ក្នុងចំណោមតារាសិល្បៈ គេអាចនិយាយបានថាមិនទាន់មានតារាណាម្នាក់ដែលអាចដណ្ដើមបានតំណែងលេចធ្លោ ខាងផ្នែកច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតម្កុដបានប្លែកៗដូចតារាភេទទី៣ កញ្ញា រំដួលលិចទឹក នៅឡើយទេ។
ស្ទើរគ្រប់ការបង្ហាញខ្លួនរបស់នាងត្រូវបានគេឲ្យមេដាយថាប្លែក និងទាក់ភ្នែកមហាជននោះផង ក្នុងពេលដែលម្កុដដែលនាងច្នៃមកពាក់ គឺសុទ្ធតែច្នៃចេញពីផ្កាព្រៃ ផ្កាស្រុក ផ្កានាំចូលពីបរទេស ពីស្លឹកឆ្នោត ពីបន្លែ ពីផ្លែឈើ ពីក្រដាសប្រាក់ និងពីសំរាមជាដើម ដោយមិនមែនច្នៃពីវត្ថុធាតុដើមដែលមានតម្លៃនោះទេ ទើបធ្វើឲ្យតារាស្រីរូបនេះបន្តជាប់តំណែងជាតារាពូកែច្នៃម៉ូដម្កុដ និងសម្លៀកបានប្លែក។
យ៉ាងណាមិញម្កុដ និងសម្លៀកបំពាក់ទាំងនេះ មិនមានជាស្នាដៃច្នៃប្រឌិតរបស់នាងតែម្យ៉ាងនោះទេ គឺមានអ្នកច្នៃឲ្យនាងយ៉ាងពិសេសផ្សេងទៀតនៅជួយពីក្រោយ។
រំដួលលិចទឹក បានអះអាងថាហេតុផល ដែលនាងរមែងច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូដម្កុដឲ្យមានលក្ខណៈប្លែកៗ គឺដោយសារតែនាងចង់ឲ្យតម្លៃវត្ថុធាតុដើមដែលមិនត្រូវបានគេចាប់អារម្មណ៍ ដូចជាក្រដាសប្រាក់ បន្លែ និងផ្កា ជាដើម យកមកច្នៃជាខ្សែក និងម្កុដ ដើម្បីឲ្យមានការចាប់អារម្មណ៍។ នាងថារាល់ឈុតដែលកែច្នៃ និងម្កុដតែម្ដង គឺមិនមានតម្លៃរាប់រយដុល្លារ ឬខ្ទង់ពាន់ដុល្លារនោះទេ ដោយសារតែបានកែច្នៃសុទ្ធតែពីវត្ថុសាមញ្ញៗ តែបើនិយាយពីតម្លៃគឺច្រើនលើសលប់ក្រោយពីកែច្នៃហើយ។
ម្យ៉ាងមកពីនាងចង់បង្ហាញពីគំនិតច្នៃប្រឌិតក្នុងការតុបតែងកាយផង ទើបនាងតែងតែច្នៃនូវសម្លៀកបំពាក់ និងម្កុដប្លែកៗនៅគ្រប់កម្មវិធីដែលនាងបង្ហាញខ្លួន។ កាលពីមុនមានតារាសិល្បៈ និងមហាជនមួយចំនួនយល់ថានាងចូលចិត្តធ្វើខ្លួនប្លែក និងមានការសើចចំអកនោះផង ប៉ុន្តែពេលនេះនាងអះអាងថាមានមនុស្សច្រើនឡើងអោយតម្លៃថានាងគឺជាតារាដែលមានគំនិតសម្បូរបែបក្នុងការតែងខ្លួន។ ក្នុងនោះគំនិតដែលកែច្នៃសម្លៀកបំពាក់ និងម្កុដពីវត្ថុធាតុដើមក្នុងស្រុក និងរចនាបទជាសិល្បៈខ្មែរគឺជាអ្វីដែលមានតម្លៃបំផុត ដែលនាងប្រកាសថាធ្វើឲ្យនាងក្លាយជាតារាសិល្បៈមួយរូបដែលមានការទទួលស្គាល់។ នាងប្រកាន់ជំហរបង្ហាញខ្លួនជាមួយនឹងម្កុដប្លែក ដោយនាងយល់ថាអត្តសញ្ញាណជារំដួលលិចទឹករបស់ខ្លួនគឺការច្នៃម្កុដឲ្យមើលទៅឃើញប្លែកៗនោះឯង។
ចង់ដឹងថាគ្រប់ឈុតដែលបានបង្ហាញនៅក្នុងអត្ថបទនេះ មានចំណុចទាក់ទាញយ៉ាងណាសូមអញ្ជើញទស្សនា៖
មតិយោបល់