យោងតាមការបញ្ជាក់កាលពីយប់ថ្ងៃទី២៥ ខែកក្កដា អ្នកនាង ឈិន សុធារី បានអះអាងថាអ្នកនាងនឹងដាក់បណ្ដឹងប្រពន្ធក្រៅច្បាប់របស់លោកសុវណ្ណ មករា ឈ្មោះ ចោម ច័ន្ទ ហៅរាជិនី ទៅកាន់តុលាការ ជាថ្នូរនឹងលោកសុវណ្ណ មករា មិនព្រមចូលខ្លួនផ្ដិតមេដៃលែងលះ និងប្រគល់ផ្ទះដែលនាងបានទិញក្នុងពេលរួមរស់ជាមួយ ដើម្បីឲ្យនាងមានសិទ្ធិចាត់ចែងលើផ្ទះនោះម្នាក់ឯង។
អ្នកនាង ឈិន សុធារី និយាយថាមកទល់ពេលនេះ លោក សុវណ្ណ មករា នៅតែរក្សាជំហរមិនព្រមលែងលះជាមួយខ្លួននោះឡើយ ក្នុងពេលដែលអ្នកនាងក៏អះអាងថាលោក សុវណ្ណ មករា ជំរុញឲ្យអ្នកនាងធ្វើអ្វីធ្វើទៅ គឺលោកមិនខ្វល់។ អ្នកនាងប្រកាសលែងលះឲ្យបានដាច់ខាត ដើម្បីបានសិទ្ធិគ្រប់គ្រងផ្ទះមួយកន្លែងក្នុងបុរីដែលនាងអះអាងថាយកលុយពីម្ដាយនៅអាមេរិកមកបង់ម្នាក់ឯងតាំងពីនៅជុំគ្នា និងដើម្បីទាមទារឲ្យលោក សុវណ្ណ មករា ផ្ដល់ប្រាក់ចិញ្ចឹមកូនក្រោយពេលចុះចេញ។ នេះជាមធ្យោបាយចុងក្រោយតែមួយគត់ ដែលនាងថានឹងអាចធ្វើឲ្យយល់ព្រមតាមសំណើររបស់នាង ដោយសារតែនាងបានពិភាក្សាជាមួយមេធាវី គឺនារីឈ្មោះ ចោម ច័ន្ទ ហៅរាជិនី ដែលនាងចោទប្រកាន់ថារួមរស់ជាមួយលោកសុវណ្ណ មករា រាល់ថ្ងៃ អាចដាក់បណ្ដឹងបានពីបទពាក់ព័ន្ធស្វាមីរបស់អ្នកនាងមិនទាន់លែងលះ។
អ្នកនាងថាមានតែដាក់បណ្ដឹងប្ដឹងស្រីស្នេហ៍របស់ស្វាមីទៅកាន់តុលាការប៉ុណ្ណោះ ទើបរំពឹងថាលោកសុវណ្ណ មករា ផ្ដិតមេដាយលែងឲ្យ ហើយឈានទៅយល់ព្រមប្រគល់ផ្ទះនៅក្នុងបុរីវិមានភ្នំពេញដែលនាងបង់រំលោះ ដើម្បីដោះស្រាយបញ្ហា។ អ្នកនាងក៏ប្រកាសដាក់បណ្ដឹងចំពោះស្វាមីលើករណីសុំលែងព្រមគ្នាផងដែរ បន្ទាប់ពីខាងមន្ត្រីឃុំសង្កាត់បានអះអាងថាបើទោះជានាង និងលោក សុវណ្ណ មករា អត់មានអេតាស៊ីវិលក្រោយពេលរៀបការ តែតុលាការទើបអាចមានសិទ្ធិបែងចែករឿងទ្រព្យសម្បត្តិ និងរឿងអាហារកិច្ចរបស់កូនទាំង២។
អ្នកនាងថាជំហានដំបូងអ្នកនាងត្រូវដាក់បណ្ដឹងទៅកាន់តុលាការពីរឿងសាហាយស្មន់គ្នាលើនារីជាស្រីស្នេហ៍របស់ លោកសុវណ្ណ មករា សិន ដើម្បីឲ្យនារីឈ្មោះចោមច័ន្ទ ហៅរាជិនី ជាតារាម៉ូដែល និងជាតារាសម្ដែង ដាក់សម្ពាធឲ្យលោកសុវណ្ណ មករា ត្រូវតែយល់ព្រមតាមលក្ខខណ្ឌរបស់នាង ប្រសិនបើលោកសុវណ្ណ មករា ចង់បន្តជីវិតរស់នៅជាមួយនាងនោះក្រោយពេលសុំបែកពីនាង។ចំណែកបណ្ដឹងសុំលែងស្វាមី ដើម្បីទាមទារអាហារកិច្ចចំពោះកូន គឺអ្នកនាងនឹងគិតតាមក្រោយ។
យ៉ាងណាមិញ អ្នកនាងថាមិនទាន់ច្បាស់ថានឹងសម្រេចយកបណ្ដឹងប្ដឹងឈ្មោះចោមច័ន្ទ ហៅរាជិនី ដែលអ្នកនាងចោទថាជាសាហាយស្មន់របស់ស្វាមី ទៅតុលាការថ្ងៃណាឡើយ ដោយគ្រាន់តែអះអាងថាឯកសារប្ដឹងលើករណីនោះត្រូវបានរៀបចំ និងមានការចាត់ចែងពីខាងមេធាវីរួចហើយ។ អ្នកនាងថាលោកសុវណ្ណ មករា ធ្វើឲ្យខ្លួនឈឺចាប់ច្រើនណាស់ ក្រោយពីលោកថាលែងតែអត់ព្រមផ្ដិតមេដៃ ហើយចេញមុខបណ្ដើរ និងរស់នៅជាមួយនារីឈ្មោះចោមច័ន្ទយ៉ាងពេញមុខឌឺដងនាងដែលនៅជាភរិយាស្របច្បាប់នៅឡើយ ហើយអត់ទទួលខុសត្រូវលើករណីកូនទាំងពីរ។
ចំពោះអ្វីដែលនាងលើកឡើងខាងលើ នៅមិនទាន់មានការបកស្រាយពីលោកសុវណ្ណ មករា និង នារីឈ្មោះចោមច័ន្ទ នៅឡើយទេ ក្នុងពេលដែលPost News រង់ចាំទទួលការបកស្រាយចំពោះអ្វីដែលចោទប្រកាន់នោះ៕
មតិយោបល់