មកទល់ពេលនេះតារាចម្រៀងឱក សុគន្ធកញ្ញា នៅមិនទាន់ទទួលស្គាល់ថារវាងនាង និងលោក អ៉ឹង សុខលី ដែលត្រូវគេស្គាល់ថាជាប្អូនបោះមួយបន្ទាប់ពៅរបស់ថៅកែហង្សមាស ពិតជាបានភ្ជាប់ពាក្យស្ងាត់ៗទៅហើយដូចអ្វីដែលបានបែកធ្លាយនោះទេ។
ប៉ុន្តែគេចាប់អារម្មណ៍ថាទាំងនាង ទាំងលោកអ៉ឹង សុខលី ហាក់មិនច្រានចោលព័ត៌មាននោះ ខណៈដែលម្ដាយរបស់នាងក៏បានបញ្ជាក់បែបប្រយោលថា សម្រាប់ពេលនេះអ្នកស្រីមិនដឹងពីរឿងចំណងស្នេហាហ្នឹងនោះទេ ប៉ុន្តែសម្រាប់ថ្ងៃក្រោយគឺអ្នកស្រីមិនដឹង។


បន្ថែមពីលើចម្លើយដែលធ្វើឲ្យគេជឿថាមិនមែនចម្លាយបដិសេធនេះ តារាចម្រៀងនាង ឱក សុគន្ធកញ្ញា ក៏បានប្រកាសចេញពីមាត់របស់ខ្លួនថានឹងចូលរោងការក្នុងពេលដ៏ខ្លី ដើម្បីកុំឲ្យឆ្លងផុតអាយុដល់៣២ឆ្នាំនោះផងដែរ។
ឱក សុគន្ធកញ្ញា បានប្រកាសដាក់ក្បាលមេក្រូកាលពីយប់ថ្ងៃទី២០ តុលា ក្នុងពិធីប្រូម៉ូហ្សិនដាក់ផ្សាយពីផលិតផលអេឡិចត្រូនិចមួយប្រភេទ នៅសណ្ឋាគារហីម៉ាវារី ថាកញ្ញានឹងរៀបការក្នុងអាយុ៣១នៅអំឡុងឆ្នាំក្រោយនេះហើយ ដោយសារតែនាងយល់ថានេះជាវ័យដែលសមល្មមនឹងមានគូស្នេហ៍ដើម្បីកុំឲ្យបន្តឯកា។
នាងសារភាពថាមកទល់នឹងឆ្នាំនេះគឺនាងអាយុបាន៣០ឆ្នាំហើយ ដោយក្រោយឆ្លងផុតថ្ងៃចូលឆ្នាំខ្មែរក្នុងឆ្នាំ២០១៨គឺអាយុរបស់នាងនឹងដល់៣១ឆ្នាំ ដែលជាឆ្នាំដែលនាងប្រកាសថានឹងរៀបការមានគ្រួសារមួយឲ្យពេញលេញនឹងគេ។ នាងបានឆ្លើយតបនឹងពិធីការិនីអ្នកនាងខៀវ សានសាណាថា ខ្លួននឹងចូលរោងការមិនឲ្យហួសពីអាយុ៣១ទេ ដើម្បីកុំឲ្យហួសពេល និងកុំឲ្យបន្តនៅព្រៅហើយរកម្ចាស់ស្នេហ៍ម្នាក់នៅថែបេះដូងមិនបាន។


