ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន សុធារី បើកហាងថ្មី ទាំងភ្លៀង

កាលពីល្ងាចថ្ងៃទី១១ សីហា អ្នកនាងឈិន សុធារី បានបើកសម្ពោធហាងផឹកស៊ី និងអាហារដ្ឋាន យ៉ាងហ៊ឹកហ៊ាក់នៅក្រោមដំណក់ទឹកភ្លៀងមួយមេធំ ដោយមានវត្តមានតារាល្បីៗ៩រូបចូលរួមអបអរ។ នេះជាមុខរបរដំបូងបំផុតក្រោយពីអ្នកនាងប្រកាសថាធ្លាក់ខ្លួនមេម៉ាយ ដែលត្រូវទទួលបន្ទុកចិញ្ចឹមកូនទាំង២ផង និងបង់រំលោះផ្ទះនៅបុរីវិមានភ្នំពេញ ក្រោយពីអស់បង្អែកពីស្វាមីផង។

អ្នកនាង ឈិន សុធារី បញ្ជាក់ថាគ្រាន់តែបានហាងមួយធ្វើជាដើមទុនរកស៊ី គឺអ្នកនាងអស់ប្រាក់កាសពីខ្លួនរលីង ដោយសារតែការកែកុន និងទិញដូរសម្ភារៈតុបតែងហាងដើម្បីឲ្យមានស្ដង់ដារអាចទទួលយកបាន គឺចំណាយអស់ច្រើនលើសពីគម្រោងចំណាយ។

អ្នកនាងថាជ្រុលជាបើកមុខរបរទៅហើយ គឺមិនអាចរាថយបានទេ គឺទោះជាអស់ប៉ុន្មានក៏ត្រូវតែតស៊ូដែរ។ យ៉ាងណាមិញ អ្នកនាងប្រកាសថាសុំមិននិយាយពីខ្ទង់ចំណាយនោះទេ ដោយគ្រាន់តែបានបង្ហើបថាគឺអស់ដល់ខ្ទង់ម៉ឺនដុល្លារ។

អ្នកនាងថាអាហារដ្ឋានរបស់អ្នកនាងពេលថ្ងៃត្រង់មានលក់អាហារកុម្ម៉ង់ និងពេលល្ងាចលក់ជាប្រភេទគ្រឿងក្លែម ដែលមិនខុសពីហាងរបស់អ្នកនាងសារ៉ាយ សក្ខណា។ អ្នកនាងសម្រេចមិនដាក់ឈ្មោះរបស់ខ្លួននោះទេ គឺសម្រេចដាក់ថាឈ្មោះហាងថា «ផ្ទះកូនភ្លោះ»វិញ បើទោះជាបានដឹងថាបើដាក់ឈ្មោះរបស់អ្នកនាងគឺនឹងទាក់ទាញជាង។ អ្នកនាងនិយាយថាហេតុផលដាក់ឈ្មោះកូនភ្លោះ គឺអ្នកនាងចង់ដាស់តឿនខ្លួនថាក្រោយមានជីវិតស្នេហាបាក់បែក គឺអ្នកនាងនៅសល់តែកូនទាំង២ ដែលតម្រូវឲ្យអ្នកនាងត្រូវតែតស៊ូដើម្បីកូន។

អ្នកនាងថាគ្មានថ្ងៃត្រូវគ្នារវាងអ្នកនាង និងលោកសុវណ្ណ មករា នោះទេ ដោយលោកក៏មិនដែលផ្ដល់ការផ្គត់ផ្គង់ឲ្យកូនក្រោយពេលចុះចេញផងដែរ ទើបអ្នកនាងត្រូវតែប្រឹងត្រដាបត្រដួសបើកហាង«ផ្ទះកូនភ្លោះ»ដោយសុខចិត្តទាំងលំបាកក្នុងការមើលខុសត្រូវកូនផង និងមើលខុសហាងព្រមគ្នា។

អ្នកនាងបញ្ជាក់ថាមុខជំនួញបើកហាងនេះអត់មានពិបាកទេ ដោយសារតែអ្នកនាងជួលផ្ទះគេនៅជិតផ្ទះដែរ ដែលអាចរត់ចុះរត់ឡើងក្នុងការមើលថែកូនដោយមិនលំបាក។ ម្យ៉ាងមកពីអ្នកនាងក៏មានបងប្អូន និងមេការជួយគ្រប់គ្រងហាងផង ទើបអ្នកនាងយល់ថាមិនចោទជាបញ្ហា។

គួរបញ្ជាក់ថាហាងរបស់អ្នកនាងឈិន សុធារី មានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវពីរង្វង់មូលទួលគោល ឡើងទៅទំនប់ត្រឡោកបែក ដោយមានទីតាំងស្ថិតនៅហួសក្រុមហ៊ុនមហាហង្ស និងហាងកែសម្រស់របស់អ្នកនាងសារ៉ាយ សក្ខណា។ អ្នកនាងរំពឹងយ៉ាងខ្លាំង ថានឹងមានការរីកចម្រើនសម្រាប់អាជីវកម្មនោះ បើទោះជាត្រូវពិបាកក្នុងការរ៉ាប់រងបន្តិច៕

មតិយោបល់