ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើម្បីលុយ! មាស សុវណ្ណរតនា ឈរបក់ដៃហៅម៉ូយ

ខុសពីជីវិតតារាសិល្បៈផ្សេងទៀតដែលខំបង្អួតអោយឃើញនូវភាពហ៊ឺហារ ស៊ីវិសល័យ និងជីវិតក្រៅឆាកកុំអោយអន់ជាងកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈ ពិធីការិនីប្រចាំនៅទូរទស្សន៍CNC នាងមាស សុវណ្ណរតនា បែរជាបង្ហាញជីវិតក្រៅឆាកយ៉ាងសាមញ្ញមិនខុសខ្វល់ថាខ្លួនគឺជាតារា ឬមិនតារាទៅវិញ។ ក្រៅពីបង្ហោះរូបភាពរត់តុ និងធ្វើម្ហូបដើម្បីរកលុយជាដើម នាងក៏ត្រូវគេឃើញឈរបក់ដៃហៅម៉ូយ ដោយមិនខ្វល់ពីមុខមាត់របស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍នោះដែរ។

មាស សុវណ្ណរតនា និយាយថា នាងមានទម្លាប់រៀបឫកតែលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែក្រោយបញ្ចប់ម៉ោងធ្វើការនាងមិនដែលគិតថាខ្លួនឯងជាតារា ឬជាពិធីការិនីនោះទេ ទើបនាងត្រូវតែប្រឹងរកលុយដូចជាការលក់ដូរគ្រឿងសមុទ្រ កាបូប និងគ្រឿងសម្អាងជាដើមយ៉ាងលំបាកនៅលើអនឡាញ និងយកទៅអោយភ្ញៀវជិតភ្ញៀវឆ្ងាយដោយមិនខ្វល់រឿងលំបាកជាដើម ខណៈដែលអោយតែចំថ្ងៃទំនេរក៏រត់ទៅជួយរត់តុក្នុងហាងរបស់ឪពុកម្ដាយនៅខេត្តកំពតជាដើម។ នាងថាគ្រួសាររបស់នាងមានភោជនីយដ្ឋានមួយឈ្មោះថា«កូនភ្លោះទឹកឈូ»នៅតំបន់ទឹកឈូខេត្តកំពតតែម្ដង ទើបនាងត្រូវប្រើពេលច្រើនអោយតែទំនេរទៅជួយការងារលក់ដូរមួយនោះ។ ជាក់ស្ដែងកាលពីអំឡុងបុណ្យភ្ជុំដែលមានអ្នកទេសចរណ៍ទៅកម្សន្តច្រើនគឺនាងមិនបានសម្រាកនោះទេ ដោយសារតែត្រូវទៅជួយបម្រើភ្ញៀវផង ទៅធ្វើម្ហូបផង និងជួយឈរបក់ដៃហៅម៉ូយផង ដើម្បីអោយហាងរបស់ខ្លួនមានអ្នកចូលច្រើន។ នាងថាពេលខ្លះគេនាំគ្នាសើចនាងដែលក្លាយជាពិធីការិនីមួយរូបទៅហើយ បែរជាទៅឈរហៅម៉ូយ និងស្ទុះស្ទាររត់តុជាដើម ដែលមិនខុសពីការទម្លាក់តម្លៃខ្លួនដែលគេឃើញតែឡូយឆាយនៅលើកញ្ចក់ទូរទស្សន៍។ យ៉ាងណាមិញ នាងអះអាងថារត់តុ និងឈរហៅម៉ូយពីមាត់ថ្នល់អោយចូលក្នុងហាងរបស់ខ្លួនក៏ជាមុខរបរនោះដែរ ទើបនាងមិនខ្វល់រឿងអ្នកណាសើចយំ សំខាន់គឺនាងបានលុយ និងមានម៉ូយច្រើនចូលហាងរបស់ខ្លួន។ ក្នុងនោះអ្នកគាំទ្រខ្លះដែលបានស្គាល់នាង និងឃើញនាងមានតែលើកទឹកចិត្តដោយសម្រុកចូលក្នុងហាងរបស់នាងឡើងពេញៗនៅអំឡុងថ្ងៃភ្ជុំនោះផង ដែលកាន់តែធ្វើអោយនាងមានសប្បាយចិត្ត និងគិតថាមុខរបររកលុយរបស់នាងនៅខាងក្រៅសិល្បៈ ដ្បិតថាមិនសមនឹងភាពឡូយឆាយដែលនាងបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ និងក្នុងកម្មវិធីតារាសិល្បៈកន្លងមកក៏ពិតមែន ប៉ុន្តែបើនិយាយពីចំណូលគឺក្រែលខ្លាំង។ នាងថាអាជីពពិធីការិនីគ្រាន់តែជាទ្រនំមួយដែលជួយអោយនាងមានមុខមានមាត់ និងមានការទទួលស្គាល់ពីសំណាក់មហាជនប៉ុណ្ណោះ ប៉ុន្តែសម្រាប់លុយកាក់គឺមិនស្មើនឹងរឿងដែលនាងឈរបក់ដៃហៅម៉ូយមុខអាហារដ្ឋានមួយលើកៗ និងមិនស្មើពេលនាងផ្សព្វផ្សាយលក់ដូរនៅតាមអនឡានម្ដងៗនោះទេ។ អ៊ីចឹងហើយទើបយល់ថា ទោះមានអ្នកសើចអ្នកយំចំពោះសកម្មភាពប្រចាំថ្ងៃរបស់នាងនៅខាងក្រៅសិល្បៈយ៉ាងណា ប៉ុន្តែអ្វីដែលនាងទទួលបានមកវិញគឺមានប្រាក់ចំណូលមិនធម្មតាបើធៀបនឹងពេលដែលនាងប្រឡូកតែការងារសិល្បៈមួយមុខគត់៕

មតិយោបល់