នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែង និងជាតារាកំប្លែងអ្នកនាងខ្ញុង ត្រូវគេឃើញប្រឹងលក់សាច់ក្រកយ៉ាងសកម្ម ដោយការលក់ដូររបស់នាងមិនមែនលើកនេះពីអ្នកនេះលើកពីអ្នកនោះ ដើម្បីលក់យកចំណេញនោះទេ តែជាមុខរបរដែលនាងធ្វើឡើងផ្ទាក់ដៃ ដោយមុខរបរនេះទទួលបានការគាំទ្រគួរអោយកត់សម្គាល់ក្រោយការបើកលក់នោះផង។
នាងបញ្ជាក់ថាទោះជាការងារសិល្បៈទទួលបានផលកម្រៃច្រើននៅឡើយ ក៏នាងត្រូវតែបង្កើតមុខរបរផ្ទាល់ខ្លួនអោយបានរឹងមាំ ដើម្បីកុំអោយការងារសិល្បៈធ្លាក់ចុះ ហើយប្រឈមនឹងបញ្ហាជីវភាពកើតឡើង។
អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានអះអាងថាសាច់ក្រកដែលនាងផុសលក់រាល់ថ្ងៃ គឺនាងធ្វើដោយដៃរបស់ខ្លួន ដោយសារតែនាងទទួលបានបទពិសោធន៍ក្នុងការផលិតសាច់ក្រកនេះ តាំងពីមុនពេលប្រឡូកការងារកំប្លែង។
អ្នកនាងថាមិនខ្មាស់អ្នកណាដោយគ្រាន់តែធ្វើសាច់ក្រក ហើយប្រកាសលក់នៅលើហ្វេសប៊ុកនោះទេ ថ្វីដ្បិតតែមុខរបរនេះ កម្រមានតារានៅក្នុងសិល្បៈណាមួយបើកលក់។ អ្នកនាងប្រកាសថាតាំងពីបានបើកលក់មិនត្រឹមតែអ្នកជិតខាតនោះទេ ដែលពេញនិយមសាច់ក្រករបស់នាង គឺសូម្បីតែអ្នកលេងហ្វេសប៊ុកក៏កុម្ម៉ង់សាច់ក្រករបស់នាងច្រើនៗគីឡូ ដែលធ្វើអោយមុខរបររបស់នាងកាក់កក។
នាងថាមុខរបរលក់សាច់ក្រកផ្ទាល់ខ្លួន គឺធ្វើមិនទាន់តម្រូវការភ្ញៀវនោះទេ បន្ទាប់ពីអ្នកកុម្ម៉ង់ទិញសាច់ក្រករបស់នាងគឺរមែងបន្តកុម្ម៉ង់ទៀត ហើយសរសើរថាមានរសជាតិឆ្ងាញ់។ ក្រៅពីមុខរបរលក់សាច់ក្រក អ្នកនាងក៏បានទទួលលក់ស្រាប៊ៀមួយប្រភេទផងដែរ ដោយអ្នកនាងប្រកាសថាគឺដើម្បីរកចំណូលទុកគ្រាន់កែចៃជីវភាពនៅពេលការងារសិល្បៈលែងសូវអំណោយផល។
អ្នកនាងគម្រោងពង្រីកមុខរបរធ្វើសាច់ក្រក អោយធំដុំជាងនេះ ដោយគ្រោងនឹងធ្វើឡសម្ងួតអោយបានធំជាងបច្ចុប្បន្ន និងរៀបចំក្រុមការងារជួយផលិត ដើម្បីអាចលក់ទាន់ភ្ញៀវដែលបានកុម្ម៉ង់នោះផង។ អ្នកនាងចាត់ទុកថាមុខរបរនេះ មើលទៅសាមញ្ញ តែបើនិយាយពីផលចំណេញគឺកាក់កបមិនធម្មតា ដោយនាងប្រកាសថាបើមុខរបរលក់សាច់ក្រកកាន់តែមានការរីកចំរើន គឺនាងអាចនឹងបន្ថយទទួលការសម្ដែងដើម្បីធ្វើអោយមុខរបរនេះកាន់តែរឹងមាំឡើងៗ ដើម្បីពង្រីកការគាំទ្រ និងបង្កើនផលចំណេញ។
អ្នកនាងនិយាយថាដោយសារការកុម្មង់កើតឡើង គឺនាងហាលសាច់ក្រកមិនទាន់អោយភ្ញៀវនោះទេ ទើបតម្រូវអោយត្រូវឆ្អើក្នុងឡដែលនាងកែច្នៃជាជំនួសរាល់ពេលមេឃមិនអំណោយផល។ យ៉ាងណាមិញ នាងថាចំពោះរសជាតិ និងគុណភាព គឺនៅតែរក្សាបាន ទើបធ្វើអោយសាច់ក្រករបស់នាងកាន់តែមានការកុម្ម៉ង់កើនឡើងដោយសូម្បីតែនាងទើបតែដាក់លក់ក្នុងផ្ទះតិចៗធម្មតា ហើយមិនទាន់បើកជាហាងនៅឡើយ៕
មតិយោបល់