ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ៊ានខ្លាំង! ផលិតរឿងដំបូងសោះ ហ៊ានចំណាយដល់ក្បែរ១០ម៉ឺនដុល្លារ

ក្នុងពិធីក្រុងពាលីរឿង«ចង់ដឹងសាកមើល»កាលពីព្រឹកថ្ងៃទី១១ សីហា ផលិតកររឿងនេះបានបង្ហាញទំនុកចិត្តពីទំហំជោគជ័យយ៉ាងខ្លាំង បើទោះជាការផលិតភាពយន្តខ្នាតធំត្រូវបានផលិតករភាគច្រើនត្អូញត្អែរថាផលិតដាក់រោងកុនហើយ មិនសូវមានអ្នកទស្សនា។ អ្វីដែលគេចាប់អារម្មណ៍ គឺផលិតករដដែលនេះ បានទាំងប្រកាសថារឿងដែលគ្រោងផលិតនោះ ហ៊ានចាយដល់ជិត១០ម៉ឺនដុល្លារ ដែលជាទំហំមួយខ្ពស់ពិបាកស្រង់ដើមក្នុងពេលដាក់បញ្ចាំងនោះផង ក្នុងពេលដែលផលិតករភាគច្រើនដែលបោះទុនត្រឹមរង្វង់៥ទៅ៦ម៉ឺនដុល្លារថ្ងូរថាពេលបញ្ចាំងនៅពិបាកបានដើមដោយសារតែរឿងខ្មែរទោះល្អកម្រិតណា ក៏អ្នកមើលមិនសូវសម្រុក លើកលែងតែរឿងផ្ទុះភាគតិចមួយចំនួន។

លោក ងី ស៊ៀវប៉ាវ ហៅដេវីត ចាងហ្វាងផលិតកម្ម GM បានអះអាងថាផលិតកម្មរបស់លោកដ្បិតថាទើបតែបានបង្កើតឡើង និងទើបចេញផលិតភាពយន្តខ្នាតធំជាលើកដំបូងក៏ពិតមែន ប៉ុន្តែលោកជឿជាក់ថាភាពយន្តរឿង«ចង់ដឹងសាកមើល» នឹងមានអ្នកទស្សនារឿងធ្វើឲ្យភាពយន្តមួយនេះទទួលផលចំណេញ។

លោកថាមានហេតុផលជាច្រើនដោយសារតែភាពយន្តនេះចម្រុះដោយតារាល្បី ដោយក្នុងសាច់រឿងផ្ដោតលើក្បាច់គុនប្រដាល់បុរាណខ្មែរ ដែលលោកយល់ថាគឺជារសជាតិថ្មីនៅក្នុងវិស័យភាពយន្ត។ ភាពយន្តនេះក៏មានការសម្ដែងដោយកីឡាករល្បីៗ និងតារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ចូលរួមរំលេចឈុតឆាកវាយតប់ និងកំប្លុកកំប្លែងមិនចាញ់ភាពយន្តរឿងវាយតប់ និងកំប្លែងដែលធ្លាប់ជោគជ័យនោះឡើយ។

លោកថាមួយរឿងនេះ គ្រោងចំណាយដល់ជិត១០ម៉ឺនដុល្លារ ទើបលោកជឿជាក់យ៉ាងខ្លាំងថាស្នាដៃដំបូងនេះ នឹងមានគុណភាពគ្រប់គ្រាន់ជាពិសេសគឺការសម្ដែង និងការរំលេចប្លង់ទាំងស្រុងក្នុងរឿងតែម្ដង។ លោកគម្រោងថតរឿងនេះឲ្យចប់យ៉ាងហូរនៅចុងខែ៩ និងដាក់បញ្ចាំងនៅតាមរោងកុននៅអំឡុងខែ១០ ឬខែ១១ ដោយលោកបង្ហាញជំនឿចិត្តយ៉ាងខ្លាំងថាមួយរឿងនេះដ្បិតថាជាស្នាដៃសាកល្បងមែន ប៉ុន្តែពិតជាទាក់ទាញអ្នកទស្សនាឲ្យភាពយន្តរបស់លោកកើបលុយបាន។

លោកថាចំណងជើង«ចង់ដឹងសាកមើល» គឺជាការពញាក់អារម្មណ៍មួយ ហើយតារាសម្ដែងដែលលោកយកមករំលេចនៅក្នុងផ្ទៃរឿងក៏នឹងស៊ីទីផ្សារផងដែរ ទើបហ៊ានជឿជាក់ដល់ម្លឹង។

លោកដេវីត ប្រកាសថាតួអង្គសំខាន់ៗទាំងតារាកំប្លែង កីឡាប្រដាល់ និងតារាសម្ដែងមានសរុបរហូតដល់ជាង២០នាក់ ដោយមិនទាន់រាប់បញ្ចូលតារារាយរងឡើយ ដោយលោកប្រកាសថានេះជារឿងដែលច្របាច់បញ្ចូលគ្នារវាងកីឡា និងសិល្ប: ដើម្បីទាក់ទាញទាំងអ្នកចូលចិត្តកីឡាករប្រដាល់ឲ្យចូលមើលកុន និងទាក់ទាញទាំងអ្នកគាំទ្រស្រាប់របស់វិស័យភាពយន្តឲ្យចង់ទស្សនា។ នៅក្នុងរឿងនេះលោកថាមានការសម្ដែងដោយនាយចាបចៀន នាយក្រូច កញ្ញាដួង ម៉ានិច លោកលឹម រដ្ឋា កីឡាករឃីម ឌីម៉ា លោកម៉ាដូណា កញ្ញាឌី លីណា លោកត្រាយ៉ាកូ កញ្ញាអ៊ឹង និមល និងតារាប្រុសស្រីជាច្រើនរូបទៀត៕

មតិយោបល់