យោងតាមការបង្ហោះរបស់លោក សូ ស្រណោះ អ្នកជំនាញផ្នែកតន្ត្រីដែលជាអ្នកដឹកនាំបេក្ខជនបេក្ខនារីជាក្មេងៗរបស់កម្ពុជាទៅប្រកួតតន្ត្រី និងចម្រៀងនៅក្នុងប្រទេសសិង្ហបុរីក្នុងព្រឹត្តិការណ៍ Asian Pacific Arts Festival លើកទី៣ប្រចាំឆ្នាំ២០១៧ បានសរសេរបង្ហោះនៅលើហ្វេសប៊ុកកាលពីយប់ថ្ងៃទី២៤ កក្កដា ថា ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ បេក្ខភាពរបស់កម្ពុជាដែលសុទ្ធតែជាក្មេងៗទាំង២១រូបនោះ សុទ្ធតែបានទទួលបានមេដាយទាំងអស់ ដោយទទួលបានមេដាយមាសចំនួន១៦នាក់ និងមេដាយប្រាក់ចំនួន៥នាក់។
យោងតាមការបញ្ជាក់នេះ គឺមានន័យថាក្នុងចំណោមកូនសិស្សដែលលោកបានដឹកនាំឲ្យទៅប្រកួតអត់មានអ្នកណាបរាជ័យក្នុងការដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ដែលមានអ្នកចូលរួមប្រកួតរហូតដល់១១ប្រទេសនៅក្នុងតំបន់អាស៊ាននេះទេ ក្នុងពេលដែលកូនស្រីរបស់អ្នកនាងយុគ ចិន្តា ក៏ទទួលបានមេដាយផងដែរពីការប្រកួតនោះ។
លោក សូ ស្រណោះ ធ្លាប់បានបញ្ជាក់នៅមុនចាកចេញថា លោករំពឹងខ្លាំងថាក្មេងទាំង២១រូប ដែលលោកជម្រើសឲ្យចេញប្រកួតនឹងទទួលបាន មេដាយត្រឡប់មកវិញគ្រប់គ្នា ដោយមុនរកឃើញតំណាង២១រូបឲ្យចេញប្រកួតនោះ គឺលោកធ្វើការជ្រើសរើសក្នុងចំណោមកូនសិស្សដែលហាត់រៀនព្យាណូ វីយូឡុង និងច្រៀងរហូតដល់ជាង១៨០នាក់។ លោកថាបេក្ខជនបេក្ខនារីជាក្មេងៗទាំង ២១រូបនោះ ទៅប្រកួតលើវិញ្ញសារច្រៀង លេងព្យាណូ និងលេងវីយូឡុង ដោយអ្នកដែលលោកកំណត់ឲ្យទៅប្រកួតនោះសុទ្ធតែបានហាត់រៀននៅក្នុងសាលាស្រណោះតន្ត្រីមិនក្រោម៤ឆ្នាំនោះទេ អ៊ីចឹងហើយទើបមិនខុសពីការទាយទុកគឺកូនសិស្សដែលលោកជ្រើសទៅទទួលបានមេដាយមាសចំនួន១៦នាក់ ដោយក្នុងនោះរួមមានកូនស្រីអ្នកនាងយុគ ចិន្តា និងកូនស្រីលោកហ៊ុន ម៉ាណែត ផងដែរ និងមេដាយប្រាក់ចំនួន៥។
នេះជាមោទនភាពមួយដែលពន្លកសិល្បករក្មេងៗរបស់កម្ពុជាបានបង្ហាញខ្លួនលើឆាកអន្តរជាតិ ហើយលទ្ធផលចុងក្រោយគឺឈ្នះមេដាយគ្រប់គ្នាក្រោយការបង្ហាញសមត្ថភាពឲ្យគណកម្មការផ្ដល់ពិន្ទុកាលពីថ្ងៃទី២៤ កក្កដា ត្រូវបញ្ចប់នៅសិង្ហបុរី៕
មតិយោបល់