ព័ត៌មានជាតិ

រថយន្តកុងតឺន័រលឿនខ្លាំងពេកក្រឡាប់លាន់តែភីង ផ្ងារជើងច្រង៉ាងខ្ជាក់សាប៊ូម្សៅម៉ាកNETចេញមកក្រៅ អូសទៅបុកផ្ទះនិងហាងCOFFEE TODAY ខូចខាតយ៉ាងដំណំ!

ភ្នំពេញៈ រថយន្តកុងតឺន័រ ធន់ធំដឹកទំនិញលើសទម្ងន់​មួយគ្រឿង បើកបរក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងមិនព្រមបន្ថយល្បឿនបួងចង្កូតខ្លាំងពេក បណ្តាលឲ្យក្រឡាប់ផ្ងារជើង ខ្ជាក់សាប៊ូម្សៅម៉ាក NET មកលើចិញ្ចើមផ្លូវ ខូចខាតដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលបើកហាងយីហោ COFFEE TODAY តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧តាមបណ្តោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តកុងតឺន័រធន់ធំមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D- 5338 ដោយមានសណ្តោងទូកុងតឺន័រនៅខាងក្រោយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ ​4A-1893 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់កន្លែងកើតហេតុខាងលើ កែងនិងផ្លូវលេខ១៨២ ដែលជាចំណុចផ្លូវកោងខ្លាំង រថយន្តកុងតឺន័រខាងលើមិនព្រមបន្ថយល្បឿននោះទេ ធ្វើឲ្យរថយន្តគ្រលែងកន្ទុយក្រឡាប់ផ្ងារជើងម្ខាង ខ្ជាក់ម្សៅសាប៊ូម៉ាក NET មកលើចិញ្ចើមផ្លូវ រួចអូសរថយន្តជ្រុលទៅប៉ះផ្ទះប្រជាពលរដ្ឋនិងហាង COFFEE TODAY ដែលនៅក្បែរនោះបណ្តាឲ្យរងការខូចខាតបន្ថែមទៀត តែសំណាងល្អដែលមិនបង្កឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរ រឺក៏បាត់បង់ជីវិតអ្វីឡើយ។​

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តមកដោះស្រាយតាមនីតិវីធីផ្លូវច្បាប់ បន្តទៀត៕

https://youtu.be/qnIp9xbz0mg

មតិយោបល់