ខុសពីមហាជន និងតារាភាគច្រើន ដែលបានចាត់ទុកថាសួនផ្កាកណ្ដាលព្រៃនៅខេត្តកំពង់ស្ពឺ ដែលមើលឃើញទេសភាពភ្នំ និងពពកធ្លាក់ផងជាឋានសួគ៍ តារាសម្ដែងលោកភុល សុវណ្ណាដានីន បានចាត់ទុកថាទីនោះមិនមានអ្វីអស្ចារ្យ និងបានរិះគន់ទីតាំងនោះយ៉ាងចាស់ដៃ ដែលមិនខុសពីការបង្ហាញសារកុំឲ្យមានអ្នកជ្រួលជ្រើមទៅកម្សាន្តនៅសួននោះបន្តទៀត។ អមដោយការបង្ហោះរបស់លោក អ្នកដែលបានទៅដល់មួយចំនួនក៏បានបញ្ចេញទស្សនៈគាំទ្រផងដែរ បើទោះជាមានអ្នកខ្លះនិយាយថាមកពីលោកទៅចំរដូវផ្ការុះរោយមិនសូវស្អាតដូចដំបូង។
នៅលើហ្វេសប៊ុកផ្លូវការរបស់លោក ភុល សុណ្ណដានីន លោកបានសរសេរថា «លោកព្រះ អែងស្មានតែជិត ខំទៅ 😳 ឆ្ងាយហើយផ្លូវពិបាកទៀត ទៅដល់គ្មានអីអស្ចារ្យសោះ សំខាន់ចូលបង់លុយម្នាក់១$ទៀត អស់សាំង ខាតពេល»។ នេះជាសាររិះគន់សួនផ្កាល្បីឈ្មោះមួយនេះដំបូងគេ ដែលគេឃើញតារាសិល្បៈមានឈ្មោះបោះសំឡេងមួយរូបប្រកាសជាចំហរទៅកាន់មហាជន ក្នុងពេលដែលតារាភាគច្រើនបានដើរតួជាអ្នកផ្សព្វផ្សាយពីសួនផ្កានេះយ៉ាងផុសផុលនៅលើហ្វេសប៊ុក តាមរយៈបានទៅកម្សាន្តហើយថតជារូបសន្លឹកផង និងជាវីដេអូផង រហូតធ្វើឲ្យទីតាំងមួយនេះក្លាយជាទីតាំងដែលមានមនុស្សទៅកម្សាន្តមិនដាច់ជារៀងរាល់ថ្ងៃ ជាពិសេសអំឡុងថ្ងៃបុណ្យកន្លងទៅ។ ផ្អែកតាមខ្លឹមសាររបស់លោក និងអ្នកលេងហ្វេសប៊ុកឆ្លើយឆ្លងគ្នា គឺច្រកចូលទៅកាន់សួនផ្កាមួយនេះមានស្ថានភាពផ្លូវពិបាកធ្វើដំណើរ ហើយមុនពេលទៅដល់គឺត្រូវតម្រង់ជួររថយន្តច្រើនម៉ោងដើម្បីបានទៅដល់ថែមទៀត ដោយសារតែម្នាក់ៗសុទ្ធតែសម្រុកទៅចង់ឃើញទីនោះតាមការផ្សព្វផ្សាយរបស់អ្នកទៅដល់មុនៗ។ ក្នុងនោះអ្នកបានទៅដល់ក៏ធ្វើការរិះគន់ដល់ម្ចាស់ចម្ការផងដែរ ដែលបានកំណត់យកម្នាក់ ១ដុល្លារ ក្នុងការចូលទស្សនាមួយលើក ខណៈដែលសួនផ្កានេះត្រូវគេដឹងថាដុះឯងគ្មានអ្នកថែរក្សា ហើយដល់ពេលមានមនុស្សផ្អើលទៅច្រើនក៏មានអ្នកឈរយកលុយ។ នៅលើហ្វេសប៊ុករបស់អ្នកបានឆ្លើយឆ្លងជាមួយ លោក ភុល សុវណ្ណដានីន សុទ្ធតែបានសម្ដែងការសោកស្ដាយដែលក្នុងមួយឡានៗត្រូវចំណាយអស់ច្រើនដុល្លារ ជាថ្នូរនឹងការបានឃើញត្រឹមសួនផ្កាដុះចោលកណ្ដាលវាលមួយនេះ។ ម្នាក់ៗបានលើកឡើងថាទិដ្ឋភាពពិតរបស់សួនផ្កានេះមិនដូចអ្វីដែលបានបង្ហោះនោះទេបើទោះជាមិនមានផ្កាមួយចំនួនរុះរោយក៏ដោយ ប៉ុន្តែមកពីអ្នកថតជ្រើសតែកន្លែងមើលទៅទំនងយកមកបង្ហោះទើបម្នាក់ៗគិតថាជាឋានសួគ៌។
ជាមួយនឹងការបង្ហោះនេះ គឺមិនខុសពីធ្វើឲ្យសួនផ្កាល្បីឈ្មោះរបស់ខេត្តកំពង់ស្ពឺដែលទើបទាក់ទាញមហាជនបានមួយប្រាវនឹងបាត់បង់ប្រជាប្រិយភាពនោះទេ បន្ទាប់ពីសម្រស់របស់សួននេះក៏ត្រូវរុះរោយផ្កាមិនដូចមុនហើយ ថែមទាំងមានអ្នកឈរទារលុយក្នុងម្នាក់ ១ដុល្លារ ដែលតម្រូវឲ្យអ្នកទៅដល់សុទ្ធតែរអ៊ូរទាំថាជារឿងមិនសម ជាពិសេសសម្រាប់អ្នកមានគ្នាច្រើនៗក្នុងមួយឡានដែលបានទៅដល់ទីនោះ។ យ៉ាងណាមិញ អ្នកបានទៅដល់សួននេះក្នុងពេលសួនទាំងមូលចេញផ្កាស្រុះគ្នាមិនទាន់រុះរោយ ក៏បានលើកឡើងថាសួននេះស្រស់ស្អាតប្លែកភ្នែកគួរឲ្យចង់គយគន់នោះដែរ ប៉ុន្តែអាចបណ្ដាលមកពីអ្នកចង់ទៅឃើញសួននេះសុទ្ធតែតស៊ូហាលក្ដៅ ជិះផ្លូវឆ្ងាយទាំងលំបាក ហើយក៏ត្រូវគេឈរទារលុយមុននឹងឲ្យចូល ទើបធ្វើឲ្យមានការរិះគន់ផ្ទុះឡើង។ នេះហើយជាការធ្វេសប្រហែលដែលនាំឲ្យបាត់បង់ចំណូលអ្នកទេសចរណ៍មួយដ៏សំខាន់របស់អ្នកស្រុក ដោយសារតែគ្មានការរៀបចចំឲ្យបានត្រឹមត្រូវរបស់សំណាក់អាជ្ញាធរនៅក្នុងតំបន់នោះ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់