ព័ត៌មានជាតិ

ជនបង្ក​បុក​ក្មេង​ប្រុស​អាយុ​៩ឆ្នាំ​ស្លាប់​ត្រូវ​ព្រះ​រាជ​អាជ្ញា​រង​ សូ​ សុវិទ្យា​ ដោះលែង​ ,​ យុវជន​បុក​គេ​ស្លាប់​ដែរ​ត្រូវ​តុលាការ​ឃុំ​ខ្លួន​​

កណ្ដាលៈ មជ្ឈដ្ឋាន​មួយ​ចំនួន​ នៅ​តែ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​ ពាក់ព័ន្ធ​បទល្មើស​គ្រោះថ្នាក់​ចរាចរ​ណ៍។​ ពួកគេ​ ងឿងឆ្ងល់​ ថា​ ហេតុ​អ្វី​ ?​ ជនបង្ក​បើក​រថយន្ត​បុក​កង់​បណ្ដាលឲ្យ​ក្មេង​ប្រុស​អាយុ​៩ឆ្នាំ​ស្លាប់​និង​របួស​ក្មេង​ស្រី​អាយុ​១៣ឆ្នាំ​ ត្រូវ​លោក​ សូ​ សុវិទ្យា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដោះលែង​ តែ​បែរ​ជាយុវជន​ម្នាក់​បើក​រថយន្ត​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ទៅវិញ​ ។

ទោះបី​យ៉ាងណា​ អ្នក​ច្បាប់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះអាង​ថា​ បើ​ទោះ​ជា​ការ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដូចគ្នា​មែន​ តែ​អាច​ស្ថិត​ក្រោម​ស្ថានភាព​ខុសគ្នា​ ទើប​តុលាការ​ខេត្ត​កណ្ដាល​ សម្រេច​ខុសគ្នា​បែបនេះ​ ។

​លោក​ សូ​ សុវិទ្យា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ សម្រេច​ដោះលែង​បុរស​ចំណាស់​ម្នាក់​ដែល​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ក្មេង​ប្រុស​អាយុ​៩ឆ្នាំ​ម្នាក់​ស្លាប់​ និង​ ក្មេង​ស្រី​អាយុ​១៣ឆ្នាំ​រងរបួស​ស្រាលឲ្យមាន​សេរីភាព​ឡើងវិញ​ ។​ របាយការណ៍​ប៉ូលិស​ បង្ហាញ​ថា​ បុរស​ចំណាស់​រូប​នេះ​ ជាន់​ហ្គែរថយន្ត​ច្រឡំ​ថា​ជា​ហ្វ្រាំង​ ទើប​ជ្រុល​បុក​ជនរងគ្រោះ​ ។​

ប្រភព​ព័ត៌មាន​ បង្ហើប​ឲ្យដឹង​ថា​ ការ​សម្រេច​ដោះលែង​នេះ​ បន្ទាប់​ពី​គ្រួសារ​សព​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​ ។​ ប៉ុន្តែ​អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ សំណង​រដ្ឋប្បវេណី​ ពុំ​អាច​ធ្វើ​ឱ្យ​បណ្តឹង​អាជ្ញា​ រលត់​នោះទេ​ ។

មាត្រា​៨៥ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ចែង​ថា​«​ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​ មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​តម្រូវ​ឲ្យ​ស្លាប់​អ្នក​ដទៃ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១៥លាន​រៀល​»។

របាយការណ៍​នគរបាល​ស្រុក​កៀនស្វាយ​ បង្ហាញ​ថា​ កាលពី​ព្រឹក​ថ្ងៃទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩និង​២០​ មុខ​ផ្សារ​គគីរ​ ភូមិ​គគីរ​ ឃុំ​ដីឥដ្ឋ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​ដែល​បង្ក​ដោយ​ឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះ៣៧០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះ​២នាក់​ឈ្មោះ​ ហុក ឆាយហេង ភេទប្រុសអាយុ​៩ឆ្នាំ​ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ និង​ ឈ្មោះ​ ហុក ណាលីស ភេទ​ស្រី​ អាយុ​១៣ឆ្នាំ​ រងរបួស​ស្រាល​ ។

នគរបាល​បញ្ជាក់​ថា​ ជនបង្ក​បើក​រថយន្ត​ម៉ាក​ តូយ៉ូតា​ហាយឡែនឌើរ​ ពណ៌​ទឹក​មាស​ ប្រភេទទេសចរណ៍ ពាក់ស្លាក​លេខ​ ភ្នំពេញ2AC-0667 ទិសដៅពីភ្នំពេញទៅអ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុ​ បានឈប់អែបខាងស្តាំ​ឲ្យអ្នក​រួមដំណើរចុះទិញសម្ភារៈ ពេលកំពុងឈប់ភ្លេចដោះលេខ​ក៏​លែងជើង​ ជាន់​ហ្គែរ​ច្រឡំ​ថា​ជា​ហ្វ្រាំង​ ជ្រុល​បុក​ជនរងគ្រោះ​តែ​ម្តង​ ។​

នគរបាល​ សន្និដ្ឋាន​ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្ដាល​មក​ពី​ជនបង្ក​បើក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​។

ករណី​ផ្សេង​មួយ​ទៀត​ យុវជន​ម្នាក់​ដែល​បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ត្រូវ​បាន​លោក​ ងួន​ វុទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​​រសៀល​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ជនសង្ស័យ​ត្រូវ​បាន​លោក​ សំម​ ឫទ្ធី​វាសនា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពី​បទ​”​បើក​បរ​ធ្វេសប្រហែស​ ​ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​ មិន​គោរព​កាតព្វកិច្ច​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដ៍ទៃ​​”​តាម​មាត្រា​៨៥ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ។

គួរ​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​ កើត​ឡើង​នៅ​ចំណុចផ្លូវ​លេខ​​២១​ ក្នុង​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង​ ​ខេត្តកណ្តាល​ ​កាលពី​រសៀល​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៧​។

​មន្ត្រី​សមត្ថកិច្ច​បានឲ្យដឹងថា​មាន​រថយន្ត​ម៉ាក​ម៉​នី​ង ពណ៌​ក្រហម ពាក់​ស្លាកលេខ​ភ្នំពេញ​2AQ- 4579 អ្នកបើកបរ​រថយន្ត ឈ្មោះ​ប៊ិច ពិសី ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ​មុខរបរ​កសិករ​ ​មាន​ទី​លំនៅ​ភូមិ​ទេព​អក​ជូន​ឃុំ​កោះ​ខែល​ស្រុក​ស្អាង​ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ។​ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ បាន​រេ​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ​ 1GI-2149 បើកបរ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដែល​កំពុងធ្វើដំណើរ​ក្នុង​ទិ​ដៅ​ពី​ត្បូង​មក​ជើង បណ្តាលឲ្យដួល​ដាច់​ដៃ​-​ដាច់​ជើង​និង​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​។​ចំណែក​រថយន្ត​បាន​ជ្រុល​ទៅបុក​រថយន្ត​ដែល​ចត​ចោល​នៅមុខ​ផ្ទះ​បណ្តាលឲ្យខូចខាត​ចំនួន​២​គ្រឿង​ទៀត ៕

មតិយោបល់