ក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី «Komsan TalkShow» តារាចម្រៀងលោក ម៉ៃ សុគន្ធបានសន្យារថា នឹងកាត់បន្ថយការទើស និងបង្កបញ្ហានៅលើហ្វេសប៊ុក ដើម្បីកុំឲ្យមានការរិះគន់ណាមួយនាំឲ្យលោកបន្តចុះខ្សោយប្រជាប្រិយភាព។
ប៉ុន្តែនៅថ្ងៃបន្ទាប់ គេនៅតែឃើញតារាប្រុសរូបនេះបន្តបញ្ចេញទស្សនៈពីនេះពីនោះ ពាក់ព័ន្ធនឹងការរិះគន់លោកពែកមី និងនាយព្រែក បណ្ដាលឲ្យមានអ្នកគាំទ្រការរិះគន់មួយចំនួនធំចេញមុខជេរប្រមាថដូចដើម។ បន្តបន្ទាប់មក វីដេអូវាយប្រហារពីទម្រង់ចម្លងបទចម្រៀងរបស់លោក និងជម្លោះដែលបានកើតឡើងរវាងលោក និងតារាចម្រៀងអ៊ីណូ ត្រូវបានគេផលិតឡើងជាបន្តបន្ទាប់ ដែលនាំឲ្យមានការវាយប្រហារដោយមិនសំចៃមាត់ចំពោះតារារូបនេះ។
យ៉ាងណាមិញ នៅយប់ថ្ងៃទី៣១ កក្កដា មុននេះ លោកបានប្រកាសជាសាធារណៈថា នឹងឈប់បញ្ចេញទស្សនៈទើសពីនេះទើសពីនោះ ដែលនាំឲ្យមានបញ្ហាកើតឡើងទៀតហើយ ដោយលោកបានហៅជំហរដែលលោកផ្លាស់ប្ដូរនេះថា មិនមែនដោយតែតស៊ូនឹងការរិះគន់លែងបាននោះទេ ប៉ុន្តែដោយសារតែការពន្យល់ និងឲ្យកម្លាំងចិត្តពីរៀមច្បងសិល្បៈ។
លោកម៉ៃ សុគន្ធ និយាយថា ចាប់ពីការប្រកាសរបស់លោកតទៅ ក្រុមអ្នកលេងហ្វេសប៊ុកនឹងលែងបានឃើញសំណេរ ឬការបញ្ចេញយោបល់ណាមួយដែលមានខ្លឹមសារទើស និងបង្កបញ្ហាជាមួយបុគ្គលណាមួយកើតឡើងទៀតហើយ ដើម្បីបំពេញតាមបំណងរបស់រៀមច្បងមួយចំនួនដែលចង់ឲ្យលោកឃ្លាតឆ្ងាយពីការរិះគន់ ដូចជាការពន្យល់ណែនាំរបស់អ្នកនាង ស៊ុន ណារីម៉ូនីកា ជាដើម។ លោកថាការបញ្ចេញយោបល់ទើសពីអ្នកនេះទើសពីអ្នកនោះកន្លងមក គឺដោយសារតែលោកចេះតែយល់ថាអ្វីដែលបានកើតឡើងចំពោះគេមិនស្មើភាពចំពោះខ្លួន និងបណ្ដាលមកពីលោកជាមនុស្សយល់ឃើញយ៉ាងម៉េច ហើយចង់និយាយអ៊ីចឹង ដោយមិនខ្វល់ថាអ្នកណាអន់ចិត្ត ឬសប្បាយចិត្ត ហើយបណ្ដាលមកពីការបញ្ចេញគំនិតទៅចេះតែមានអ្នកជេរដោយមិនសំចៃម៉ាត់ ទើបលោកចេះតែទប់ជម្លោះមិនបាន រហូតបង្កជាសង្គ្រាមពាក្យសម្ដីជាមួយនឹងក្រុមអ្នកប្រឆាំង។
