ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក ដោយសំអាងថា សម្ដីលោក ត្រាំ ចង់ប្រកាសសង្គ្រាមជាមួយរបបខ្លួន

កូរ៉េៈ រដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើងលោក Ri Yong Ho កាលពីថ្ងៃចន្ទបានចោទប្រកាន់ សម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា មានបំណងចង់ប្រកាសសង្រ្គាម ប្រឆាំងជាមួយប្រទេសរបស់ខ្លួន ដោយលោកបាននិយាយថា ក្រុងព្យុងយ៉ាង ត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក ដើម្បីការពារខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង បន្ទាប់ពីកាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ បានថ្លែងគំរាមកម្ទេចកូរ៉េខាងជើងទៅជាផេះ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ បើសិនរបបមួយនេះ នៅតែបន្តការគំរាមគំហែងដល់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានឆ្លើយតបទៅវិញផងដែរថា នឹងចាត់វិធានការសកម្មភាព ក្នុងកម្រិតខ្ពស់បំផុត។

សូមជំរាបថា លោក Ri Yong Ho បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងទីក្រុងញួយ៉កថា «ពាក្យសម្ដីចេញពីមាត់របស់ប្រធានាធិបតីអាមេរិក គឺប្រៀបបានទៅនឹងការប្រកាសសង្រ្គាម ហើយក្រុងព្យុងយ៉ាង មានសិទ្ធិបាញ់ទម្លាក់រាល់យន្ដហោះចម្បាំងអាមេរិក ក្នុងការការពារខ្លួន បើទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក មិនបានហោះហើរចូលក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ខាងសេតវិមានរបស់អាមេរិក ក៏បានធ្វើការច្រានចោលផងដែរ ដោយអះអាងថា ការលើកទ្បើងរបស់រដ្ឋមន្រ្តីការបរទេសក្រុងព្យុងយ៉ាង គឺមិនទំនងជាសមហេតុផលទាល់តែសោះ៕

មតិយោបល់