ការប្រគំតន្ត្រីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅបរិវេណសកលវិទ្យាល័យន័រតុនចុងខែកញ្ញានេះ ត្រូវបានគ្រួសារតារាកម្ពុជារៀបចំជាពីរក្រុម ដោយមួយក្រុមច្រៀងរាំនៅថ្ងៃទី២៧ កញ្ញា និងក្រុមទៀត ដែលជាក្រុមធំច្រៀងរាំនៅថ្ងៃទី២៩ កញ្ញា ដើម្បីអោយការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបានច្រើនជាងឆ្នាំមុនដែលធ្វើការប្រគំតន្ត្រីតែមួយថ្ងៃ។
សម្រាប់ថ្ងៃទី២៧ កញ្ញា ដែលជាថ្ងៃបើកឆាកព្រឹត្តិការណ៍តាំងពិពរ័ណ៌ស្នាដៃរបស់និស្សិតន័រតុនដើម្បីគន្ធបុប្ផានោះ គេកត់សម្គាល់ឃើញតារាចម្រៀងល្បីឈ្មោះ២រូបគឺលោក នៅ ស៊ីនឿន និងកញ្ញា ផន ស្រីខួច មកពីផលិតកម្មហង្សមាស និងតារាល្បីឈ្មោះខ្ទរខ្ទារ២រូបទៀតគឺ តារាកំប្លែង និងជាតារាចម្រៀងសម្បូរភាពក្រមិចក្រមើម អ្នកនាងស៊ុន ណារីម៉ូនីកា និង លោក ឆឹម សក្កដា ដែលជាគូស្នេហ៍របស់អ្នកនាងពេជ្រ សោភា បង្ហាញខ្លួនច្រៀងរាំរួមជាមួយនឹងតារាឡើងកូដក្មេងៗមួយចំនួនទៀតនៅក្នុងពិភពសិល្បៈ។
តារាទាំំង៤រូប នឹងមានបទចម្រៀងច្រើនបទបង្អួតត្រចៀកនិស្សិតរាប់ពាន់នាក់នៅថ្ងៃនោះ ខណៈដែលតារាចម្រៀងឡើងកូដគួរសមគឺកញ្ញា នីនិច្ច និងតារាចម្រៀង Original Song ជាច្រើនរូបទៀត ក៏នឹងរួមគ្នាអង្រួនព្រឹត្តិការណ៍ថ្ងៃទី២៧ កញ្ញានោះ មុនព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៩ កញ្ញានោះផងដែរ។
កញ្ញា ផន ស្រីខួច បានអះអាងថាជាលើកទី១ ដែលកញ្ញាបានទៅច្រៀងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅបរិវេណសាកលវិទ្យាល័យន័រតុន ដែលជាការរៀបលើកទី២របស់និស្សិតពេទ្យសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា។ ប៉ុន្តែសម្រាប់វត្តមានច្រៀងរាំបែបសប្បុរសធម៌ កញ្ញាបានធ្វើច្រើនលើកហើយជាមួយក្រុមគ្រួសារតារាកម្ពុជា និងជាមួយក្រុមផ្សេង។ កញ្ញានិយាយថាកញ្ញាពេញចិត្តសម្រាប់កម្មវិធីជួយសង្គម ហើយសម្រាប់ការចូលរួមក្នុងកម្មវិធីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា គឺហត់យ៉ាងណា រវល់យ៉ាងណា ក៏កញ្ញាទទួលជួយដែរ អោយតែជាកម្មវិធីដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផាពិតប្រាកដ។
លោកនៅ ស៊ីនឿន ដែលបានបង្ហាញខ្លួនជាមួយគ្រួសារតារាកម្ពុជាចំនួន២លើក បានអះអាងថាលោកនឹងមានបទចម្រៀងជាច្រើនបទទៅបង្ហាញ នៅថ្ងៃទី២៧ កញ្ញានោះ ដោយលោករំពឹងថាវត្តមានរបស់លោកក៏នឹងជួយអោយការរៃអង្គាសថវិកាក្នុងថ្ងៃបើកឆាករបស់សាកលវិទ្យាល័យន័រតុនទទួលបានការប្រាក់ចំណូលច្រើនផងដែរ ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាសប្បាយចិត្តណាស់ដែលការប្រគំតន្ត្រីបែបសប្បុរសធម៌មួយនេះ ផ្ដល់កិត្តិយសអោយលោកចូលរួម ក្នុងពេលដែលលោកយល់ថាការច្រៀងរាំជួយដល់សង្គម គឺទោះមិនបានកម្រៃខ្លួនជាថ្នូរត្រឡប់មកវិញ ប៉ុន្តែក៏ទុកជាគំរូល្អមួយក្នុងនាមជាតារាម្នាក់។
