយ័នបឹងស្នោបានឆ្លើយតបដែរថា អ្នកស្រីមានគោលការណ៍មិនប្រើត្រីសាច់ និងបន្លែនៅលើទីផ្សារដែលបានដាក់លក់នោះទេ ដោយសារតែអ្នកស្រីដឹងថាបន្លែ ត្រីសាច់ទាំងនោះសុទ្ធតែជាផលិតផលនាំចូលហើយមានសារជាតិគីមី។ អ្នកស្រីសុខចិត្តបង្កើតសួនបន្លែផ្ទាល់ខ្លួន និងកុម្ម៉ង់ទិញបន្លែមុខណាដែលខ្លួនដាំមិនបានតែពីក្រុមអ្នកដាំដុះក្នុងស្រុក បើទោះជាត្រូវទិញក្នុងតម្លៃខ្ពស់បន្តិច។ ចំពោះត្រីសាច់ក៏អ្នកស្រគប្រើតែប្រភេទត្រីសាច់ដែលកសិករក្នុងស្រុមចិញ្ចឹមបាននោះដែរ។
អ្នកស្រីថាខ្លួនមិនរកស៊ីលក់មុខដាច់ខាត ដោយអ្នកស្រីប្រកាសថានឹងធ្វើជាគំរូដល់បណ្ដាភោជនីយដ្ឋានផ្សេងទៀតដើម្បីកុំអោយបន្តប្រើបន្លែត្រីសាច់នាំចូលនោះផង។ អ្នកស្រីរិះគន់ដូចគ្នាសម្រាប់បណ្ដាភោជនីយដ្ឋានមួយចំនួន ដែលនៅបន្តប្រើបន្លែត្រីសាច់នាំចូល ដែលអ្នកស្រីពន្យល់ថា អាហារដែលប្រើបន្លែត្រីសាច់ទាំងនោះ បើទោះមិនប៉ះពាល់សុខភាពពេលនេះ ក៏ពិតជាមានបញ្ហាឈឺក្រពះពោះវៀន និងឈានដល់ជំងឺផ្សេងផង ដោយសារសារជាតិគីមី៕
មតិយោបល់