ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្កើតអាវុធនុយក្លេអ៊ែរទំនើបជាងមុន សម្រាប់បំពាក់លើមីស៊ីល ICBM ថ្មី

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ខ្លួនបានបង្កើតនូវអាវុធនុយក្លេអ៊ែរទំនើបជាងមុន ដែលមានអំណាចបំផ្លិចបំផ្លាញដ៏ធំធេង ហើយនឹងបំពាក់វានៅលើមីស៊ីលផ្លោងទ្វីបអន្តរទ្វីបថ្មី (ICBM) ដែលក្រុមអ្នកជំនាញជឿថា មានសមត្ថភាពអាចវាយប្រហារដល់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កាន់តែខ្លាំងឡើង បន្ទាប់ពីការសាកល្បងមីស៊ីល ICBM ចំនួនពីរលើកដោយក្រុងព្យុងយ៉ាង កាលពីខែកក្កដាកន្លងទៅ ដែលអាចហោះបានចម្ងាយប្រហែល ១០,០០០ គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងទុកថា មានសមត្ថភាពវាយប្រហារផ្នែកជាច្រើន នៃទឹកដីសហរដ្ឋអាមេរិក។

ស្ថិតនៅក្រោមមេដឹកនាំកូរ៉េខាងជើងជំនាន់ទី ៣ របស់រដ្ឋបាលលោក គីម ជុងអ៊ុន ក្រុងព្យុងយ៉ាងត្រូវបានគេមើលឃើញថា កំពុងព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរតូច និងសមត្ថភាពគ្រប់គ្រាន់ បំពាក់នៅលើមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចហោះបានចម្ងាយឆ្ងាយ។

សូមជំរាបថា កូរ៉េខាងជើងថ្មីៗនេះ បានទទួលជោគជ័យ នៅក្នុងការបង្កើតគ្រាប់បែកអ៊ីដ្រូសែន H-bomb កម្រិតខ្ពស់ មានទម្ងន់បំផ្ទុះចាប់ពីរាប់សិបគីឡូតោន ទៅរាប់រយគីឡូតោន ហើយវាជាអាវុធនុយក្លេអ៊ែរ ដែលមានសក្ដានុពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាបំផុត៕

មតិយោបល់