លោក ឆឹម សក្កដា បានអះអាងថាបើទោះជាលោកមិនមែនជាតារាចម្រៀង ប៉ុន្តែតាមរយៈវត្តមានរបស់លោកនៅក្នុងថ្ងៃទី២៧ កញ្ញា នោះ លោកនឹងយកបទ Original Song យ៉ាងតិច៤បទទៅបង្អួតត្រចៀកនិស្សិត ក្នុងពេលដែលបទមួយចំនួនគឺមានអ្នកស្គាល់ខ្លួនរួចបាត់ទៅហើយ។ លោកថានេះជាលើកទី២ដែលលោកបានបង្ហាញខ្លួនក្នុងកម្មវិធីរបស់សាកលវិទ្យាល័យន័រតុន ហើយលោកក៏រំពឹងយ៉ាងខ្លាំងថាការប្រគំតន្ត្រីនាថ្ងៃនោះ នឹងមានអ្នកចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបានច្រើន ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។
មិនខុសគ្នាដែរ រៀមច្បងសិល្បៈដែលពោរពេញដោយទេពកោសល្យ គឺអ្នកនាងស៊ុនណារី ម៉ូនីកា បានអះអាងថា អ្នកនាងនឹងមានបទចម្រៀងច្រើនបទ អមដោយភាពកំប្លុកកំប្លែងធ្វើអោយប្អូនៗនិស្សិតដែលចូលរួមសប្បាយ សម្រាប់វត្តមាននៅថ្ងៃទី ២៧ កញ្ញា នៅក្នុងបរិវេណសាកលវិទ្យាល័យនោះ។
អ្នកនាងនិយាយថាសប្បាយចិត្តដែលបានរួមចំណែកជួយដល់សង្គម ហើយនៅថ្ងៃទី២៩ កញ្ញា ដែលជាថ្ងៃប្រគំតន្ត្រីទ្រង់ទ្រាយធំដើម្បីគន្ធបុប្ផាក៏អ្នកនាងចូលរួមផងដែរ ក្នុងនាមជាអ្នកកាន់ហិបរៃអង្គាសថវិកាដោយផ្ទាល់។
ក្រៅពីវត្តមានរបស់តារាល្បីឈ្មោះទាំង៤ តារាវ័យក្មេងជាច្រើនក៏នឹងបង្ហាញខ្លួននៅក្នុងវេទិកានោះដែរ ជាពិសេសគឺម្ចាស់បទ Original Song ដែលទើបលាស់ពន្លកមកពីផលិតកម្មផ្សេង ដែលកំពុងទទួលបានការគាំទ្រគួរអោយកត់សម្គាល់នៅក្នុងវិថីសិល្បៈ។
ក្នុងនោះតារាចម្រៀងមកពីផលិតកម្មសាស្រ្តា និងអតីតបេក្ខនារីរបស់កម្មវិធី Cambodia Idol ដែលបានវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងអាជីពក៏នឹងបង្ហាញខ្លួននៅថ្ងៃទី២៧ កញ្ញានោះដូចគ្នា។
គួរបញ្ជាក់ថាការប្រគំតន្ត្រីដើម្បីមន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានរៀបចំធ្វើអោយរបស់សាកលវិទ្យាល័យន័រតុន ក្រោមការផ្ដើមគំនិតរបស់និស្សិតពេទ្យន័រតុន និងគ្រួសារតារាកម្ពុជា ដោយថវិកាដែលទទួលបានពីការបរិច្ចាគរបស់អ្នកទស្សនា និងការតាំងស្ដង់របស់និស្សិត នឹងប្រគល់ជួនមន្ទីរពេទ្យគន្ធបុប្ផាមួយរយភាគរយ ដោយមិនមានការទូទាត់ជាមួយការចំណាយដែលមាននៅក្នុងកម្មវិធីនោះឡើយ។
កាលពីឆ្នាំកម្មវិធីនេះទទួលបានថវិកាប្រមាណជាង៤ពាន់ដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផា៖
មតិយោបល់