នៅថ្ងៃទី២៧ តុលា ២០១៧ខាងមុខនេះ ភាពយន្តរឿង«ផ្អើលភូមិ»ដែលជាស្នាដៃរបស់ផលិតកម្ម« រស្មីតាន់តាន់» ក្រោមការចែកចាយរបស់ក្រុមហ៊ុន«ពូព្រហ្ម» ដោយមានមហាជនច្រើនគួរសមផ្ដោតការចាប់អារម្មណ៍។ ក្នុងនោះតួអង្គ៣រូបដែលជាតួអង្គសំខាន់ក្នុងរឿងក៏បង្ហាញនូវឆន្ទៈក្នុងការរំពឹងខ្ពស់ផងដែរ ក្នុងពេលដែលរឿងទាំំងមូលឈានជិតដល់ថ្ងៃដាក់បញ្ចាំងលក់សំបុត្រ។
ខាត់ វ៉ៃហាំងៈ នៅក្នុងរឿងនេះលោកសម្ដែងជាតួអង្គ«គង់ដេត» ដោយត្រូវជាប៉ូលីសថ្នាក់អនុសេនីយឯកវ័យក្មេង ម៉ឺងម៉ាត់ចំពោះការងារ តែទន់ភ្លន់ ចំពោះស្នេហា តាមស្រឡាញ់កូនថៅកែហាន ជួយរកយុត្តិធម៌ឱ្យអ្នកភូមិ។ ក្នុងរឿងទាំំងមូលលោកចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈ បន្ទាប់ពីជាប់លេខ៤ក្នុងការប្រកួត Freshie Girls and Boys រដូវកាលទី៧។
លោកមានការរំពឹងថារឿងនេះនឹងធ្វើអោយលោកជោគជ័យ បន្ទាប់ពីលោកក៏ទទួលបានជោគជ័យក្នុងរឿង «ស្នាមស្នេហ៍ថ្មី លើដំបៅចាស់» រឿង«និស្ស័យស្នេហ៍» រឿង«សាកលវិទ្យាល័យកំណើតស្នេហ៍» រឿង«ចិត្តស្អប់បង្កប់ស្នេហ៍» និងរឿង«សង្គ្រាមបងប្អូន»ជាដើម
ស៊ិន សក្កដាៈ នាងសម្តែងជាតួអង្គគ្រូបង្រៀនក្នុងភូមិស្រស់បស់ ហើយមានចរឹតរាក់ទាក់ តែមិនងាយមានបុរសណាចូលជិតបាន ដោយសារឪពុកឈ្មោះ ជាអ្នកស្តុកស្តម្ភ និងមានអំណាច មានចិត្តស្រឡាញ់ «គង់ដេត»វិញដែរ។ កញ្ញាក៏រំពឹងខ្ពស់មិនធម្មតាផងដែរ ក្នុងតំណែងជាតួគ្រូរបាំក្នុងរឿង បន្ទាប់ពីនាងជោគជ័យក្នុងការសម្ដែងក្នុងភាពយន្តខ្មែរខ្នាតធំជាងគេរឿង«ហ្លួងព្រះស្តេចកន» ជាតួមហេសីព្រះបាទស្រីសុគនបទ រឿងភាគ«ពស់កេងកង» និងរឿង«ភ្លៀងមួយតក់»ជាដើម។
ឆុំ វីកាន់ណាដាៈ ក្នុងរឿងនេះនាងក៏ជាតួអង្គសំខាន់ផងដែរ ដោយបានសម្តែងជាតួខ្មោច ហើយដើរលងគេពេញភូមិ ក្រោយពីត្រូវដាស់ដោយគ្រូអាគម ក្រោមការចាត់ចែងរបស់ថៅកែហាន។ នៅក្នុងទាំងមូលនាងជាតួអង្គដែលមានប្រវត្តិស្នេហ៍ជូរចត់រហូតមានកូនក្នុងពោះ ហើយត្រូវប្តីបោះបង់ចោល។
នៅក្នុងរឿងនេះ នាងថានឹងធ្វើអោយមហាជនភ្ញាក់ផ្អើល ហើយចាប់អារម្មណ៍ បើទោះជានាងមិនបានសម្ដែងជាតួមុខមាត់ស្អាតបាតដើម្បីបានបង្អួតសម្រស់នឹងគេ ក្នុងពេលដែលនាងក៏ជាតារាដែលមានទីផ្សារឡើងកូដនាពេលចុងក្រោយ បន្ទាប់ពីបាននាងមានឱកាសបានបានទៅប្រកួតសម្រស់លើឆាកអន្តរជាតិនាពេលថ្មីៗ។
ភីម៉ៃៈ លោកក៏ជាតួអង្គកំប្លែងសំខាន់មួយក្នុងរឿងមួយនេះផងដែរ ដោយក្នុងរឿងមួយនេះលោកក៏មានឈុតច្រើនណាស់ដែរ ទើបលោករំពឹងថាមួយរឿងទាំងមូល នឹងធ្វើអោយលោកក្លាយជាតារាដែលមានការចាប់អារម្មណ៍ពេញទំហឹងក្នុងរឿង«ផ្អើលភូមិ»ក្នុងពេលដាក់បញ្ចាំងលក់សំបុត្រនោះផង។ លោកថាមួយរឿងនេះលោកសម្ដែងដល់ពេញទំហឹង ហើយលោកក៏ត្រូវប្រឈមគ្រោះថ្នាក់ទម្រាំថតចប់មួយប្លង់ៗមិនតិចដែរ៕
មតិយោបល់