ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម ប្រកាសចែកសម្លៀកបំពាក់ថ្លៃៗ ចំនួន២០០កំប្លេ និងប្រកាសទទួលបង្រៀនមិនយកលុយ!

ក្នុងកិច្ចសម្ភាសន៍កាលពីយប់ថ្ងៃទី១៣ សីហា អ្នកនាងខាត់ សុឃីម បានអំពាវនាវឲ្យតារាចម្រៀងស្រីក្មេងៗ និងវ័យកណ្ដាលដែលខ្វះខាតសម្លៀកបំពាក់ឡើងឆាកទាក់ទងមកទទួលសម្លៀកបំពាក់ពីអ្នកនាង ដើម្បីទទួលយកសម្លៀកបំពាក់សរុបចំនួន២០០កំប្លេ ដែលអ្នកនាងប្រកាសថាសុទ្ធតែជាសម្លៀកបំពាក់ថ្លៃៗ និងល្អៗដែលអ្នកនាងសន្សំប្រាក់ទិញដោយលំបាក។ អ្នកនាងក៏ប្រកាសចែកជូនស្បែកជើងល្អៗ សម្ភារៈសម្រាប់តុបតែងខ្លួន និងប្រកាសទទួលបង្រៀនសិស្សដែលចង់រៀនជំនាញសិល្បៈគ្រប់ផ្នែកពីអ្នកនាងដោយមិនយកកម្រៃផងដែរ។

អ្នកនាងខាត់ សុឃីម និយាយថាអ្នកនាងបានត្រៀមរួចរាល់អស់ហើយក្នុងការចែកចាយសម្លៀកបំពាក់ចំនួនមិនក្រោម២០០កំប្លេ ដើម្បីផ្ដល់ជូនតារាសិល្បៈទាំងឡាយណាដែលចង់បានសម្លៀកបំពាក់សម្រាប់ឡើងឆាក បើទោះជាសម្លៀកបំពាក់ទាំងនោះគឺអ្នកនាងអាចប្រកាសដាក់លក់ក្នុងហាង ឬលក់ឡៃឡុងឲ្យហាងផ្សេងៗបានដោយមិនលំបាក។

សម្លៀកបំពាក់ទាំងនោះអ្នកនាងថាខ្លួននៅស្លៀកម្ដងម្កាល ហើយក៏មិនមែនជាសម្លៀកបំពាក់ដាច់រហែក ឬកញ្ចាស់នោះដែរ តែមកពីអ្នកនាងមានបំណងបរិច្ចាគតែម្ដង ដើម្បីឲ្យតារាមួយចំនួនដែលមិនសូវមានលុយមានកាក់អាចប្រើប្រាស់បាន។

អ្នកនាងទទូចឲ្យតារាដែលចង់បានអំណោយពីខ្លួនខលមកដោយផ្ទាល់តាមរយៈលេខ 012 222 221 ជាពិសេសតារាខ្សត់ខ្សោយនៅតាមខេត្ត និងតារាចម្រៀងតាមអាហ្វែតូចៗ ដោយអ្នកនាងប្រាប់ស្ថានភាពតារាបែបនេះ គឺអ្នកនាងរឹតតែពេញចិត្តផ្ដល់ឲ្យ។ អ្នកនាងនិយាយថាអត់មានប្រកាន់ថាទាល់តែតារាល្បីមធ្យម ឬតារាមានមុខស្រាប់ហើយទើបចែកនោះទេ គឺតារាអត់ល្បីទាល់តែសោះក៏ចែកចាយឲ្យដែរ សំខាន់ឲ្យតែតារាទាំងនោះគឺជាអ្នកសិល្បៈ។ អ្នកនាងទទូចឲ្យទាក់ទងអ្នកនាងដោយផ្ទាល់ ដោយក្នុងចំណោមតារាម្នាក់គឺនឹងផ្ដល់ឲ្យមួយកំប្លេ ឬ២កំប្លេ ឬអាចលើសនេះ ដើម្បីឲ្យតារាដែលបានមកជួបដោយផ្ទាល់ទទួលបានកាដូសមរម្យ។

អ្នកនាងក៏ប្រកាសបង្រៀនអ្នកសិល្បៈក្មេងៗជំនាន់ក្រោយ ដោយមិនយកប្រាក់កម្រៃផងដែរ សម្រាប់អ្នកចង់ចេះជំនាញច្រៀងបុរាណ កំប្លែង និងភ្លេងបុរាណ។ អ្នកនាងបញ្ជាក់ថាមនុស្សយើងស្លាប់ទៅមិនអាចទុកជំនាញដែលខ្លួនបានចេះឲ្យអ្នកជំនាន់ក្រោយកើតទេ ទើបអ្នកនាងសម្រេចថាត្រូវតែលះបង់ពេលវេលាណាមួយ ដើម្បីបង្រៀនសិស្សដោយការបង្រៀននោះគឺមិនយកលុយតែម្ដង ហើយមិនរើសអើងទៀត ឲ្យតែអ្នកទាំងនោះចង់ចេះចង់ដឹង។ យ៉ាងណាមិញ អ្នកនាងថាការទទួលសិស្សគឺមិនមែនមិនកំណត់នោះទេ ដោយសារតែអ្នកនាងក៏មិនមានពេលវេលាណាស់ណា និងមិនមែនបើកជាសាលាដូចគេ គឺទទួលតែចំនួនមួយកំណត់ប៉ុណ្ណោះ។ អ្នកនាងក៏នឹងជួយវែកផ្លូវដល់កូនសិស្សរបស់ខ្លួនផងដែរ បន្ទាប់ពីរៀនចេះជំនាញ ដើម្បីឲ្យអ្នកទាំងនោះអាចក្លាយជាតារាអាជីព ឬជាតារាដែលមានទីផ្សារនៅក្នុងពិភពសិល្បៈ៕

មតិយោបល់