ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូលឿនពេកខ្វះការប្រុងប្រយត្ន័ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតនៅផ្លូវបែកជាបួនបណ្តាលឲ្យដួលម៉ូតូអូសប្រមាណជិត៣០ម៉ែត្រ រងបួសបែកក្បាលឈាមហូស្រោចពេញខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២៦១ កែងនិងផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-4551 ជិះតាមផ្លូវលេខ១៩២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះលុះមកដល់ផ្លូវ២៦១ ផ្លូវបែកជាបួន ចំណុចកើតហេតុចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក ណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-9328 ជិះដោយបុសម្នាក់ទិសដៅពីត្បូងទៅជើងពេញទំហឹងចំ ចំហៀងខាងស្តាំខាងមុខបណ្តាាលឲ្យម៉ូតូណៃហតដាច់ចង្កៀងខាងមុខ។ ចំណែកម្ចាស់ម៉ូតូសង់ដួលអូសប្រមាណជិត៣០ម៉ែត្ររងបួសបែកក្បាលហូឈាមស្រោចលើខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាខាងភាគីម្ចាស់ម៉ូតូសង់ចេញសំណងសងទៅម្ចាស់ម៉ូតូណៃហត ចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់