នៅថ្ងៃ២៩ កញ្ញានេះ គ្រួសារតារាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កម្រាលព្រំទ្រង់ទ្រាយធំរបស់ខ្លួនជាលើកទី៣ ដោយការរៀបចំលើកនេះក្រោមការចាប់ដៃជាមួយសាកលវិទ្យាល័យន័រតុន នៅបរិវេណសាកលវិទ្យាល័យន័រតុនស្ថិតនៅជ្រោយចង្វារតែម្ដង ដោយការប្រគំតន្ត្រីក៏មានការផ្សាយផ្ទាល់លើផេកសារព័ត៌មាន Post News Media និង Post Komsan ផងដែរ ដោយវេទិកាទាំងមូលក៏ត្រូវរៀបចំជាពីសវែងអោយតារាតារាសិល្បៈ ដើម្បីងាយស្រួលក្នុងការកាន់ដៃ និងថតសែលហ្វីជាមួយហ្វេនៗក្នុងពេលច្រៀងរាំ។
តារាល្បីៗរហូតដល់ជិត៨០នាក់នឹងបង្ហាញខ្លួននៅលើកម្រាលព្រំដ៏អស្ចារ្យនេះ ខណៈដែលតារាចម្រៀងល្បីឈ្មោះ៦ដួង ត្រូវបានគេកត់សម្គាល់ថាគឺថ្មីសន្លាងតែម្ដង សម្រាប់ព្រឹត្តិការណ៍៍កម្រាលព្រំដើម្បីមន្ទីរពេទ្យគន្ធបុប្ផាមួយនេះ។
ឆន សុវណ្ណរាជ៖ គឺជាលើកទី១ដែលលោកបានបង្ហាញខ្លួនជាមួយគ្រួសារតារាកម្ពុជា ដោយការលះបង់ពេលវេលាដ៏មានតម្លៃរបស់លោកនៅថ្ងៃទី២៩ កញ្ញានេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែលោកគឺជាតារាល្បី ហើយក៏មានការមមាញឹកជាមួយនឹងកម្មវិធី Cambodian Idol រដូវកាលទី៣ផងដែរ ប៉ុន្តែលោកនៅតែបង្ហាញឆន្ទៈស្ម័គ្រចិត្តជួយច្រៀងក្នុងកម្មវិធីទាំងមូល ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកគ្រោងច្រៀង៤បទនៅលើកម្រាលព្រំនាថ្ងៃនោះ ដោយវត្តមានរបស់លោកមានការរំពឹងថាខ្ពស់ផងដែរថា នឹងធ្វើអោយព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌របស់សាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា ទាក់ទាញអ្នកទស្សនាបានកាន់តែច្រើន ជាពិសេសគឺហ្វេនគាំទ្ររបស់លោក។ លោករំពឹងយ៉ាងខ្លាំងថាការចូលរួមមិនគិតកម្រៃរបស់លោក នឹងជួយបំផុសអោយមានការយកចិត្តទុកដាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខ្លាំងឡើង នៅក្នុងកាលៈទេសៈដែលមន្ទីរពេទ្យមួយនេះ គឺជាក្ដីសង្ឃឹមរបស់កុមារកម្ពុជា។
យូរី៖ ក្នុងចំណោមតារាល្បីៗដែលបានបង្ហាញខ្លួនតាមរយៈគ្រួសារតារាកម្ពុជា តារាចម្រៀងរូបនេះក៏ទើបនឹងបានចូលរួមជាលើកទី១ផងដែរ ដោយសារតែការរៀបចំមុនៗត្រូវចំតែនាងមមាញឹកមិនអាចដកឃ្លាជួយបាន។ កញ្ញាប្រកាសឡើងច្រៀងចំនួន៣បទជាមួយដៃគូគឺលោក Bmo នៅថ្ងៃទី២៩ កញ្ញានោះ ដោយកញ្ញារំពឹងថាអ្នកគាំទ្ររបស់កញ្ញានឹងចូលរួមច្រើន ដើម្បីលើកកម្ពស់ដល់កម្មវិធីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ កញ្ញាទទូចអោយមានការចូលរួមក្នុងកម្មវិធីមួយនេះ ដើម្បីអោយក្រុមនិស្សិតសាកលវិទ្យាល័យន័រតុនទទួលបានប្រាក់ចំណេញពីការលក់ដូរក្នុងស្ដង់ និងការបរិច្ចាគតាមហិបមូលនិធិអោយបានច្រើន ដើម្បីប្រមូលលុយជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
