លទ្ធផលចេញមកក្នុងវគ្គបញ្ចប់របស់ព្រឹត្តិការណ៍ Miss Global International ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបេក្ខនារីកម្ពុជាមិនទទួលបានចំណាត់ថ្នាក់អ្វីទាល់តែសោះនៅក្នុងកម្មវិធី ដោយទទួលបានត្រឹមតែតំណែង Miss Ganzberg ដែលជាតំណែងកិត្តិយសផ្ដល់ឲ្យក្រុមហ៊ុនជាអ្នកឧបត្ថម្ភកម្មវិធី បានធ្វើឲ្យពលរដ្ឋខ្មែរមានការខកចិត្តយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងករណីនេះ គណកម្មការជាអ្នករៀបចំព្រឹត្តិករណ៍បានធ្វើការពន្យល់ជាច្រើន ជុំវិញហេតុផលដែលបេក្ខនារីតំណាងរបស់កម្ពុជាមិនទទួលបានលទ្ធផលណាមួយទាល់តែសោះ ក្នុងការប្រកួតប្រជែង។
អ្នកស្រី Tea Mark គណកម្មការរៀបចំ Miss Global International បានអះអាងថា បេក្ខនារី Miss Global Cambodia ពិតជាមានរូបសម្រស់ និងសមត្ថភាពមិនអន់ជាងបេក្ខនារីផ្សេងទៀតដែលបានទទួលចំណាត់ថ្នាក់នោះទេ ប៉ុន្តែបណ្ដាលមកពីនាងមិនសូវយល់ដឹងពីវប្បធម៌ ប្រពៃណី និងមិនអាចនិយាយបានល្អសូម្បីតែភាសាកំណើត ទើបគណកម្មការរៀបចំកម្មវិធីមិនអាចឲ្យនាងទទួលបានចំណាត់ថ្នាក់ណាមួយក្រោយការប្រកួតសម្រស់ និងសមត្ថភាពយ៉ាងស្វិតស្វាញត្រូវបានបញ្ចប់។
អ្នកស្រីនិយាយថាបេក្ខនារីរបស់កម្ពុជា ដ្បិតថាមានសញ្ជាតិដើមជាខ្មែរ ប៉ុន្តែនាងបានធំធាត់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយបើនិយាយពីការយល់ដឹងពីកម្ពុជាគឺនាងអត់បានដឹងតែម្ដង។ អ្នកស្រីថាបេក្ខនារីម្នាក់ដែលជាតំណាងប្រទេសមិនអាចគ្រាន់តែស្អាត និងមានចំណេះដឹងហើយក៏ទទួលបានឱកាសនោះទេ ប្រសិនបើបេក្ខនារីម្នាក់នោះអត់ស្គាល់ស៊ីជម្រៅពីវប្បធម៌ និងសិល្បៈរបស់ប្រទេសកំណើតខ្លួន គឺមិនអាចផ្ដល់ឲ្យនូវតំណែងណាមួយបានទេ ដើម្បីឲ្យមានយុត្តិធម៌សម្រាប់បេក្ខនារីផ្សេងទៀតដែលគេស្អាត មានសមត្ថភាព និងមានទាំងចំណេះដឹងពីជាតិសាសន៍របស់គេបានល្អ។
អ្នកស្រីថាបវរកញ្ញា Miss Global International មិនផ្ដោតលើស្អាតមួយមុខនោះទេ គឺដាច់ខាតត្រូវតែជាមនុស្សមានឆន្ទៈ មានចំណេះដឹងជ្រៅជ្រះ ហើយមានសមត្ថភាពយល់ដឹងច្រើនពីវប្បធម៌ និងសិល្បៈរបស់ប្រទេសខ្លួន។ ត្រង់ចំណុចនេះហើយដែលបេក្ខនារីរបស់កម្ពុជាមិនទទួលបានចំណាត់ថ្នាក់លេខណាមួយដែលជាតំណែងរបស់ Miss Global ជាពិសេសគឺចំណាត់ថ្នាក់ដែលត្រូវទទួលមកុដទាំង៥របស់កម្មវិធី។
ស្របគ្នាដែលកញ្ញាឯកកម្ពុជាឆ្លើយសំណួរមិនសូវបានក្បោះក្បាយក្នុងវគ្គ១១នាក់ចុងក្រោយនោះផង ទើបធ្វើឲ្យនាងមិនបានឈានឡើងទៅវគ្គ៥នាក់ ដែលជាវគ្គដ៏សំខាន់របស់ព្រឹត្តិការណ៍។ យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថាបើនាងមានការស្វែងយល់ពីវប្បធម៌ ប្រពៃណី និងភាសាកំណើតរបស់ខ្លួនបានល្អជាងនេះបន្តិច គឺកញ្ញាឯកកម្ពុជាពិតជាមានសំណាងបានទទួលចំណាត់ថ្នាក់ណាមួយ ដោយសារតែនាងគឺជាបេក្ខនារីស្រស់ស្អាត និងមានចំណេះជ្រៅជ្រះមកពីអាមេរិក។
ជាមួយនឹងការលើកឡើងនេះ ទើបម្នាក់ៗមានការយល់ស្រប ខណៈដែលបេក្ខនារីរបស់កម្ពុជាដែលត្រូវគេស្គាល់ថាជាកូនខ្មែររស់នៅអាមេរិក ហើយត្រូវបានគណកម្មការ Miss Global International ជ្រើសឲ្យតំណាងកម្ពុជា ហើយមិនសូវមានការយល់ដឹងពីវប្បធម៌ និងប្រពៃណីរបស់កម្ពុជា ដូចអ្វីដែលអ្នកស្រីលើកឡើងមែន។
ការពន្យល់នេះ ក៏ធ្វើឲ្យសម្លេងរិះគន់ជុំវិញថាហេតុអ្វីកញ្ញាឯកខ្មែរស្រស់ស្អាតប៉ុណ្ណឹងដែរ បែរជាមិនជាប់ ប៉ុន្តែអ្នកស្រីប្រកាសថាចំពោះតំណែង Miss Ganzberg ដែលបានប្រគល់ឲ្យក្រុមជាអ្នកឧបត្ថម្ភ អ្នកស្រីថានោះគឺជាការពេញចិត្តរបស់ក្រុមហ៊ុន ដោយមិនជាប់ពាក់ព័ន្ធនឹងការសម្រេចរបស់គណកម្មការនោះឡើយ៕
មតិយោបល់