ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Grand កម្ពុជាបរាជ័យលើកោះត្រល់ ខណៈ ប៉េរ៉ូ ក្លាយជាម្ចាស់មកុដ!

ការប្រឡងកម្មវិធី Miss Grand International ប្រចាំឆ្នាំ២០១៧ដ៏កក្រើកនៅលើកោះត្រល់ ដែលត្រូវរៀបចំដោយប្រទេសវៀតណាម បេក្ខនារីរបស់កម្ពុជាមិនទទួលបានលទ្ធផលណាមួយនោះទេ ខណៈដែលបេក្ខនារីមកពីប្រទេសប៉េរូ​ បានក្លាយជាម្ចាស់មកុដតម្លៃប្រមាណ៣០ម៉ឺនដុល្លារនៅទីបញ្ចប់នោះ ខណៈម្ចាស់ផ្ទះគឺវៀតណាមក៏មិនទទួលបានពានណាមួយដូចគ្នា។

ជាមួយនឹងការបរាជ័យរបស់បេក្ខនារីតំណាងឲ្យកម្ពុជាកញ្ញា ខ្លឹម ស្រីគា ក៏មានការរិះគន់ក្រុមហ៊ុនថៃដែលជាអ្នកដឹកនាំបេក្ខនារីកម្ពុជាឲ្យចូលប្រកួតថាខ្វះការផ្ចិតផ្ចង់ចំពោះតំណាងរបស់កម្ពុជាផងដែរ ជាពិសេសគឺការរៀបចំខ្លួន ដូចជាសម្លៀកបំពាក់ និងការធ្វើម៉ូតសក់តែម្ដង។

ការប្រកួតដែលបានធ្វើឡើងនៅលើកោះត្រល់ដែលជាអតីតទឹកដីរបស់កម្ពុជានោះ បេក្ខនារីថៃបានឈ្នះពាន Miss Paradise Gave Heart Age បេក្ខនារីប៉ារ៉ាហ្គាយទទួលបានពានទំនាក់ទំនងល្អ បេក្ខនារីចិន ទទួលបានពាន Best in Evening Gown (គ្រងឈុតរាត្រីស្រមោលសលេចធ្លោជាងគេ) ។ បេក្ខនារីប្រទេសឆែក ទទួលបានចំណាត់ថ្នាក់លេខ៥ បេក្ខនារីព័រតូរីកូ ទទួលបានចំណាត់ថ្នាក់លេខ៤ បេក្ខនារីហ្វីលីពីន ទទួលបានចំណាត់ថ្នាក់លេខ៣ និងបេក្ខនារីមកពីប្រទេសវ៉េណេហ្ស៊ូអេឡា ទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងព្រឹត្តិការណ៍។

ដោយឡែកសម្រាប់បេក្ខនារីកម្ពុជាកញ្ញា ខ្លឹម ស្រីគា បានត្រឹមតែជាប់ឈ្មោះក្នុងជុំដំបូងប៉ុណ្ណោះ ដោយកញ្ញាមិនបានបន្តក្នុងវគ្គជម្រុះបន្ទាប់ដែលបានធ្វើឡើងនៅលើកោះត្រល់កាលពីថ្ងៃទី២៥ តុលានោះទេ បើទោះជាកញ្ញាត្រូវបានគេបោះឆ្នោតឲ្យក្នុងវគ្គប្រកួតប្រជែងសម្លៀកបំពាក់បែបប្រពៃណី។ នាងត្រូវគេឃើញបង្ហូរទឹកភ្នែក និងឈរជូតទឹកភ្នែកជាញឹកញាប់ក្នុងពេលមានការប្រកាសថាបវរកញ្ញាប៉េរ៉ូបានក្លាយជាម្ចាស់មកុដ។ យ៉ាងណាមិញ នាងទំនងមិនបង្ហូរទឹកភ្នែកដោយសារតែមិនបានទទួលពាន ឬចំណាត់ថ្នាក់ណាមួយនោះទេ ក្នុងពេលដែលបេក្ខនារីមកពីប្រទេសផ្សេងទៀតដែលសុទ្ធតែស្អាតៗ និងមានប្រវត្តិសិក្សាបានខ្ពស់ មិនទទួលបានចំណាត់ថ្នាក់ណាមួយដូចគ្នា។

នាងត្រូវគេសន្និដ្ឋានថាបង្ហូរទឹកភ្នែកដោយសាររំភើបដែលមានសំណាងបានឈរនៅលើវេទិកាពិភពលោកដែលបានរៀបចំនៅលើកោះត្រល់ ដែលមិនខុសពីនាំមុខមាត់ឲ្យកម្ពុជា។

ការបរាជ័យរបស់នាងត្រូវបានអ្នកគាំទ្រមួយចំនួនយល់ថាបណ្ដាលមកពីក្រុមហ៊ុនថៃដែលជាអ្នកបញ្ជូនទៅមិនបានយកចិត្តទុកដាក់លើសម្លៀកបំពាក់ឲ្យនាង បន្ទាប់ពីឃើញខ្លឹម ស្រីគា ស្លៀករ៉ូបដូចទៅកម្មវិធីស៊ីការយ៉ាងសាមញ្ញ ដែលផ្ទុយពីបេក្ខនារីផ្សេងទៀតដែលត្រូវគេឃើញគ្រងដោយឈុតអស្ចារ្យៗបង្អួតគ្នា។

នាងត្រូវគេអ្នកគាំទ្រសរសើរថាជាបេក្ខនារីមានសម្រស់ពីធម្មជាតិស្រស់ស្អាត ហើយសម្រស់របស់នាងក៏មិនចាញ់បេក្ខនារីដែលបានជាប់លេខប៉ុន្មានដែរ ប៉ុន្តែបណ្ដាលមកពីការសម្រិតសម្រាំងលើសម្លៀកបំពាក់របស់នាង និងលើម៉ូដសក់របស់នាងហាក់ខ្វះភាពទាក់ទាញទើបនាងត្រូវធ្លាក់ក្នុងការជម្រុះជុំដំបូង ក្នុងពេលដែលនាងក៏ត្រូវគេឃើញស្លៀកឈុតដដែលៗផងដែរដែលហាក់ដូចជាគ្មានការត្រៀមទុកជាមុនដូចតំណាងមកពីប្រទេសផ្សេងទៀត។

ប៉ុន្តែនោះក៏ចាត់ទុកថាមោទនភាពរបស់កម្ពុជានោះដែរ ដែលមានក្រុមហ៊ុនឯកជនមួយជួយឲ្យបានចេញទៅប្រកួតលើឆាកអន្តរជាតិដើម្បីជាកិត្តិយសរបស់ប្រទេសផងដែរ ក្នុងពេលដែលកម្ពុជាមិនមានការប្រកួតផ្លូវការ និងមិនមានការបញ្ជូនតំណាងរបស់ខ្លួនជាផ្លូវការតាមរយៈថ្នាក់ជាតិឲ្យចេញទៅប្រកួតនៅMiss Grand International ដូចគ្នានឹងប្រទេសផ្សេងទៀតនោះ៕

https://youtu.be/XLHabEWeYYA

មតិយោបល់