ក្នុងនោះនាងក៏បង្ហើបថានាពេលកន្លងមកមិនមែនរូបនាងមិនចង់រៀបការនោះទេ ប៉ុន្តែអាចមករកមិនបានទើបចេះតែនៅឯកាមកទល់ពេលនេះ។ បើទោះជាចម្លើយរបស់នាងហាក់បង្កប់អត្ថន័យលេងខ្លះមែនខ្លះ ប៉ុន្តែអ្វីដែលនាងលើកឡើងគឺស្របនឹងដំណឹងដែលគេបានទម្លាយថានាង និងប្អូនប្រុសរបស់ថៅកែហង្សមាសការពិតគឺបានភ្ជាប់ពាក្យរួចហើយ ប៉ុន្តែបណ្ដាលមកពីនាងចេះតែខ្លាចធ្លាក់កូដទើបមិនទាន់ហ៊ានចូលរោងការ និងប្រឹងលាក់បាំងជិតឈឹងមុនពេលមានទម្លាយចេញ។ ក្រុមអ្នកតាមដានពីស្នេហារបស់នាង បានលើកឡើងថាក្រោយការបែកធ្លាយទាំងភាគីខាងគ្រួសាររបស់លោកអ៉ឹង សុខលី និងឱក សុគន្ធកញ្ញា បានជជែកដេញដោលដើម្បីឲ្យអ្នកទាំង២ឆាប់បានរៀបការនោះហើយ ដើម្បីកុំឲ្យមានការរិះគន់ថាអ្នកទាំង២ភ្ជាប់ពាក្យនឹងគ្នាទៅហើយ ប៉ុន្តែបន្តព្រងើយកន្តើយក្រោយពេលដំណឹងទាំងមូលត្រូវបានគេដឹង។


ម្យ៉ាងមកពីភាគីសាមីខ្លួនទាំងសងខាងសុទ្ធតែមានវ័យក្រែលម្ខាងៗនោះផង ទើបដំណឹងរៀបការរបស់អ្នកទាំងពីរអាចត្រូវបានគេលែងអូសបន្លាយទៀតហើយ។ ការប្រកាសរបស់ឱក សុគន្ធកញ្ញា ដ្បិតថាឲ្យស្របនឹងអត្ថន័យក្នុងបទ«ឆ្នាំអូន៣១»ដែលនាងលើកមកបកស្រាយ ប៉ុន្តែអ្នកណាក៏ដឹងនោះដែរថានេះការបង្ហើបអោយដឹងក្រោយពីមានព័ត៌មានឱក សុគន្ធកញ្ញា និងប្អូនប្រុសរបស់ថៅកែហង្សមាស ដែលជាអគ្គនាយករងទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនចម្រៀងហង្សមាសដ៏ធំ គិតគម្រោងរៀបការ ដោយសារតែដំណឹងភ្ជាប់ពាក្យត្រូវបានទម្លាយទៅហើយ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថាពាក្យសម្ដីពន្លយរបស់ឱក សុគន្ធកញ្ញា តើពិតជាស្ដែង១០០ភាគរយពីគម្រោងស្នេហាដូចអ្វីដែលបានលេចឮ ឬយ៉ាងណានោះទេ ប៉ុន្តែយោងតាមការប្រកាសរបស់នាង និងអ្វីដែលបានបែកធ្លាយគឺចាប់ផ្ដើមស្របគ្នា ក្នុងពេលដែលគេជឿថាបើនាងមិនចង់បង្ហាញឲ្យអ្នកគាំទ្របានដឹងពីរឿងអនាគតនេះទេ គឺនាងពិតជាមិនលើកយកមកនិយាយនៅក្នុងពិធីដ៏ធំនោះដែរ។


អ្នកគាំទ្រភាគច្រើនយល់ថា បើនាងពិតជាចូលរោងការនៅអំឡុងក្រោយមែន គេជឿថានឹងពិតជារៀបការជាមួយបុរសដែលគេល្បីជាក់ជាមិនខាននោះទេ ដោយសារតែគម្រោងដែលនាងប្រកាសឡើងគឺស្របនឹងដំណឹងស្នេហាត្រូវគេដឹងឡើងពុះពោរលើហ្វេសប៊ុក ហើយបើនាងពិតជាបានរៀបការជាមួយប្អូនប្រុសថៅកែហង្សមាសនោះមែន ក៏នឹងក្លាយជាតារាសិល្បៈល្បីឈ្មោះទី១ ដែលបានចូលខ្លួនក្នុងត្រកូលហង្សមាសយ៉ាងកម្រនោះផងដែរ៕




មតិយោបល់