(ភ្នំពេញ)៖ កញ្ញា សំណាង អេលីណា គឺជាកញ្ញាឯកចក្រវាឡ ឆ្នាំ២០១៩ ដែលធ្លាប់ទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិក្នុងកម្មវិធី «Miss Universe» ២០១៩។ យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតកម្មវិធីនេះ ស្រីស្អាត អេលីណា ហាក់មមាញឹកជាបន្តបន្ទាប់ និងចូលប្រឡូកកាន់តែជ្រៅជាមួយការងារសិល្បៈ ជាពិសេសផ្នែកសម្តែងតែម្តង។ ជាក់ស្តែង បន្ទាប់ពីបានតំណែងតួឯកក្នុងភាពយន្តដំបូង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ ហើយនោះ ស្រាប់តែថ្មីៗនេះ គេឃើញវត្តមានរបស់នាង សម្តែងយ៉ាងសមតែម្តង ក្នុង MV របស់ មាស សុខសោភា ។
មិនយូរប៉ុន្មានបន្ទាប់ពីថតភាពយន្តភាគចប់ គេស្រាប់តែឃើញតារាស្រីរូបនេះបង្ហាញមុខក្នុង MV ចម្រៀងថ្មីរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា ដែលបទនោះមានចំណងជើងថា «ចាញ់ត្រង់ស្រឡាញ់»។ ក្នុងបទចម្រៀងថ្មីនេះ តារាម៉ូដែលរូបនេះ សម្តែងប៉ះតួប្រុសជាតារាបង្ហាញម៉ូដកំពុងល្បីឈ្មោះ លោក យ៉ូអ៊ី។ ក្នុងសាច់រឿងនៃបទនេះ អេលីណា សម្តែងជាតួអង្គស្រីតំណាងឲ្យសត្វឆ្មា។
កញ្ញាឯកចក្រវាឡកម្ពុជា ២០១៩ ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីបទនេះបានចេញជាផ្លូវការនៅលើ Channel YouTube ផ្លូវការរបស់ផលិតកម្ម រាម។ MV ចម្រៀងនេះ ត្រូវគេដឹងថា ជា MVទី១ ដែលតារាស្រីរូបនេះសម្តែង ក្រោយពីនាងទទួលសម្តែងរឿងភាគលើកទី១ក្នុងជីវិត គឺ «ស្នាមស្នេហ៍សមុទ្ររាម វគ្គ២» ដែលបច្ចុប្បន្នរឿងនេះកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
មតិយោបល់