ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ សិរីមន្ត ចូលហង្សមាសផ្លូវការ

នៅទីបំផុតដំណឹងដើរចេញរបស់លោក ខេមរៈ សិរីមន្ត ពីផលិតកម្មសាន់ដេ មានភាពប្រាកដហើយ បើទោះជាខាងសាន់ដេតែងប្រកែកថា លោកសិរីមន្ត នៅតែជាតារាចម្រៀងរបស់ខ្លួន។ អ្វីដែលប្រាកដទៀតនោះ គឺលោកក៏មិនមែនចាកចេញទៅបង្កើតផលិតកម្មផ្ទាល់ខ្លួនដែរ បន្ទាប់ពីបទចម្រៀងរបស់លោកត្រូវបានប្រកាសចេញលក់នៅក្នុងផលិតកម្មហង្សមាស។

មានការភ្ញាក់ផ្អើលមិនតិចឡើយ ក្រោយពីចម្រៀងមួយបទរបស់លោក ខេមរៈ សិរីមន្ត ក្រោមចំណងជើងថា”ស្ទឹងត្រែងបងអើយ”គឺជាបទចម្រៀងបើកឆាកនៅក្នុងផលិតកម្មហង្សមាស ដែលមានន័យថា លោកបានក្លាយជាតារាចម្រៀងផ្លូវការរបស់ហង្សមាស។ នៅក្នុងបទនេះ លោក និង ឱក សុគន្ធកញ្ញា ដែលត្រូវគេដឹងថាគឺជាអតីតដៃគូចាស់ បានសម្ដែងរួមគ្នានោះផង ដែលធ្វើអោយអ្នកណាក៏មានការភ្ញាក់ផ្អើល។

យ៉ាងណាក៏ដោយនៅមិនទាន់ដឹងថា តើលោក ខេមរៈ សិរីមន្ត កុងត្រានៅក្នុងផលិតកម្មហង្សមាស ប៉ុន្មានឆ្នាំនោះទេ ដោយគ្រាន់តែបានដឹងថាហង្សមាស នឹងគ្រោងបញ្ចេញបទចម្រៀងរបស់លោកច្រើនទៀតដើម្បីវាយលុកទីផ្សារ ក្រោយពីក្លាយជាតារាចម្រៀងពេញសិទ្ធិ។ វត្តមានរបស់លោកនៅហង្សមាស ពិតជាធ្វើអោយហង្សមាសមានការចាប់អារម្មណ៍ បើទោះជាលោក សិរីមន្ត នៅមិនទាន់ប្រាកដថា នឹងអាចឈរជើងនាំមុខគេដូចមុននៅក្នុងទ្រនំចុងក្រោយមួយនេះ ដូចលោកច្រៀងនៅផលិតកម្មមុនៗ ជាពិសេសគឺសាន់ដេ៕

មតិយោបល់