កាលពីអំឡុងខែកញ្ញា ដល់ខែតុលាក្នុងឆ្នាំ២០១៥ មិនមានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងលោក ខេមរៈ សិរីមន្តបានចេញទៅសម្ដែងនៅទ្វីបអ៊ឺរ៉ុប ដោយលោកបានសម្ដែងនៅក្នុងប្រទេសបារាំង និងអាឡឺម៉ង់ ដោយបងប្រុសរបស់លោកបានទាំងបញ្ជាក់ថាការសម្ដែងនៅក្នុងពេលនោះមានការគាំទ្រយ៉ាងលើសលប់ និងមានការស្នើអោយលោកចេញទៅសម្ដែងនៅទីនោះលើកក្រោយនោះផង។ ប៉ុន្តែផ្ទុយពីការអះអាងថា ស្រ្តីម្នាក់រស់នៅប្រទេសបារាំង ដែលអះអាងថាមានបងប្រុស ជាអ្នកធានាតារាចម្រៀងតពីស្ពុនស័រធំនៅលើទឹកដីបារាំង បានអះអាងថាការសម្ដែងមួយប្រាវរបស់លោកខេមរៈ សិរីមន្ត នៅក្នុងពេលនោះ បង្កអោយមានការរិះគន់យ៉ាងខ្លាំង ដោយអ្នកស្រីបានប្រើពាក្យថា គ្រាន់តែឮឈ្មោះលោក ខេមរៈ សិរីមន្ត គឺបងប្អូនខ្មែរនៅទីនោះខ្លាចលែងចង់មើលនោះផង ខណៈដែលការបញ្ជាក់នេះ គឺ Postkomsan មានទាំងខ្សែអាត់សំឡេងជាភស្ដុតាងផង។
អ្នកស្រី ធីតា រស់នៅប្រទេសបារាំងជិតព្រំដែនប្រទេសអាឡឺម៉ង់បានអះអាងថា ក្នុងពេលលោកខេមរៈ សិរីមន្ត ទៅសម្ដែងនៅក្នុងប្រទេសបារាំងភាគច្រើនមានការខកចិត្តយ៉ាងខ្លាំងដោយសារតែលោកខ្វះការស្វាគមន៍ ដោយត្រូវបានអ្នកស្រីប្រើពាក្យថារឹក។ អ្នកស្រីថាស្ទើរគ្រប់ការសម្ដែងនៅក្នុងពេលនោះ ខាងអ្នកធានាលោកមានការខកចិត្ត ដោយសារតែលោកដល់ម៉ោងទើបឡើងច្រៀងហើយឡើងច្រៀងត្រឹមតែ៤-៥បទ ក៏ចាក់បទចម្រៀងអោយបងប្អូនខ្មែររាំលែង ហើយលោកទៅសម្ងំនៅខាងក្នុងបាត់ ដោយសូម្បីតែខាងអ្នកធានាស្នើអោយចេញមកថតរូប និងរាំលេងជាមួយបងប្អូនដែលទិញសំបុត្រទៅមើលក៏មិនមក។ អ្នកស្រីថានៅក្នុងពេលនោះ លោកខេមរៈ សិរីមន្ត បានតម្រូវអោយអ្នកធានាធានាយកឪពុកលោកទៅជាមួយ ដោយអ្នកស្រីថាឪពុករបស់លោកសិរីមន្ត រឹតខ្លាំងជាងកូនទៅទៀត ដោយបានដើរតួជាអ្នកឃាឃាំងមិនអោយលោកសិរីមន្តមកស្វាគមន៍បងប្អូនខ្មែរដែលចង់ចាប់ដៃជាមួយ និងចង់ថតរូបជាមួយ។
