ក្នុងចំណោមការប្រគំតន្ត្រីដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េ មានការបញ្ជាក់ថាការប្រគំតន្ត្រីដែលទើបបញ្ចប់ក្រោមវត្តមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ឆាយ វិរៈយុទ្ធ និងអ្នកនាង ពេជ្រ សោភា មុននេះ គឺជាការប្រគំតន្ត្រីដែលទាក់ទាញអ្នកគាំទ្របានច្រើនជាងគេ។ នេះបើយោងតាមការអះអាងថា របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានថ្លែងការកោតសរសើរចំពោះព្រឹត្តិការណ៍ដ៏ធំមួយនេះ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសកូរ៉េបានថ្លែងបញ្ជាក់ថា ក្នុងចំណោមវត្តមានតារាល្បីៗដែលធ្លាប់មកសម្ដែងការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ដែលរួមមាន នាយកុយ នាយក្រឹម, លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា មាស សុខសោភា, លោក ខេម, លោក ឆន សុវណ្ណរាជ, អ្នកនាង ខាត់ សុឃីម, លោក នេនទុំ, ពូឃ្លាំង, លោក ដួង វីរៈសិទ្ធ, និងតារាជាច្រើនទៀត ដែលធ្លាប់បង្ហាញខ្លួន លោកចាត់ទុកថាមានតែការប្រគំតន្ត្រីលើកក្រោយដែលដឹកនាំដោយលោក ឡេង ណាវ៉ាត្រា ហើយមានវត្តមានតារាចម្រៀងឆ្នើមៗរួមមាន ក្រុមលោក ព្រាប សុវត្ថិ និងតារាល្បីៗមុននេះទេ ដែលមានអ្នកទស្សនាយ៉ាងកុះករជាងគេ។
លោកថាចំនួនអ្នកមកទស្សនា មានបរិមាណខុសគ្នានឹងការប្រគំតន្ត្រីកន្លងមកដាច់គ្នា ដោយការប្រគំតន្ត្រីដែលទើបបញ្ចប់ក្ដៅៗមុននេះ គឺមានអ្នកទស្សនារហូតដល់រាប់ម៉ឺននាក់។ លោកថា កន្លងមកទូតខ្មែរនៅកូរ៉េធ្លាប់បានរៀបចំធ្វើមហាសង្ក្រាន្ត២ឆ្នាំជាប់គ្នាមកហើយ ដោយមានបងប្អូនខ្មែររស់នៅប្រទេសកូរ៉េ មកទស្សនាតែចន្លោះពី ១៣០០០ ទៅ ១៥ ០០០នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការប្រគំតន្ត្រីរបស់ក្រុមលោកព្រាប សុវត្ថិ មុននេះ គឺមានចំនួនលើសនេះ។
លោក ឡុង ឌីម៉ង់ មិនបានបញ្ជាក់អោយដឹងពីតួលេខអ្នកទស្សនាដែលមកទស្សនាការប្រគំតន្ត្រីរបស់លោកឡេង ណាវ៉ាត្រា មុននេះទេ ដោយគ្រាន់តែអះអាងថាមានចំនួនច្រើនស្ទើរមិនគួរអោយជឿ គឺលប់លើព្រឹត្តិការណ៍នានាដែលធ្លាប់បានធ្វើឡើងនៅក្នុងប្រទេសកូរ៉េ។
យ៉ាងណាមិញ ក៏ដោយសារតែការប្រគំតន្ត្រីមុននេះ ចម្រុះដោយតារាល្បីៗច្រើនកុះករ ហើយជាព្រឹត្តិការណ៍ដំបូងដែលមានការផ្សព្វផ្សាយយ៉ាងកក្រើកនៅលើបណ្ដាញសារព័ត៌មានដែលនាំអោយផុសផុលពេញសង្គមហ្វេសប៊ុក ទើបកឆាកតន្ត្រីដែលបង្ហាញខ្លួនដោយ លោកព្រាប សុវត្ថិ និងកូនៗ លោក ឆាយ វិរៈយុទ្ធ កញ្ញា ពេជ្រ សោភា កញ្ញា រ៉ា ប៊ី លោក ប៉ែន ចំរ៉ុង នាយពែកមី លោក គុយ លី និងក្រុមរាំ ទទួលបានជោគជ័យដល់ម្លឹង ដោយសូម្បីតែឃើញរូបភាពក៏រំភើបជំនួសតារាដែលបានឡើងច្រៀងលើឆាក៕
មតិយោបល់