យោងតាមបទសម្ភាសន៍រវាងកញ្ញា សុខ ចិន្តា ហៅ វ៉ានីឡា និងសារព័ត៌មានPost News កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ម្សិលមិញនេះ កញ្ញាទទួលស្គាល់ថាពិតជាបានដាក់ក្នុងបណ្ដឹងកំណត់ទារជំងឺចិត្តពីអតីតសង្សារក្នុងចំនួនទឹកប្រាក់កន្លះលានដុល្លារប្រាកដមែន។ យ៉ាងណាមិញ នាងថាហេតុផលដែលនាងដាក់ក្នុងបណ្ដឹងនោះ មិនមែនជាចេតនារបស់ខ្លួនទេ គឺដោយសារតែមានការបង្ខំប៉ុណ្ណោះ។
កញ្ញានិយាយថា ក្រោយការបញ្ចេញព័ត៌មានថានាងដាក់បណ្ដឹងទារថ្លៃជំងឺចិត្តកន្លះលានដុល្លារ មានការលើកឡើងជាច្រើនថានាងតស៊ូដាក់បណ្ដឹងព្រោះតែចង់បានលុយ។ គោលបំណងធំបំផុត នាងនៅតែអះអាងថាមិនចង់បានប្រាក់សូម្បីតែមួយសេនរៀលនោះទេពីអតីតសង្សារ ដោយនាងនៅតែប្រកាន់ជំហរមិនទទួលយកការចរចារ និងមិនទទួលសំណងក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់បណ្ដឹង។
នាងថាក្នុងពេលដាក់បណ្ដឹងនឹងមិនបានបំពេញត្រង់ចំណុចទារថ្លៃជំងឺចិត្តនោះទេ ដោយសារតែនាងអត់ចង់បានប្រាក់ ហើយចង់បានតែលទ្ធផលមួយគត់គឺស្នើឲ្យច្បាប់ចាប់អតីតសង្សារដាក់គុក។ នាងថាមមន្ត្រីតុលាការ និងអ្នកច្បាប់ដែលជួយអន្តរាគមន៍លើពាក្យបណ្ដឹងរបស់នាង គឺជាអ្នកតម្រូវឲ្យនាងត្រូវតែបំពេញនៅត្រង់ចំណុចទារទឹកប្រាក់ជំងឺចិត្ត ដោយអះអាងថាបើនាងមិនបំពេញត្រង់ចំណុចនោះទេ គឺបណ្ដឹងនឹងមិនអាចដំណើរការនិតិវិធី។ ដោយសារតែហេតុផលនោះហើយ ដែលនាងសម្រេចចិត្តបំពេញចំនួនទឹកប្រាក់នៅត្រង់ចំណុចជំងឺចិត្ត ដោយដាក់ថា៥០ម៉ឺនដុល្លារ ក្នុងពេលដែលនាងមិនចង់បំពេញនូវត្រង់ចំណុចនោះទាល់តែសោះ។
នាងនិយាយថា«ក្នុងពេលដាក់បណ្ដឹងខ្ញុំអត់ចង់បានលុយទេទើបអត់បំពេញកន្លែងហ្នឹង គឺចង់តែប្ដឹងឲ្យកាត់ទោសជនជាប់ចោទប៉ុណ្ណោះ ចឹងសូមកុំច្រឡំថាខ្ញុំខំប្ដឹងដោយសាររឿងលុយ!»។ នាងប្រកាសជំហរថាសុខចិត្តអត់បានលុយ ឲ្យតែបុរសដែលធ្លាប់ធ្វើឲ្យនាងឈឺចាប់ត្រូវបានកាត់ទោសជាប់ពន្ធនាគារ។ ប៉ុន្តែបើអាចឲ្យនាងទទួលបានទាំងយុត្តិធម៌ជុំវិញរឿងឃើញអតីតសង្សារត្រូវច្បាប់កាត់ទោសផង ហើយបានទឹកប្រាក់ជំងឺចិត្តផង គឺនាងរឹតតែសប្បាយចិត្ត ដោយសារតែក្រោយមានបណ្ដឹងនាងខាតបង់ច្រើន។
នាងថាការសម្រេចដាក់បណ្ដឹងដល់ចំនួនទឹកប្រាក់៥០ម៉ឺនដុល្លារ ក៏មិនមិនមែនជាចេតនារបស់នាងនោះដែរ ដ្បិតថានៅក្នុងពេលនោះភាគីខាងតុលាការ និងខាងមេធាវី ជាអ្នកតម្រូវឲ្យនាងដាក់ក្នុងចំនួនឲ្យច្រើនៗដើម្បីឲ្យខាងតុលាការងាយស្រួលសិក្សា។ នាងអត់រំពឹងថាចំនួនទឹកប្រាក់ដែលដាក់ក្នុងបណ្ដឹងអាចឲ្យនាងទទួលដូចការចង់បាននោះទេ ហើយក៏មិនខ្វល់នឹងរឿងទឹកប្រាក់នោះដែរ សំខាន់ឲ្យចុងបណ្ដឹងរបស់នាងត្រូវបានតុលាការកាត់ទោស។
នាងនិយាយថានាងមិនដែលបញ្ចេញតម្លៃជំងឺចិត្តក្នុងបណ្ដឹងគឺដោយសារតែនាងមិនចង់ឲ្យមានការវិភាគថានាងចង់បានលុយនោះហើយ អ៊ីចឹងហើយទើបនាងចេញមុខបកស្រាយថាលុយដែលបានដាក់ក្នុងបណ្ដឹងមិនមែនជាចេតនារបស់ខ្លួន។ នាងនិយាយថា«៥០ម៉ឺនហ្នឹងខ្ញុំចេះតែដាក់ៗ ដោយសារតែខាងតុលាការ និងមេធាវីប្រាប់ឲ្យដាក់ទេ គាត់ថាបើយើងដាក់តិចក៏វាមិនសម ហើយខ្ញុំនិយាយត្រង់ដ្បិតថាខ្ញុំខាតបង់ច្រើនតាំងពីមានបញ្ហាតែខ្ញុំអត់ចង់បានសំណងហ្នឹងទេ! ឲ្យតែម្នាក់ហ្នឹងជាប់គុកគឺខ្ញុំអស់ចិត្ត!»។
យ៉ាងណាមិញ នាងបានប្រកាសថាស្ថិតក្នុងដំណាក់កាលនេះ នាងមិនរារាំងចំពោះនិតិវិធីតុលាដោយសុំដកថ្លៃទារជំងឺចិត្តពីបណ្ដឹងនោះទេ តែនាងប្រកាសថាដរាបណាគូបដិបក្សមិនជាប់គុក គឺមិនអស់ចិត្ត។
គួរបញ្ជាក់ថាករណីរបស់កញ្ញាវ៉ានីឡា ត្រូវបានតុលាការបើកសវនាការកាលពីថ្ងៃទី២៤ កក្កដា តែបានប្រកាសលើកពេលកាត់ក្ដីទៅថ្ងៃទី១៥ សីហា វិញ ទើបគេមិនទាន់ដឹងថាឈ្មោះ គុយ សិទ្ធិស័ក្ដ ជាជនជាប់ចោទនឹងត្រូវកាត់ទោសបែបណា ហើយនាងដែលជាភាគី ដើមបណ្ដឹងទទួលបានសំណងប៉ុន្មានក្នុងចំនួនទឹកប្រាក់កន្លះលានដុល្លារដែលដាក់ក្នុងបណ្ដឹង៕
មតិយោបល់