អ្នកស្រីថា ការសម្ដែងដែលធ្វើអោយមានការរិះគន់ខ្លាំងជាងគេ គឺការសម្ដែងរបស់លោកនៅប្រទេសអាឡឺម៉ង់ជាប់ព្រំដែនបារាំង ដោយសម្ងំនៅតែក្នុងបន្ទប់លុះដល់ម៉ោងច្រៀងបានចេញច្រៀង ហើយច្រៀងតែ៤-៥បទក៏ចូលសម្ងំបាត់ ធ្វើអោយបងប្អូនខ្មែរដែលខំចំណាយលុយទិញសំបុត្រ និងចង់ឃើញមុខលោកដោយផ្ទាល់ស្រងាកចិត្ត។ អ្នកស្រីថាធៀបនឹងវត្តមានរបស់តារាល្បីផ្សេងទៀតដូចជា រ៉ូលីន និងកញ្ញាមាស សុខសោភា ជាដើម ដែលអ្នកទាំងពីរក៏ចេញទៅច្រៀងនៅក្នុងប្រទេសបារាំងដែរ គឺខុសគ្នាឆ្ងាយណាស់ដោយសារតែ ពេលច្រៀងចប់អ្នកទាំងពីរផ្ដល់ពេលវេលាអោយបងប្អូនខ្មែរបានថតរូបជាមួយ និងចុះមករាក់ទាក់បងប្អូនខ្មែរជាដើម។ អ្នកស្រីថានៅក្នុងប្រទេសបារាំងអត់មានតម្រូវអោយតារាឡើងច្រៀងមកផឹកជល់កែវជាមួយភ្ញៀវដូចនៅអាមេរិក និងអូស្រ្តាលីនោះទេ ប៉ុន្តែគេមានម៉ោងថតរូបជាមួយតារា លើកលែងតែលោកខេមរៈ សិរីមន្ត ដែលបងប្អូនខ្មែរទៅទស្សនាអត់មានឱកាសបានថតរូបជាមួយ ហើយបើបានថតជាមួយក៏ទាល់តែទៅស្កាត់ឃាត់លោកពេលចុះពីឆាក និងបានចំនួនតិចនាក់បំផុត។
អ្នកស្រីថាក្រោយពេលបានជួបលោកខេមរៈ សិរីមន្ត មិនមែនតែអ្នកទិញសំបុត្រនោះទេ គឺសូម្បីតែអ្នកធានាក៏ឈឺក្បាលណាស់ដែរ ដោយសារតែលោកទាមទារតម្លៃខ្លួនក្នុងការសម្ដែងមួយលើកៗដល់ជិតមួយម៉ឺនដុល្លារ ប៉ុន្តែក្នុងពេលសម្ដែងគឺឡើងច្រៀងត្រឹមតែ៤-៥បទក៏ចាក់ភ្លេងចោល ហើយចូលទៅក្នុងបាត់ៗធ្វើអោយអ្នកទិញសំបុត្រខកចិត្ត។ អ្នកស្រីបានប្រើពាក្យថាសម្រាប់តារាល្បីនៅក្នុងប្រទេសកម្ពុជា បើតារាផ្សេងមិនអីទេ ប៉ុន្តែលោកខេមរៈ សិរីមន្ត បើទោះជាមានអ្នកហ៊ានចំណាយលុយធានាមក ក៏ខ្វះអ្នកមើលនោះដែរ ដោយសារតែលោកបន្សល់ឈ្មោះមិនល្អក្នុងចំណោមបងប្អូនខ្មែរដែលជាអ្នកចូលចិត្តសិល្បៈនៅលើទឹកដីបារាំង និងអាឡឺម៉ង់។
យ៉ាងណាមិញ ផ្អែកតាមការបញ្ជាក់របស់លោកខេមរៈ ភារុណ លោកធ្លាប់បញ្ជាក់ថាការសម្ដែងរបស់លោកខេមរៈ សិរីមន្ត ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានទាំងការស្នើអោយលោកទៅសម្ដែងនៅទ្វីបអឺរ៉ុបច្រើនដងទៀតផង តែលោកសិរីមន្ត មិនទទួល។ លោកថាការសម្ដែងរបស់ប្អូនប្រុសកាលពីឆ្នាំ២០១៥ គឺសម្ដែងពីថ្ងៃទី២៩ ខែកញ្ញា ដល់ ២៣ ខែតុលា នៅប្រទេសបារាំងច្រើនដង និងនៅប្រទេសអាឡឺម៉ង់មួយដង។ លោកបានទាំងអះអាងថាខាងស្ពុនស័រសុំអោយពន្យារពេលសម្ដែងនាពេលនោះផង ដែលការអះអាងថានេះគឺផ្ទុយពីការអះអាងថារបស់អ្នកស្រីធីតាដែលថាការសម្ដែងរបស់លោកនៅក្នុងពេលនោះគឺខាងអ្នកធានាតឹងទ្រូង ហើយបន់អោយតែផុតកុងត្រា ដោយសារពិបាកធ្វើជាមួយ៕
មតិយោបល់