យោងតាមរបាយការណ៍ថ្មី បែកធ្លាយចេញពីគេហទំព័របារាំង Mac4Ever និងត្រូវបានគេហទំព័រ Forbes យកមកចុះផ្សាយថ្ងៃម្សិលមិញ បានឱ្យដឹងថា iPhone 8 ដែលពិភពលោកកំពុងទន្ទឹងរងចាំ នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី ១២ កញ្ញា ហើយក្រុមហ៊ុនពាក់ព័ន្ធក៏កំពុងកំណត់យកថ្ងៃនោះ ដើម្បីរៀបចំពិធីអបអរសាទរខួប ១០ ឆ្នាំនៃការបង្កើតទូរសព្ទដៃ iPhone ក្រុមហ៊ុន Apple ផងដែរ។
លោក Ewan Spence របស់បណ្តាញព័ត៌មានអនឡាញ Forbes បានរាយការណ៍បន្ថែមថា iPhone 8 នោះ នឹងចេញលក់លើទីផ្សារនៅថ្ងៃទី ២២ កញ្ញា គឺត្រូវជាថ្ងៃសុក្រ និង១០ ថ្ងៃក្រោយការប្រកាសចេញ ប៉ុន្តែអតិថិជនអាចកម្ម៉ង់ទិញទុកមុនបានចាប់ពីថ្ងៃទី ១៥ កញ្ញា។
ប្រសិនបើកាលបរិច្ឆេទនេះ ពិតប្រាកដមែន ការបើកឱ្យបញ្ជាទិញ iPhone 8 ជាមុន គឺឋិតនៅថ្ងៃជាមួយគ្នានឹងការចេញលក់ Galaxy Note 8 នៅលើទីផ្សារ ខណៈស្មាតហ្វូនអេក្រង់ធំទាំងពីរ គឺជាគូប្រជែងដ៏ខ្លាំងក្លានឹងគ្នា។
គួររំឭកថា យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក iPhone 8 នឹងបំពាក់អេក្រង់ OLED ទំហំ ៥.៨ អីុញ ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ ថតសម្គាល់ផ្ទៃមុខរហ័ស និងកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ដែលអាចផ្តិតយករូបភាពក្នុងមុំធំទូលាយ ហើយទំនងជាគាំទ្រមុខងារ AR ថ្មី។
ម្យ៉ាងទៀត វានឹងបង្ហាញវត្តមានដំណាលគ្នាជាមួយ iPhone 7s និង 7s Plus ដែលមានរចនាបទស្រដៀងទៅនឹង iPhone 7 និង 7 Plus ជំនាន់បច្ចុប្បន្ន ដោយគ្រាន់តែបង្កើនសមត្ថភាព Hardware ផ្នែកខាងក្នុង ដូចតាមទម្លាប់ក្រុមហ៊ុន Apple។ ក្រៅពីនេះ Apple Watch 3 ក៏អាចនឹងលេចមុខក្នុងព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះផងដែរ៕
ប្រភពព័ត៌មានៈ tomsguide
មតិយោបល់