ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា៖ សាន ស្រីឡៃ ត្រូវប្ដីប្រើហិង្សាររាល់ថ្ងៃ មុនពេលបែកគ្នា!

ក្នុងពេលតម្កល់សពអ្នកនាង សាន ស្រីឡៃ នៅវត្តសែនសុខ ក្រោយការបាញ់ប្រហារ អ្នកនាងពេជ្រ សោភា ដែលជាគ្រូបង្វឹករបស់អ្នកនាងដោយផ្ទាល់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ ដែលបានចុះទៅដល់ទីនោះ បានអះអាងថា អ្នកនាងឈឺចាប់ជំនួសអ្នកនាងសាន ស្រីឡៃ យ៉ាងខ្លាំង ដែលមានមហាជនច្រើននាក់បានបញ្ចេញមតិថាបណ្ដាលមកពីសាន ស្រីឡៃ ហក់ចូលសិល្បៈហើយមានឱកាសរកថ្មីទើបឈានដល់ការបោះបង់ស្វាមី រហូតស្វាមីកើតកំហឹងហើយធ្វើការបាញ់ប្រហារ។ អ្នកនាងពេជ្រ សោភា ថាសម្រាប់អ្នកមិនដឹងពិតជាអាចជេរប្រទិចចំពោះ សាន ស្រីឡៃ ក្រោយការស្លាប់នេះបាន ប៉ុន្តែបើនារីម្នាក់នោះ បើអ្នកជេរទាំងនោះស្ថិតក្នុងសភាពត្រូវគេវាយធ្វើបាប និងដាក់សម្ពាធស្ទើរតែលែងមានជីវិតជារបស់ខ្លួន ពិតជាដឹងថាហេតុអ្វីបានជាស្រីម្នាក់សុខចិត្តសុំបែកស្វាមីក្រោយមានកូន២នាក់។

អ្នកនាង ពេជ្រ សោភា និយាយថា អ្នកបញ្ចេញគំនិតនៅលើហ្វេសប៊ុកច្រើនឡើងបានបង្ហោះថា ការស្លាប់របស់សាន ស្រីឡៃ គឺសមមុខហើយ ដោយសារតែនាងបានបោះបង់ប្ដីក្រោយបានល្បីឈ្មោះ។ ពាក្យនេះមិនខុសពីការមាក់ងាយចំពោះសព និងក្រុមគ្រួសារសពនោះទេ ដោយអ្នកនាងពេជ្រ សោភា និយាយថាអ្នកនាងសុំចិត្តកុំឲ្យមានការចោទប្រកាន់ថាមកពីសាន ស្រីឡៃ ចូលសិល្បៈទើបបាក់បែកប្ដី និងបណ្ដាលមកពីនាងភ្លេចប្ដីកម្សត់កម្រជាដើមទើបបណ្ដាលឲ្យប្ដីនោះមានគំនុំ។ អ្នកនាងពេជ្រ សោភា បន្តថាអ្នកដៀលត្មិះនាងដោយភាសារបែបនោះតើមានដឹងពីជីវិតរបស់នាងដែរទេ តើវាអាចទៅរួចទេដោយមនុស្សស្រីម្នាក់មានភាពកក់ក្ដៅហើយសម្រេចចិត្តបាក់បែកស្វាមី ដោយសុខចិត្តទុកឲ្យកូនរបស់នាង២នាក់ក្លាយជាក្មេងកំព្រា។ អ្នកនាងពេជ្រ សោភា ទម្លាយថា ក្នុងពេលសាន ស្រីឡៃ ចូលប្រឡងកម្មវិធី The Voice Cambodia អ្នកនាងអត់មានលុយទេ គឺដាច់សុំខ្ចីខ្លួនស្លៀកហើយដោយសារតែអ្នកនាងអាណិតជីវិតពិតរបស់សាន ស្រីឡៃ ក៏ប្រគល់រ៉ូបនោះឲ្យតែម្ដង។ អ្វីដែលអ្នកនាងខ្លោចចិត្តចំពោះសាន ស្រីឡៃ ថែមទៀតគឺពេលអ្នកនាងមកប្រឡងនៅកម្ពុជា គឺស្ទើរតែក្នុងថ្ងៃណាក៏មានស្នាមជាំ និងមានរបួសនៅលើដងខ្លួននោះដែរ។ អ្នកនាងពេជ្រ សោភា ខ្លួនទើបតែដឹងថាសាន ស្រីឡៃ មានប្ដី មានកូន ដោយសារតែឃើញរបួសនៅលើដៃ និងលើដងខ្លួនរបស់នាង ហើយក្នុងពេលដែលអ្នកនាងសួរនាំ សាន ស្រីឡៃ ក៏ប្រាប់អ្នកនាងថារបួសដែលបានកើតឡើងគឺដោយសារស្វាមីវាយដំ។ អ្នកនាងថាសាន ស្រីឡៃ ដ្បិតថាបើកហាងអ៊ុតសក់នៅក្រុងប៉ោយប៉ែតមែន ប៉ុន្តែស្ថានភាពរបស់អ្នកនាងមិនសូវមានលុយកាក់នោះទេ ហើយអ្វីដែលអ្នកនាងពិបាកភ្នែកគឺសាន ស្រីឡៃ ត្រូវប្ដីប្រើប្រាស់អំពើហិង្សាគ្មានថ្ងៃលោះពេល។

