ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញៀវទេសចរប្រមាណ៤០០ទៅ៥០០នាក់ សម្រុកទៅកម្សាន្តតំបន់កោះរ៉ុង កើនឡើង២០ភាគរយ បើធៀបឆ្នាំមុន

ព្រះសីហនុៈ លោក សេង ហួរលាង ប្រធានក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរកោះរ៉ុង ដាយស៊ឺនធ័រ បានឲ្យដឹងថា ក្នុងដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្វើដំណើរលេងកម្សាន្តនៅតំបន់កោះរ៉ុង មានការកើនឡើងប្រមាណ២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាដើមឆ្នាំ២០១៥ ប៉ុន្តែនៅរដូវវស្សាភ្ញៀវទេសចរថយចុះ ព្រោះដោយសារជួបព្យុះភ្លៀង។ កោះរ៉ុងជាប្រជុំកោះដែលមាន៥ភូមិ ភូមិដែលមានសក្តានុពលលើវិស័យទេសចរណ៍សំខាន់ជាងគេ គឺភូមិកោះតូច ក្រៅពីភូមិកោះតូច មានភូមិសុខសាន្ត ភូមិព្រែកស្វាយ ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម។

លោកបានបន្តថា ក្រុមហ៊ុនរបស់លោកមានទូកទេសចរណ៍ប្រភេទទូកភ្លោះចំនួន០២គ្រឿង ទូកនីមួយៗអាចផ្ទុកភ្ញៀវទេសចរបាន១០០នាក់ ដោយក្នុងមួយថ្ងៃ យើងធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកោះរ៉ុងចំនួន៣ទៅ៤ជើង អាស្រ័យដោយភ្ញៀវសម្រុកមកច្រើន ឬតិច ដោយសារបច្ចុប្បន្ននេះ កំណើនភ្ញៀវទេសចរ ទៅលេងតាមបណ្តាកោះមានការកើនឡើង ជារៀងរាល់ឆ្នាំ គឺភ្ញៀវជាតិ និងអន្តរជាតិមានចំនួនស្មើគ្នា ព្រោះដោយសារភ្ញៀវជាតិ ពួកគាត់មើលឃើញពីសុវត្ថិភាពនៅតាមផ្លូវទឹកល្អ ពិសេសការទៅកម្សាន្តតាមកោះមានទេសភាពល្អស្រស់ត្រកាល។ ការធ្វើដំណើរតាមទូកភ្លោះប្រកបដោយគុណភាពប្រើរយៈពេលតែ៤៥នាទី ខុសផ្លែកពីទូកឈើ ប្រើរយៈពេលជិត៣ម៉ោង។ ក្រៅពីទូកភ្លោះ ក្រុមហ៊ុនមានអូប័រ និងទូកឈើធំចំនួន១០គ្រឿងបន្ថែមទៀត ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ទូកឈើនិមួយៗ អាចផ្ទុកភ្ញៀវទេសចរបានពី៦០ ទៅ៧០នាក់ ព្រមទាំងធ្វើការដឹកជញ្ជូនសម្ភារៈផ្សេងទៀតទៅកាន់ដីកោះ និងដឹកពីដីកោះមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព។

លោក សេង ហួរលាង បានបន្តថា តំបន់កោះរ៉ុងមានសក្តានុពលទេសចរណ៍មានដូចជា ឆ្នេរខ្សាច់សស្អាតពីធម្មជាតិ ខ្សល់អាកាសបរិសុទ្ធ ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ កម្សាន្តស្ទួចត្រី ព្រៃភ្នំប្រកបដោយធម្មជាតិស្រស់បំព្រង ពិសេសអាហារសមុទ្រស្រស់តែម្តង ដែលមានរស់ជាតិឆ្ងាញ់ពិសា យើងក៏បានបង្កើតខ្សែរ៉កពីដើមឈើមួយទៅដើមឈើមួយសម្រាប់ភ្ញៀវជិះលេងកម្សាន្តផងដែរ។ ភ្ញៀវទេសចរដែលបានទៅលេងកម្សាន្តនៅតំបន់កោះរ៉ុងម្តងហើយ ពួកគេនឹងនាំគ្នាមកលេងកម្សាន្តម្តងទៀតកាន់តែច្រើនឡើង ធ្វើឲ្យតំបន់មួយនេះជាចំណុចទាក់ទាញយ៉ាងសំខាន់ដល់ភ្ញៀវទេសចរ ម្យ៉ាងទៀតយើងមានកម្លាំងសន្តិសុខ ការពារសណ្តាប់ធ្នាប់សាធារណៈ២៤ម៉ោង ដើម្បីធានាការបាត់បង់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមភូមិនីមួយៗក្នុងសង្កាត់កោះរ៉ុង។

លោក សេង ហួរលាង បានបន្តថា តំបន់កោះរ៉ុងបានបង្កើតជាតំបន់ទេសចរណ៍ចាប់ពីឆ្នាំ២០០៩ ដែលមានភ្ញៀវទេសចរបរទេសទៅកម្សាន្តប្រមាណជាពី២០ ទៅ៣០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែមកដល់បច្ចុប្បន្នកំណើនភ្ញៀវទេសចរមានការកើនឡើងជារៀងរាល់ឆ្នាំ ធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ទាក់ទាញភ្ញៀវមួយយ៉ាងសំខាន់សម្រាប់ខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា នៅភួមិកោះតូច សង្កាត់កោះរុង មានបឹងកាឡូ និងផ្ទះសំណាក់ចំនួន៥៨ និងមានបន្ទប់ជាង ៤០០ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនៅរដូវបុណ្យទានមានភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តតំបន់កោះមានចំនួនច្រើន។ តំបន់កោះរ៉ុង មានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតែអាជ្ញាធរក្រុង ខេត្ត និងមន្ទីរពាក់ព័ន្ធនានា បានយកចិត្តទុកដាក់ជួយកែលម្អសោភណ្ឌភាព បរិស្ថាន អនាម័យ ជាតំបន់ទេសចរណ៍ប្រកបដោយសក្តានុពលសម្រាប់ខេត្តព្រះសីហនុ និងប្រែក្លាយប្រជាពលរដ្ឋពីការធ្វើនេសាទសមុទ្រមកបម្រើឲ្យវិស័យទេសចរណ៍វិញ និងជួយកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋតំបន់កោះបានថែមទៀតផង។

លោកប្រធានក្រុមហ៊ុនកោះរ៉ុង ដាយស៊ឺនធរ បានឲ្យដឹងបន្តថា ក្រុមហ៊ុនរបស់លោកមានគម្រោងបន្ថែមទូកភ្លោះបន្ថែមទៀត ដើម្បីបម្រើតម្រូវការភ្ញៀវទេសចរចេះតែមានការកើនឡើងជារៀងរាល់ឆ្នាំ ៕

photo_2016-06-02_09-35-33photo_2016-06-02_09-35-37photo_2016-06-02_09-35-39photo_2016-06-02_09-35-44photo_2016-06-02_09-35-49photo_2016-06-02_09-35-52photo_2016-06-02_09-35-54photo_2016-06-02_09-35-57photo_2016-06-02_09-36-02

មតិយោបល់