ព័ត៌មានជាតិ

បុគ្គលិកក្រុម​ហ៊ុន​សំណង់​ចិន ស៊ីដាច់ទូរសព្ទគេគ្មានលុយសង បែកគំនិតវាយប្លន់យកម៉ូតូពីនារីម្នាក់!

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបបានស៊ីដាច់ទូរសព្ទរបស់ជនជាតិចិន ដោយគ្មានលុយសងគេក៏បែកគំនិតវាយប្លន់យកម៉ូតូពីនារីម្នាក់ បានសម្រេចតែគេចមិនផុតពីក្រញ៉ាំដៃសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤​០​នាទី​ព្រឹក ​ថ្ងៃទី៣​០ ​ខែ​តុលា​ ឆ្នាំ២០១៧​ នៅចំណុចផ្លូវ​ចុះ​ចំណោត​​អាងក្រពើ​ចាស់​ នៅក្រុមទី១២ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ​អ៊ុ​ ពិសិដ្ឋ​ ភេទ​ប្រុស ​អាយុ​២​៧​ឆ្នាំ​ មុខរបរ បុគ្គលិកក្រុម​ហ៊ុន​សំណង់​ចិន មាន​ស្រុក​កំណើត​នៅ​សង្កាត់​ក្រាំង​ធ្នង់ ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ មក​ធ្វើការ​សំណង់​ ស្នាក់​នៅ​កន្លែង​ធ្វេី​ការ​ ក្រុម​ទី​៣​០​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​។ ចំណែកជនរងគ្រោះ​ជាម្ចាស់ម៉ូតូមានឈ្មោះ ​សេង​ ស្រី​ពេជ្រ​ ភេទ​ស្រី​ អាយុ​១​៧​ឆ្នាំ​ ​នៅ​ក្រុម​១​៧​ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ មុខ​របរ​ សិស្ស។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះ​បានឲ្យដឹងថា មុនពេលកើតហេតុ ​នាង​បានជិះម៉ូតូជូន​បង​ទៅ​ធ្វើការ​ ពេលនោះ​ក៏បាន​ឃើញ​ជន​សង្ស័យនៅ​ឈរ​រេរា​នៅ​ទីនោះ​ដែរ​ លុះ​ជិះ​ម៉ូតូ​ត្រឡប់​មកវិញ​ ស្រាប់តែ​ជនសង្ស័យ​ចេញ​មក​ស្ទាក់​យក​ដុំ​ថ្ម​គប់​ មកលើនាង​ ហើយ​ក៏​ដួល​ម៉ូតូ​ ត្រូវ​របួស​ រួចជន​សង្សយ័​លេីក​យក​ម៉ូតូ​ជិះ​គេច​សំដៅ​មករ៉ា ផ្លូវ​ជាតិ​លេខ​៤​តែម្តង។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ​សមត្ថកិច្ចក៏បាន​សហការ​គ្នា​ដេញ​ស្ទាក់​ចាប់​មុខ​សញ្ញា​ជាបន្ទាន់​ផងដែរ ហើយនៅប្រមាណ​១០នាទីក្រោយ​មក សមត្ថកិច្ច​ ​ដេញចាប់​​មុខ​សញ្ញា​បាន​ នៅ​ផ្លូវ​ចូល​ទៅ​ក្បាល​ឆាយ​ ស្ថិត​ក្នុង​សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ ដែល​ជន​ល្មើស​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ចូល​ទៅ​តំបន់​នោះ​ និង​ ចាប់​យក​បាន​ម៉ូតូ​ម៉ាក​Zoomer-X ចំនួន១​គ្រឿង​ជា​វត្ថុ​តាង​នៃ​អំពេី​ប្លន់ផងដែរ​។

ក្នុងនោះបើតាមចម្លើយសារភាពបានឲ្យដឹងថា ជន​សង្ស័យ​ឈ្មោះ ​អ៊ុ​ ពិសិដ្ឋ​ ជាអ្នកធ្វេី​ការ​ជាមួយ​ក្រុម​ហ៊ុន​សំណង់​ចិន​ និង​ជា​អ្នក​បើក​បរ​ផង​ ក្នុងនោះចិន​បាន​ប្រេី​ឲ្យ​យក​ទូរសព្ទ​ទៅ​ជួសជុល​ ហេីយ​ជនសង្ស័យក៏បាន​យក​ទូរ​សព្ទ​របស់​ចិន​ទៅ​បញ្ចាំ​ ក្រោយ​មក​គ្មាន​លុយ​ ដេីម្បី​លោះ​យក​ទូរសព្ទ​សង​ចិន​ ក៏បែក​គំនិត​ប្លន់​ម៉ូតូ​តែម្តង​៕

មតិយោបល់