យោងតាមការប្រកាសក្នុងវេទិការសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ តុលា នៅភោជនីយដ្ឋានសាមបាទួលគោកមុននេះ ព្រឹត្តិការណ៍Cusplay ដែលត្រូវគេស្គាល់ថា ជាព្រឹត្តិការណ៍ផ្លាស់ប្ដូរទម្រង់វប្បធម៍ដ៍ធំរវាងកម្ពុជា និងជប៉ុន នឹងគ្រោងរំលេចសិល្បៈបុរាណខ្មែរ៣ទម្រង់សំខាន់ៗ បង្អួតអ្នកចូលរួម ពិសេសគឺភ្ញៀវជប៉ុន នៅថ្ងៃទី២៨ តុលា ខាងមុខ។ ព្រឹត្តិការណ៍នេះក៏បានប្រកាសថា នឹងអញ្ជើញចូលរួមដោយសិល្បការិនីល្បីឈ្មោះមួយរូបមកពីប្រទេសជប៉ុន ដើម្បីធ្វើអោយកក្រើកសម្រាប់កម្មវិធីទាំងមូលផងដែរ។
លោក Vuth Saranadanka តំណាងអ្នករៀបចំកម្មវិធីបានថ្លែងបញ្ជាក់ថា ទម្រង់សិល្បៈរបស់ខ្មែរចំនួន៣ធំៗរួមមាន ល្ខោនខោន ល្ខោនស្បែក និងការសម្ដែងល្បុក្កតោ ដែលជាក្បាច់គុនចំណាស់របស់ខ្មែរ នឹងត្រូវបានកំណត់អោយយកមកបង្ហាញនៅក្នុងវេទិកា «តោះ!ទៅ Cosplay» ឆ្នាំនេះ ដើម្បីអោយក្រសែភ្នែកជាតិ និងអន្តរជាតិ ជាពិសេសគឺភ្ញៀវជប៉ុន កាន់តែមានការទទួលស្គាល់ពីទម្រង់វប្បធម៌ដ៏ល្អឯករបស់ខ្មែរ។ កម្មវិធីនេះ ក៏មានការសម្ដែងសិល្បៈរបស់ជប៉ុនច្រើនទម្រង់ ក្នុងន័យផ្លាស់ប្ដូរវប្បធម៌រវាងជប៉ុន និងកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរផងដែរ។ កម្មវិធីនេះ គម្រោងធ្វើឡើងចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ និងបញ្ចប់នៅវេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាដល់ខ្ទង់ពាន់នាក់លើសពីឆ្នាំមុន។
លោក Kado Meth Kaden អ្នករៀបចំកម្មវិធីមួយរូបទៀត បញ្ជាក់ថា ៤ឆ្នាំកន្លេងទៅ កម្មវិធីមួយនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករតាមរយៈការលក់សំបុត្រ ទើបធ្វើអោយកម្មវិធីទទួលបានថវិកាមួយចំនួន យកទៅបែងចែកក្នុងសកម្មភាពសប្បុរសធម៌នាពេលកន្លងមក។ ដោយឡែកសម្រាប់ឆ្នាំនេះ កម្មវិធីរំពឹងថាតម្លៃសំបុត្រ៤ដុល្លារដែលបានប្រកាសលក់ នឹងមានអ្នកទិញចូលទស្សនារឹតតែច្រើន ដោយសារតែមានវត្តមាន ទម្រង់ល្ខោនខោល ល្ខោនស្បែក និងល្បុក្កតោ សម្ដែងព្រមគ្នា អមដោយការសម្ដែងរបស់សិល្បករជប៉ុន និងវត្តមានតារាល្បីល្បាញមួយរូបមកពីប្រទេសជប៉ុនសម្ដែងបង្ហាញ។ ព្រឹត្តិការណ៍ឆ្នាំនេះ កម្មវិធីនឹងយកថវិកាដែលទទួលបានពីការលក់សំបុត្រយកទៅទិញជាសម្ភាសន៍ ហើយចែកជូនដល់ក្មេងៗនៅក្នុងសហគមន៍សំរាមស្ទឹងមានជ័យ ទើបលោករំពឹងថាពិតជាការចូលរួមយ៉ាងពេញទំហឹងពីអ្នកគាំទ្រ។
លោក អ៊ុក រតនៈ វិសិដ្ឋ តំណាងអ្នករៀបចំកម្មវិធីមួយរូបទៀត ទទូចអោយមានលះបង់ទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍Cosplay លើកទី៥ នេះអោយបានកុះករ ដើម្បីអោយថ្ងៃទី២៨ តុលានេះ មានអ្នកទស្សនាពេញសាលធ្វើជាកម្លាំងចិត្តដល់សិល្បករបុរាណខ្មែរ និងជប៉ុន ក៏ដូចជាជួយជំរុញដល់គម្រោងសប្បុរសធម៌ជួយដល់ក្មេងៗនៅក្នុងតំបន់សំរាមស្ទឹងមានជ័យ៕
មតិយោបល់