ព័ត៌មានសិល្បៈ និងកម្សាន្ត

នាងលាភប្រកាសឡើងតុលាការ តាមបណ្ដឹងប្រពន្ធដើមនាយក្រឹម

ផ្ទុយពីការភ័យបារម្ភថានាងលាភនឹងអាចប្រឈមផ្លូវច្បាប់ក្រោយពី អ្នកស្រី វង់ ឡុងមុន្នី ជាភរិយាស្របច្បាប់របស់នាយក្រឹម សាមីខ្លួនរូបនេះបានអះអាងថានាងមិនភ័យចំពោះបណ្ដឹងនោះទេ ដោយនាងនឹងត្រៀមខ្លួនដោះស្រាយទៅតាមដំណាក់កាលប្រសិនបើភរិយាដើមនាយក្រឹមដាក់បណ្ដឹងនោះផង។ យ៉ាងណាមិញ នាងបដិសេធថាមិនចង់និយាយអ្វីច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់នោះទេ ដោយនាងនិយាយយ៉ាងខ្លីថាបើរឿងរ៉ាវឈានដល់ចំណុចណានាងតាមចំណុចនោះ។

ក្រោយការសារភាពរបស់នាយក្រឹម ថាលោកពិតជាមិនចង់បាត់បង់ភរិយាណាម្នាក់ អ្នកស្រី វង់ ឡុងមុន្នី ដែលបានប្រកាសក្ដែងៗថានឹងបន្តហែកហួររឿងរ៉ាវស្នេហារបស់នាងលាភ និងនាយក្រឹម នៅមិនទាន់បញ្ចេញប្រតិកម្មណាថ្មីនោះទេ។ ប៉ុន្តែអ្នកស្រីធ្លាប់បានប្រកាសថាខ្លួនពិតជាដាក់បណ្ដឹងពាក់ព័ន្ធនឹងច្បាប់ឯកពន្ធភាពពីការល្មើសរបស់នាងលាភ និងនាយក្រឹម បើទោះជាលទ្ធផលចុងក្រោយគឺនាយក្រឹមនឹងសម្រេចចិត្តលែងលះជាមួយអ្នកស្រីក៏ដោយ។ យ៉ាងណាក៏ដោយបើក្រឡេកទៅមើលនាយក្រឹម និងនាងលាភ គឺអត់ភ័យព្រមគ្នា ដោយអ្នកទាំង២ពេញចិត្តនឹងប្រឈមផ្លូវច្បាប់ពាក់ព័ន្ធនឹងបញ្ហានេះផង។ មិនខុសពីនាយក្រឹម នាងលាភ និយាយថានាងអត់មានបារម្ភជុំវិញរឿងរ៉ាវដែលភរិយាដើមរបស់នាយក្រឹមត្រៀមដាក់បណ្ដឹងនោះទេ ដោយនាងបញ្ជាក់ថាបើអ្នកស្រីពេញចិត្តចង់ធ្វើអ្វីក៏ធ្វើទៅ គឺនាងត្រៀមខ្លួនរួចហើយ។ គេមិនដឹងថាអ្វីដែលនាងបានប្រាប់បណ្ដាញសារព័ត៌មានតើជាការពន្យុះអោយអ្នកស្រី វង់ ឡុងមុន្នី អោយដាក់បណ្ដឹង ឬក៏គ្រាន់តែឆ្លើយចាក់បណ្ដោយក្នុងពេលដែលអ្នកនាងស្មុគចិត្តរឿងពរពោះកូនភ្លោះផង ហើយក៏ផ្ទុះរឿងត្រូវប្រពន្ធដើមស្វាមីត្រៀមដាក់បណ្ដឹងនោះទេ។

យ៉ាងណាមិញ គេចាត់ទុកថានាងជានារីរឹងមាំដោយសារតែមានរឿងរ៉ាវយ៉ាងក្ដៅគគុកឡើងផ្អើលស្រទាប់មហាជនហើយ តែនាងនៅតែមានជំហរមិនគេចវេះការពិត ដោយបានទាំងត្រៀមចិត្តប្រឈមមុខផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង។ នាងលាភបញ្ជាក់ថានាងអត់មានអ្វីត្រូវតតាំងជាមួយភរិយាដើមរបស់នាយក្រឹមនោះទេ ប៉ុន្តែនាងនឹងត្រៀមខ្លួនដោះស្រាយមិនថាត្រូវឡើងតុលាការបើភរិយាដើមរបស់នាយក្រឹមពិតជាដាក់បណ្ដឹងមែន។ មកទល់ពេលនេះនាយក្រឹមបានថ្លែងប្រាប់ថា អ្នកស្រី វង់ ឡុងមុន្នី មិនទាន់មានការដាក់បណ្ដឹងទៅកាន់តុលាការនៅឡើយទេ៕

មតិយោបល់