អ្នកនាងនិយាយថាសាន ស្រីឡៃ បែកបាក់ស្វាមីមិនមែនដោយសារសិល្បៈដូចការយល់ឃើញទេ ហើយអ្នកនាងចង់ឲ្យមហាជនដឹងថាហេតុផលដែលសាន ស្រីឡៃ សុខចិត្តលែងប្ដីមិនមែនដោយសាររឿងអ្នកទី៣ ឬដោយសារចង់ចោលប្ដីនោះទេ ប៉ុន្តែដោយសារស្រីឡៃចង់រំដោះខ្លួនពីទុក្ខវេទនាដែលបានទទួលរងពីអតីតស្វាមីនោះតែប៉ុណ្ណោះ។ អ្នកនាងពេជ្រ សោភា ស្នើឲ្យមហាជនឈប់បន្តចំពោះនាងដើម្បីឲ្យវិញ្ញាណរបស់សាន ស្រីឡៃ បានស្ងប់ និងដើម្បីជាការផ្ដល់យុត្តិធម៌ចំពោះនាងផង។
អ្នកនាងថាអ្នកណាមិនចង់មានសុភមង្គល តែបើជិវិតគូនោះមានតែអំពើហិង្សា និងការឈឺចាប់តើសិល្បការិនីម្នាក់បន្តទ្រាំ ឬត្រូវធ្វើខ្លួនដើម្បីសេរីភាព។

ជាមួយនាងការបង្ហើបរបស់អ្នកនាងបានធ្វើឲ្យម្នាក់មានការខ្លោចចិត្តចំពោះតារាចម្រៀងសាន ស្រីឡៃ យ៉ាងខ្លាំង ដែលត្រូវអតីតស្វាមីប្រើប្រាស់ហិង្សានិងដាក់សម្ពាធរហូតនាងខំរំដោះខ្លួនមកប្រឡងកម្មវិធីThe Voice មានឱកាសលែងលះ ប៉ុន្តែចុងក្រោយអតីតស្វាមីនៅតែតាមចងពៀរដោយបានបាញ់សម្លាប់អ្នកនាងធ្វើឲ្យអ្នកនាងស្លាប់យ៉ាងរន្ធត់ចោលម្ដាយ និងកូន២នាក់ដែលត្រូវការអ្នកផ្ដល់ភាពកក់ក្ដៅ។ នាងក៏ជាតារាដែលមានជីវិតអភ័ព្វយ៉ាងកម្រផងដែរ ដោយមុននេះបន្តិចម្ដាយរបស់នាងទើបតែត្រូវស្វាមីក្រោយកាប់នឹងកាំបិតមានរបួសតម្រូវឲ្យនាងចេញមុខរកលុយទាំងលំបាកម្នាក់ឯងទៅព្យាបាល ហើយគ្រាន់តែម្ដាយនាងជា និងមានកេរ្តិ៍ឈ្មោះក្នុងសិល្បៈបានបន្តិចក៏ត្រូវអតីតស្វាមីដែលជាមន្ត្រីគយ ដែលអ្នកនាងពេជ្រ សោភា បញ្ជាក់ថាជាបុរសចូលចិត្តវាយដុំធ្វើបាបនាងនោះបាញ់ប្រហារឲ្យស្លាប់ក្នុងថ្លុកឈាមទៀត៕

មតិយោបល់