ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រួសារតារាកម្ពុជា ប្រកាសធ្វើពិធីបំពាក់មេដាយដល់តារាសិល្បៈជាង១០០នាក់

នៅថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ គ្រួសារតារាកម្ពុជា ដែលជាក្រុមសិល្ប:ធំមួយ នឹងធ្វើពិធីខួបប្រចាំឆ្នាំគម្រប់២ឆ្នាំនៃការបង្កើតក្រុមរបស់ខ្លួន ដោយក្នុងពិធីនោះក៏មានពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករសិល្បការិនី និងក្រុមផលិតករ ដែលមានស្នាដៃជួយដល់សង្គម តាមរយ:សកម្មភាពរបស់«គ្រួសារតារាកម្ពុជា»រហូតដល់ជាង១០០នាក់ ដែលជាពិធីបំពាក់មេដាយកិត្តិយសទ្រង់ទ្រាយធំមិនធ្លាប់មានសម្រាប់តារាសិល្ប:សិល្ប:នៅទូទាំងប្រទេសផងដែរ នៅភោជនីយដ្ឋានធឺរ៉េសធីខេ ម្ដុំអង់តែនទួលគោក។ ពិធីនេះ នឹងត្រូវអញ្ជើញជាគណអធិបតីដោយថ្នាក់ដឹកនាំប្រចាំក្រសួងវប្បធម៌ ក្រសួងព័ត៌មាន អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងផលិតករជើងចាស់ៗល្បីៗជាច្រើនផ្សេងទៀត ដែលគ្រោងនឹងមកបំពាក់មេដាយកិត្តិយសជូនដល់អ្នកសិល្ប:ដោយផ្ទាល់។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត ក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះការលះបង់ជួយកម្មវិធីសប្បុរសធម៌ទាំងប៉ុន្មានលើកដល់សង្គម តាមរយ:«គ្រួសារតារាកម្ពុជា» លោក និងក្រុមសមាជិកសកម្មបានសម្រេចរៀបចំពិធីបំពាក់មេដាយកិត្តិយសមួយឡើង ដោយនឹងមានតារាសិល្ប:ចាស់ថ្មី បូករួមទាំងកំពូលតារាចម្រៀងយុវវ័យល្បីៗផងយ៉ាងហោចជាង១០០រូប នឹងត្រូវអញ្ជើញឲ្យមកទទួលមេដាយកិត្តិយស។ លោកថាកម្មវិធីមួយនេះ ធ្វើឡើងដើម្បីលើកកិត្តិយសតារាសិល្ប:ដែលធ្លាប់បានស្ម័គ្រចិត្តជួយដល់សង្គមតាមរយ:«គ្រួសារតារាកម្ពុជា»ក្នុងរយ:ពេល២ឆ្នាំកន្លងមក អ៊ឺចឹងហើយទើបលោកប្រកាសឲ្យតារាសិល្ប:ដែលបានចូលរួមក្នុងសកម្មភាពរបស់ក្រុមនេះ តាំងពីដំណាក់កាលដំបូង ហើយមិនទទួលបានការស្នើឲ្យយកមេដាយកិត្តិយសព្រោះតែដាច់ទំនាក់ទំនង ទាក់ទងចុះឈ្មោះដើម្បីទទួលយកមេដាយកិត្តិយសពីថ្នាក់ដឹកនាំនៅក្នុងកម្មវិធី។ មេដាយដែលត្រូវទទួលបាន នឹងមានជាប្រភេទមេដាយសំរិទ្ធិ មេដាយប្រាក់ និងមេដាយមាស ដោយមេដាយប្រភេទនីមួយៗ ក៏មានកម្រិតទី១ និងទី២ អាស្រ័យទៅលើសកម្មភាពចូលរួមរបស់តារាទាំងនោះ និងអាស្រ័យលើប្រជាប្រិយភាពរបស់តារាសិល្ប:ផងដែរ។

លោកថានេះជាពិធីប្រគល់មេដាយកិត្តិយសជូនដល់តារាសិល្ប:ដែលមានស្នាដៃទ្រង់ទ្រាយធំមិនធ្លាប់មាន ខណ:ដែលក្រុមផលិតករ និងតារាល្បីៗលំដាប់ប្រទេស ក៏បានត្រៀមខ្លួនបំពាក់មេដាយដល់តារាសិល្ប:នៅក្នុងពិធីនោះផងដែរ។

លោក ផាត់ តារារដ្ឋ គោលបំណងនៃពិធីបំពាក់មេដាយនេះ គឺមានបំណងតែមួយគត់ គឺចង់បំផុសឲ្យតារាសិល្ប: ចូលរួមក្នុងកម្មវិធីសង្គមឲ្យបានច្រើន ជាពិសេសគឺកម្មវិធីច្រៀងរាំរៃអង្គាសស្ម័គ្រចិត្ត ដែលជាប្រយោជន៍ដល់សង្គម ដូចជាការប្រគំតន្ត្រីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយដល់កុមារកំព្រា និងជួយបំផុសការបរិច្ចាគឈាម ដែល«គ្រួសារតារាកម្ពុជា»ធ្លាប់បានធ្វើកន្លងមក។ អ្វីដែលកាន់តែអស្ចារ្យកម្មវិធីទាំងមូល ក៏នឹងមានវត្តមានតារាល្បីៗ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធធំៗចូលរួមផងដែរ។

មតិយោបល់