ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបឡើងកូដជាពិធីការិនី តែ ជីមមី ត្រូវប៉ាន់មិនធម្មតា

ថ្វីដ្បិតថាមានមុខនៅក្នុងកម្មវិធីសិល្បៈ ទើបតែរយៈពេលខ្លីមែន តែគេកត់សម្គាល់ថាពិធីការិនីវ័យក្មេងកញ្ញាជីមមី របស់ទូរទស្សន៍ PNN ត្រូវប៉ាន់យ៉ាងខ្លាំងនាពេលចុងក្រោយ ជាពិសេសកម្មវិធីសម្ពោធផលិតផលតូចធំ និងកម្មវិធីផ្លូវការនានា។ គាប់ជួនជាវត្តមានរបស់ពិព័រណ៍ផលិតផលថៃ និងក្រុមហ៊ុនថៃ កាន់តែមានកំណើនគួរឲ្យកត់សម្គាល់នោះផង ទើបធ្វើឲ្យតារាស្រីដែលចេះស្ទាត់ភាសាថៃមិនចាញ់ភាសាកំណើតរូបនេះឡើងកូដមិនធម្មតា។

មានការកត់សម្គាល់ច្រើនឡើងថាតារាស្រីនាងជីមី ដែលត្រូវគេស្គាល់ថាលេចធ្លោតាំងពីបានក្លាយជាពិធីការិនីនៅPNN នោះ ក្ដោបក្ដាប់បានទីផ្សារច្រើនឡើងនៅក្នុងវិស័យអត្ថាធិប្បាយកម្មវិធីបន្ទាប់ពីនាងបានបង្ហាញឲ្យទស្សនិកជនដឹងថានាងចេះទាំងភាសាថៃ និងអង់គ្លេសបានល្អ។ នៅក្នុងកម្មវិធីសម្ពោធផលិតផលតូចធំនៅឆាកទូរទស្សន៍ គេឃើញមុខតារាស្រីរូបនេះសឹងមិនសូវបាត់មុខដោយសារតែប្រជាប្រិយរបស់នាងឈានឡើង និងដោយសារតែសមត្ថភាពលើផ្នែកភាសារបស់នាងតែម្ដង។ ក្នុងនោះសូម្បីតែតម្លៃខ្លួនរបស់នាងក៏កាន់តែឡើងថ្លៃមិនដូចមុននោះដែរ ដោយមានការអះអាងថាក្នុងមួយកម្មវិធីគឺនាងស៊ីថ្លៃមិនចាញ់តារារៀមច្បងល្បីឈ្មោះយូរឆ្នាំប៉ុន្មានទេ ដោយសារតែនាងសម្អាងថាខ្លួនចេះបានច្រើនភាសា ហើយអាចដំណើរការកម្មវិធីតូចធីឲ្យម្ចាស់ផលិតផលរបស់ក្រុមហ៊ុនថៃបានល្អជាងពិធីការិនីមួយចំនួន។

ជាក់ស្ដែងក្នុងពិធីប្រកាសនាំចូលផលិតផលត្រីខម៉ាក ម៉ុងគុតថៈឡេ របស់ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្ពុជា-ថៃ កាលពីថ្ងៃទី២២ កក្កដា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី គេសុទ្ធតែបានឃើញថានាងជាពិធីការិនីដែលមានសមត្ថភាពក្នុងការអត្ថាធិប្បាយធ្វើឲ្យកម្មវិធីទាំងមូលដំណើរការបានល្អដោយសារតែនាងដើរតួជាអ្នកនិយាយភាសាខ្មែរផង និងថៃផងក្នុងពេលតែមួយ។ តារាស្រីរូបនេះត្រូវគេអះអាងថាមានមន្ត្រីជាន់ខ្ពស់របស់ស្ថានទូតថៃប្រចាំនៅកម្ពុជា និងម្ចាស់ក្រុមហ៊ុនធំៗរបស់ថៃដែលចុះមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនពេញចិត្តនឹងសមត្ថភាព ដោយម្ចាស់ក្រុមហ៊ុនទាំងនោះបានហៅដល់ឈ្មោះរបស់នាងរាល់ពេលសម្រេចធ្វើកម្មវិធីផ្សេងៗនោះផង ទើបនាងកាន់តែមានទីផ្សារក្រៅឆាកទូរទស្សន៍ជាងមុន។

កញ្ញាជីមមី និយាយថានាងទទួលបានទីផ្សារជាងមុនដោយសារតែមានម្ចាស់ផលិតផលជាក្រុមហ៊ុនថៃច្រើនឡើងចុះមកបណ្ដាក់ទុននៅកម្ពុជា តែនាងមិនបានបង្ហើបឲ្យដឹងពីតម្លៃក្នុងការទទួលកាន់កាប់ពិធីមួយៗដែលនាងចេញមុខយ៉ាងលេចធ្លោមិនសូវបាត់មុខនោះឡើយ។ នាងថាពេលខ្លះតម្លៃស្ថិតលើពេលវេលាដែលនាងអាចទទួលបាន និងអាស្រ័យលើប្រភេទកម្មវិធីផងដែរ។ ដោយឡែកសម្រាប់កម្មវិធីរបស់ក្រុមហ៊ុនត្រីខកំប៉ុង ម៉ុងគុតថៈឡេ ដែលទើបប្រកាសនាំចូលផ្ដាច់មុខកាលពីថ្ងៃទី២២ កក្កដានោះ នាងថាគឺដោយសារតែមានគេដឹងថានាងចេះប្រើភាសាអង់គ្លេសបានស្ទាត់ទើបគេទាក់ទងយកនាងឲ្យចេញមុខ។ ម្យ៉ាងមកពីនាងចង់បង្ហាញសមត្ថភាពឲ្យបណ្ដាក្រុមហ៊ុនតូចធំរបស់ប្រទេសថៃកាន់តែស្គាល់នាងច្រើនផង ទើបនាងមិនសូវកាត់ថ្លៃហើយទទួលកាន់កាប់កម្មវិធីភ្លាមៗដោយមិនខ្វល់ពីការកំណត់តម្លៃ។ នាងថាក្រុមហ៊ុនត្រីខមួយនេះ ជាផលិតផលមិនប៉ះពាល់ដល់សុខភាព និងមានជាផលិតផលត្រីខល្បីឈ្មោះនៅក្នុងប្រទេសថៃតាំងពីឆ្នាំ១៩៧៩ ទើបនាងយល់ថាឱកាសបង្ហាញខ្លួនជាពិធីការិនីនៅក្នុងកម្មវិធីធំៗបែបនេះគឺជួយឲ្យនាងកាត់មានតែទីផ្សារ។

នាងប្រកាសទទួលការងារជាពិធីការិនីក្រៅប៉ុស្ដិ៍ដោយមិនប្រកាន់ថាទាល់តែពិធីសម្ពោធផលិតផលធំៗដូចជាក្រុមហ៊ុនរបស់ត្រីខកំប៉ុងម៉ាកម៉ុងគត់ថៈឡេនេះទេ គឺក្រុមហ៊ុនផលិតផលតូចៗក៏ទទួលធ្វើដែរ ខណៈតម្លៃខ្លួនក៏អាចជជែកគ្នាបានដោយមិនមែនថាក្រោយពេលឡើងកូដក៏កាត់ថ្លៃកប់ពពក៕

មតិយោបល់