លោកថាចាប់ពីពេលនេះតទៅលោកសម្រេចចិត្តបញ្ចប់ជំហរទាំងនោះហើយ ដើម្បីកុំឲ្យបន្តប្រឡូកប្រឡាក់នូវការរិះគន់ ដែលលោកយល់ថានឹងគ្មានលទ្ធផលនោះឡើយសម្រាប់រូបលោកដែលជាតារាសិល្បៈ។ យ៉ាងណាមិញ លោកមិនទាន់សម្រេចចិត្តឈប់ច្រៀងបទកូពីពីបរទេសនោះទេ ដោយលោកប្រកាសថាហេតុផលដែលលោកសន្យារមិនទាន់បានគឺដោយសារតែលោកគ្រាន់តែជាតារាចម្រៀងនៅក្នុងផលិតកម្មមួយ ដែលត្រូវច្រៀងតាមបទដែលខាងផលិតកម្មទម្លាក់ឲ្យ ហើយបើលោកមិនច្រៀងគឺពិតជាអត់បទចេញ។
លោកថាខ្លួនមិនទាន់មានលទ្ធភាពផលិតបទនិពន្ធមិនចម្លងដោយមិនពឹងលើផលិតកម្មនៅឡើយទេ ទើបលោកយល់ថាការប្រកាន់ជំហរមិនច្រៀងបទចម្លងគឺជារឿងពិបាកមួយ។ យ៉ាងណាមិញ លោកថាផលិតកម្មបានរៀបគម្រោងរួចហើយថានឹងទិញបទ Original Song ពីខាងក្រោយ ឲ្យលោក និងតារាចម្រៀងផ្សេងទៀតច្រៀង ដោយលោកប្រកាសថានឹងមានបទនិពន្ធថ្មីជារបស់ផ្ទាល់ខ្លួនក្នុងពេលឆាប់ៗ ដើម្បីកាត់បន្ថយបទកូពីដែលលោកធ្លាប់តែច្រៀង។
ការប្រកាសរបស់លោកម៉ៃ សុគន្ធ មិនទាន់ត្រូវបានមហាជនជឿជាក់១០០ភាគរយនោះទេ ប៉ុន្តែត្រូវបានអ្នកគាំទ្រភាគច្រើនកោតសរសើរ ក្នុងពេលដែលលោកត្រូវបានដាក់រហស្សនាមថាជាតារាពូកែទើស ដែលគួរតែមានឥរិយាបទផ្លាស់ប្ដូរដើម្បីប្រជាប្រិយភាព។ តារាសិល្បៈជាច្រើននិយាយថាបើលោកអាចធ្វើបានតាមអ្វីដែលបានប្រកាសឡើង នោះតម្លៃរបស់លោកដែលជាតារាសិល្បៈមួយរូបនឹងមានការទទួលស្គាល់ ហើយគេចផុតពីការរិះគន់ធ្ងន់ធ្ងរដូចដែលលោកធ្លាប់ទទួល តែបើលោកធ្វើមិនបាន គឺមិនខុសពីរងព្រនុងខ្លាំងឡើងពីមហាជនដែលតាមឃ្លាំមើលទៅនោះ។
លោក ម៉ៃ សុគន្ធ បានបង្ហាញជំហរដោយភាពជឿជាក់ថាខ្លួននឹងអាចធ្វើបាន ដោយលោកទទូចឲ្យមហាជនទុកពេលឲ្យលោកដើម្បីបង្ហាញពីការតាំងចិត្តនោះផង។ ចាំមើលៗតើការសន្យាររបស់លោកលើកនេះ នឹងក្លាយជាការពិតកម្រិតណា ក្នុងពេលដែលអ្នកគាំទ្របានសម្ដែងការអបអរ ប្រសិនបើលោកពិតជាអាចប្រកាន់ទម្លាប់ឈប់ទើសនូវអ្វីដែលលោកធ្លាប់បង្ហាញជាសាធារណៈបាន១០០ភាគរយប្រាកដមែន៕
មតិយោបល់