ថ្វីបើ វិបត្តិនៃតំបន់ប្រយុទ្ធរបស់ក្រុម Paris Saint Germain ត្រូវបានបញ្ចប់យ៉ាងស្រពិចស្រពិលក្តី ក៍ប៉ុន្តែយប់មិញនេះ តារាឆ្នើមទាំង៣ ឬ CNM បានស៊ុតម្នាក់១គ្រាប់ឲ្យក្រុម PSG ។
Paris Saint Germain ពិតជាចំណាយលុយមិនខាតឡើយ ព្រោះថាកីឡាករចំណូលថ្មី តម្លៃខ្លួនថ្លៃរបស់ពួកគេ សុទ្ធសឹងអាចរកគ្រាប់បាល់បានដូចគ្នា។ ជាក់ស្តែងណាស់ ក្នុងការធ្វើដំណើរទៅកាន់ទឹកដីប៊ែលហ្ស៊ិកយប់មិញនេះ Paris Saint Germain បានបំបាក់ក្រុម Anderlecht ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤-០ ។ ក្នុងនោះដែរ តារាដ៍ឆ្នើមវ័យក្មេង Kylian Mbappe ស៊ុតឲ្យក្រុម Paris Saint Germain នាំមុខតាំងពីនាទីទី៣ ម្លេះ ដែលជាគ្រាប់បាល់បញ្ជូនយ៉ាងល្អ ពីកីឡាករ Marco Verratti ។
ចំណែកគ្រាប់បាល់ទី២ រកបានដោយខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ ដែលកំពុងលេចលឺ ពត៌មានចាកចេញពី Paris Saint Germain កីឡាករ Edinson Cavani នៅនាទីទី៤៤ ដែលធ្វើឲ្យតង់ទី១ Paris Saint Germain នាំមុខម្ចាស់ផ្ទះ Anderlecht ២-០ ។ ឈានចូលដល់តង់ទី២ Paris Saint Germain បន្តវាយលុក មិនសំចៃលើ ក្រុម Anderlecht បន្តទៀត ដោយអាចរកគ្រាប់បាល់ ២គ្រាប់បន្ថែមទៀត តាមរយៈការស៊ុត របស់កីឡាករឆ្នើមតម្លៃកប់ពពក Neymar នៅនាទីទី៦៦ និងកីឡាករអាហ្សង់ទីន Angel Di Maria នៅនាទីទី៨៨ ។
ដូច្នេះហើយ បញ្ចប់ការប្រកួត ពេញ ៩០នាទី ក្រុម Paris Saint Germain បានបំបាកក្រុមម្ចាស់ផ្ទះ Anderlecht យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ បន្តឈរកំពូលតារាងបន្តទៀត ខណៈក្រុម Bayern Munich បានបំបាក់ក្រុម Celtic ៣-០ ផងដែរ ក្នុងពូលជាមួយគ្នានេះ។
https://www.youtube.com/watch?v=Ga3iq2tpOe0
មតិយោបល់