Step ៖ តារាចម្រៀងវ័យក្មេងល្បីឈ្មោះរបស់ហង្សមាសរូបនេះ ក៏ទើបតែមានវត្តមាននៅលើព្រឹត្តិការណ៍កម្រាលព្រំរបស់គ្រួសារតារាកម្ពុជាផងដែរ ចាប់តាំងពីគ្រួសារតារាកម្ពុជាបង្កើតព្រឹត្តិការណ៍កម្រាលព្រំធំៗ។ លោកនឹងច្រៀងចាប់ដៃជាមួយអ្នកនាងពេជ្រ សោភា នៅថ្ងៃទី២៩ កញ្ញានោះ ដោយតាមគម្រោងលោកនឹងច្រៀង៣បទអមជាមួយអ្នកនាង ពេជ្រ សោភា ដែលមានចម្រៀង៤បទម្នាក់ឯងនៅលើវេទិកា។ វត្តមានរបស់លោកStep ក៏ពិតជាធ្វើកក្រើកព្រឹត្តិការណ៍សម្រាលព្រំដែលបាននឹងធ្វើឡើងនៅសាកលវិទ្យាល័យន័រតុននោះដែរ ដោយសារតែលោកគឺជាតារាចម្រៀងឡើងកូដ និងមានបទចម្រៀងល្បីៗក្រោយចាប់ដៃគូជាមួយអ្នកនាងពេជ្រ សោភា។
កញ្ញា Adda ៖ ម្ចាស់បទ«ភ្លើង!»ល្បីឈ្មោះរូបនេះក៏ទើបនឹងមានវត្តមាននៅលើកម្រាលព្រំរបស់គ្រួសារតារាកម្ពុជាដូចគ្នា ខណៈដែលនាងនឹងមានចម្រៀង៣បទដើម្បីអង្រួនឆាកព្រំក្រហមនាថ្ងៃនោះដូចគ្នា។ នាងគឺជាតារាចម្រៀង Original Song ដែលមានការគាំទ្រខ្លាំងក្លាក្នុងស្រទាប់យុវវ័យ តែគេមិនទាន់ដឹងថាស្ទីលច្រៀងរាំរបស់នាងនៅក្នុងថ្ងៃនោះនឹងស្រូបទាញហ្វេនគាំទ្របាននាំមុខតារាចម្រៀងផ្សេងទៀត ឬយ៉ាងណានៅឡើយទេ។
ឈីន រតនៈ ៖ ម្ចាស់បទដែលល្បី គឺ«អ្នកមិនអន់ទេ» នាងគឺជាតារាចម្រៀងរបស់ហង្សមាសដែលទើបឡើងកូដ និងទើបមានឱកាសបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌លើកនេះ។ នាងមានបទចម្រៀងយ៉ាងហោច២បទនៅលើវេទិកា ខណៈដែលការប្រគំតន្ត្រីទាំងមូលត្រូវរៀបចំជាពីសវែងអន្លាយនៅកណ្ដាលហ្វូងនិស្សិតផង គឺច្បាស់ណាស់ថានឹងធ្វើអោយនាងលេចធ្លោក្នុងចំណោមតារាល្បីរៀមច្បង។
នីរ័ត្ន៖ នាងជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មថោន ហើយដោយសារតែបទចុងក្រោយរបស់នាងទទួលបានការគាំទ្រទើបធ្វើអោយនាងត្រូវបានអញ្ជើញអោយឡើងបង្ហាញមុខនៅនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ នាងនឹងមាន២បទនៅលើវេទិកា ដោយការបង្ហាញខ្លួនរបស់នាងក៏ពិតជាធ្វើអោយមានការចាប់អារម្មណ៍មិនដូចគ្នា ក្នុងពេលដែលនាងក៏មានអ្នកគាំទ្រមិនណយនាពេលចុងក្រោយ។
ក្រៅពីតារាទាំង៦ តារាចម្រៀង តារាកំប្លែង និងតារាសម្ដែងល្បីឈ្មោះលំដាប់ប្រទេសជាច្រើនរូបទៀតក៏ប្រកាសធ្វើអោយព្រឹត្តិការណ៍មួយនេះកក្រើកនៅថ្ងៃទី២៩ កញ្ញា ចាប់ពីម៉ោង៣រសៀលផងដែរ ដើម្បីបង្ហាញមហាជនថាតារាសិល្បៈក៏មានឆន្ទៈរួមគ្នាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា៕
មតិយោបល់