ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បង្ហាញវត្តមាននៅជិតឆ្នេរសមុទ្ររបស់កូរ៉េខាងជើង

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបង្ហាញពីជម្រើសយោធា ដែលមិនអាចជៀសវាងបាន ដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយ ពីក្រុងព្យុងយ៉ាង ខណៈយន្តហោះបំផ្ទុះគ្រាប់បែកខ្លួន បានហោះមកជិតឆ្នេរ សមុទ្រខាងកើតរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៧។

មន្ទីរបញ្ចកោណ បានឲ្យដឹងថា ការហោះហើរនេះ បានដាច់ឆ្ងាយពីតំបន់ភាគខាងជើង ដែលគ្មានយោធារវាងប្រទេសកូរ៉េ ទាំងពីរ ហើយវាក៏ជាការហោះហើរ នៅក្នុងសតវត្សរ៍ទី២១ដែរ សម្រាប់យន្តហោះចម្បាំង ឬយន្តហោះទម្លាក់គ្រាប់បែក របស់អាមេរិក។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានលោក គឹម ជុងអ៊ីន ថា លោកនឹងវាយកម្ទេច កូរ៉េខាងជើងទាំងស្រុង ប្រសិនបើរបបមួយនេះ នៅបន្តការគំរាមកំហែងដល់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលមេដឹកនាំកំពូលកូរ៉េខាងជើង ក៏បានប្តេជ្ញាសងសឹកប្រឆាំងនឹងលោក ត្រាំ វិញផងដែរ ចំពោះរឿងគំរាមវាយកម្ទេចប្រទេសខ្លួននេះ។

សូមជំរាបថា បើទោះបីមានការដាក់ទណ្ឌកម្មពីអន្តរជាតិ និងការព្រមានធ្ងន់ៗរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា កូរ៉េខាងជើងនៅតែគឃ្លើន ធ្វើការសាកល្បងបាញ់អាវុធនុយក្លេអ៊ែរ និង​មីស៊ីលផ្លោងរបស់ខ្លួនជាបន្តបន្ទាប់ ដោយមិន​ខ្លាចញញើត​អ្វីទាំងអស់៕

មតិយោបល់