ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ពានឈុតបុរាណ២០១៨ និង២០១៩ ប៉ះគ្នា នៅ CTN

ចាប់តាំងពីត្រូវបានប្រកាសជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ដើម្បីកិច្ចការសង្គម គេចាត់ទុកថា គឺទើបតែជាលើកទី១ប៉ុណ្ណោះ ដែលម្ចាស់ពានគ្រងឈុតបុរាណ ក្នុងឆ្នាំ២០១៨ និង២០១៩ បានឡើបង្ហាញខ្លួនក្នុងនាមជាទូតសុឆន្ទៈរួមគ្នា។ អ្វីដែលកត់សម្គាល់ គឺម្ចាស់ពានទាំង២ជំនាន់នៅក្នុងថ្ងៃនោះ សុទ្ធតែបង្ហាញឈុតបុរាណស្រស់ស្អាត របស់ខ្លួនគ្មាន២ ធ្វើអោយកម្មវិធី”រាត្រីកម្សាន្ត”កក្រើកមិនធម្មតា។

-លោក ឌួង តារាផាឌីន គឺជាតារាចម្រៀងសំទ្បេង២ និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១៩។ លោកគ្រងឈុតព្រះគ្រូព្រាហ្មណ៍ ដែលជា គ្រូនៃអង្គព្រះមហាក្សត្រនៅក្នុងសម័យអង្គរ។

កញ្ញា ភីយ៉ា គឺជាតារាសម្ដែង និងជាម្ចាស់គ្រងឈុងបុរាណ ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ ២០១៩។ កញ្ញាគ្រងឈុត អប្សរាបាយ័ន ដែលបានចម្លងចេញពីចម្លាក់នៃប្រាសាទបាយ័ន។

-លោក រុន ណាកូ គឺជាម្ចាស់ពាន២ជំនាន់ ដែលជាម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ និងស័ក្ដសម កាលពីឆ្នាំ២០១៨ និងពានប្រជាប្រិយភាព ប្រចាំឆ្នាំ២០១៩ ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់។ លោកគ្រងឈុត ម្កុដកំពូល៣របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានគ្រង នៅក្នុងពិធីឡើងគ្រងរាជ និងពិធីសំខាន់មួយចំនួន ក្នុងការគ្រប់គ្រងប្រទេស។

– អ្នកនាង ម៉ៅ ស៊ីណាត គឺជាតារាចម្រៀង និងជាម្ចាស់ពានគ្រងឈុតបុរាណ ផ្នែកគ្រងឈុតត្រូវទម្រង់ និងលេចធ្លោប្រចាំឆ្នាំ២០១៨។ អ្នកនាងគ្រងនៅក្នុងថ្ងៃនេះ គឺឈុតទេពស្រី ជាឈុតព្រះនាង ឬជាអ្នកមានឋានៈខ្ពស់ខ្ពស់ មួយរូបនៅក្នុងសម័យអង្គរ។

-កញ្ញា ពេជ្រ ចរណៃ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ កញ្ញាបានគ្រងឈុត ក្រុងរាពណ៍ ក្នុងរឿងរាមកេរ្តិ៍ និងជាឈុតក្នុង សិល្បៈល្ខោនខោល។

-លោក ស៊ិន សុធារិទ្ធ គឺជាតារាសម្ដែង និងជាម្ចាស់ពាន គ្រងឈុតបុរាណកម្រ កាលពីឆ្នាំ២០១៨។ លោកបានគ្រងឈុតទេពប្រុស ដែលឈុតនេះ ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ គ្រងក្នុងពេល ប្រតិបត្តិ សាសនានៅក្នុងរជ្ជកាលរបស់ព្រះអង្គ។

-កញ្ញា វណ្ណា វត្តី គឺជាតារាចម្រៀង និងជាម្ចាស់ពានគ្រងឈុតបុរាណ ចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩។ កញ្ញាគ្រងឈុត ទេពអប្សរាអង្គរ ដែលមានមកុដកំពូល៣ ជាតួអង្គអប្សរានេះ មានឆ្លាក់នៅចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត។

-លោក ម៉ែន អម្រុងរ័ត្ន គឺម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិត ដែលលេចធ្លោជាងគេកាលពីឆ្នាំ២០១៨។ លោកគ្រងឈុត បរមរាជចតុមង្គល ដែលជាឈុតច្នៃចេញពីរចនាបទ នៃព្រះបរមរាជវាំងចតុមុខ។

-កញ្ញា ភី សម័យ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ច្នៃប្រឌិតកាលពីឆ្នាំ២០១៨។ កញ្ញាគ្រងឈុត ធីតាចតុមុខ ឬកិន្ន ដែលឈុតនេះ មានម្កុដរាងជាចេតិយ តំណាងអោយភ្នំដូនពេញ ជាទីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។

-លោក លឿង វិសាល គឺជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ លោកគ្រងឈុតព្រះបាទជ័យរវ្ម័នទី៧។ នៅក្នុងថ្ងៃនោះ លោក អុី សុខជា ដែលជាអ្នកច្នៃម៉ូដមួយរូប ក៏បានបង្ហាញខ្លួនផងដែរ។

មតិយោបល់