ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Global ប្រេសស៊ីល ប្រកាសកុំឲ្យក្មេងៗក្រីក្រនៅស្ទឹងមានជ័យបាក់ទឹកចិត្ត

គ្រាន់តែត្រូវបានបំពាក់មកុដជាម្ចាស់ពាន Miss Global International 2017 ភ្លាម បវរកញ្ញាមកពីប្រទេសប្រេស៊ីលបានចុះទៅកាន់មណ្ឌលកុមារក្រីក្រដែលត្រូវគេស្គាល់ថាជាកន្លែងប្រមែប្រមូលក្មេងៗក្រខ្សត់ដែលជាអតីតក្មេងៗរើសសំរាមនៅតំបន់ស្ទឹងមានជ័យតែម្ដង ដោយដំណើរចុះសួរសុខទុក្ខរបស់នាងត្រូវគេឃើញអមដំណើរដោយបវរកញ្ញាចំណាត់ថ្នាក់លេខ៣របស់Miss Global ពិភពលោកកាលពីឆ្នាំ២០១៥ និងសប្បុរសជនជាដៃគូមួយចំនួនទៅជាមួយផង។

កញ្ញាបានប្រកាសក្នុងពិធីចែកអំណោយដល់ក្មេងកាលពីថ្ងៃទី២១ វិច្ឆិកានោះ អ្នកទាំងអស់គ្នាមិនត្រូវបាក់ទឹកចិត្តនោះទេ ដោយសារតែភាពក្រីក្រ និងអតីតរបស់ពួកគេគ្រាន់តែស្រមោលដែលបានរលាយបាត់ទៅហើយ ប៉ុន្តែធាតុពិតគឺបច្ចុប្បន្នភាពរបស់ពួកគេត្រូវបានលើកទឹកចិត្តដោយមនុស្សទូទាំងមជ្ឈដ្ឋាន។

ទិដ្ឋភាពចុះទៅដល់របស់របស់បរវកញ្ញាឯកពិភពលោក Miss Global 2017 នាថ្ងៃនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសហគន៍អ្នករស់នៅក្បែរគំនរសំរាមស្ទឹងមានជ័យ ដែលត្រូវគេស្គាល់ថាសហគមន៍អ្នកក្រីក្រ និងធ្លាប់រស់ពឹងលើគំនរសំរាម ដោយមិនមានការចាប់អារម្មណ៍ចំពោះតែក្មេងៗដែលបានទទួលជំនួយ និងបានទទួលការយកចិត្តទុកដាក់ចំពោះនាងនោះទេ។ ម្ចាស់មកុដMiss Global ដែលទើបទទួលបានក្ដៅ គឺកញ្ញា Barbara Vitorelli ជាជនជាតិប្រេស៊ីល បានអះអាងថាកញ្ញាសប្បាយចិត្តខ្លាំងណាស់ដែលបានមកជួយដោយផ្ទាល់ ហើយបានបង្ហាញភាពស្និទ្ធស្នាលជាមួយក្មេងៗកម្ពុជាដែលសុទ្ធតែជាក្មេងក្រីក្រ និងធ្លាប់ជាអ្នករើសអេតចាយនៅលើគំនរសំរាម។

កញ្ញាថា ជាលើកទី១ដែលកញ្ញាបានរួមចំណែកស្វែងយល់ពីក្មេងៗអតីតអ្នករើសសំរាមនៅកម្ពុជា ហើយអាចឲ្យក្មេងៗទាំងនោះបញ្ចេញស្នាមញញឹមក្នុងជំនួបជាមួយនាង និងកញ្ញាឯកMiss Global 2015 ចំណាត់ថ្នាក់លេខ៣ គឺកញ្ញា Geri Donchera ជាជនជាតិប៊ុលហ្គារី ព្រមជាមួយនឹងសប្បុរសជនដែលបានទៅជាមួយពួកនាងបាន។ កញ្ញាបញ្ជាក់ថា មិនថាអតីតកាលរបស់ពួកគេគឺជាអ្នកណានោះទេ ប៉ុន្តែអ្វីដែលកញ្ញាចង់ឃើញនៅក្នុងពេលនេះ គឺចង់ឲ្យក្មេងទាំងនោះកុំបាក់ទឹកចិត្ត ហើយចេះកែច្នៃអតីតកាលរបស់ខ្លួនឲ្យមានអនាគតល្អ ក្រោយពីចាកចេញពីអង្គការដែលទទួលផ្ចុងផ្ដើមពួកគេ។

កញ្ញាបានពាំនាំយកសម្ភារៈសិក្សា ថវិកា និងអាហារជាច្រើនទៅចែកជូនដល់ក្មេងទាំងនោះ បន្ទាប់ពីបានដឹងថាអង្គការលើកស្ទួយប្រជាពលរដ្ឋ នៅអតីតតំបន់ចាក់សំរាមចាស់ស្ទឹងមានជ័យ មានការខ្វះខាតថវិកាផ្គត់ផ្គង់ដល់ក្មេងៗនៅក្រោមបន្ទុក និងចង់ឲ្យក្មេងទាំងនោះសប្បាយរីករាយ។

Miss Global2017 បានអះអាងថាគឺជារឿងប្រសើរណាស់ដែលក្រុមហ៊ុនទឹកសុទ្ធអេរ៉ូទិក បានចំណាយទាំងស្រុងលើការរៀបចំកម្មវិធីចុះចែកអំណោយ និងធ្វើពិធីជួបជុំអោយនាង និងក្មេងៗដែលជាអតីតជាក្មេងដើររើសសំរាមនៅលើគំនរសំរាមនៅស្ទឹងមានជ័យ បានជួបគ្នា និងផ្ដល់ភាពកក់ក្ដៅឲ្យគ្នា មុនពេលដែលនាងនឹងត្រូវបានគណកម្មការ Miss Global ឲ្យបន្តបេសកកម្មទៅកាន់ប្រទេសមួយផ្សេង។ កញ្ញាថាវាមិនទាន់គ្រប់គ្រាន់នោះទេ ដែលក្នុងក្មេងៗម្នាក់ទទួលបានត្រឹមតែថវិកា២ម៉ឺនរៀល នំ សៀវភៅ ទឹកដោះគោ ប៊ិច និងបាយឆាយ៉ាងចូវម្នាក់១ប្រអប់នៅក្នុងថ្ងៃនោះ ប៉ុន្តែអ្វីដែលពួកគេទទួលបានគឺការលើកទឹកចិត្ត និងការបង្ហាញពិភពលោកឲ្យបានដឹងថាអតីតៗក្មេងដែលធ្លាប់បានរើសរើសសំរាមក៏មានឱកាសទាំងការសិក្សា និងការយកចិត្តទុកដាក់ពីមនុស្សគ្រប់ជាន់ថ្នាក់ រួមទាំងរូបនាងដែលជាបវរកញ្ញាមួយរូបផង។

លោកស្រី វណ្ណ លុយ តំណាងក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិច បានអះអាងថា លោកស្រីធ្លាប់បានចុះចែកអំណោយដល់ក្មេងនៅតំបន់សំរាមស្ទឹងមានជ័យច្រើនលើកមកហើយ ប៉ុន្តែមកពីចង់ឲ្យក្មេងទាំំងនោះបានឃើញដោយផ្ទាល់នូវរូបសម្រស់របស់ Miss Global 2017 ដែលទើបពាក់មកុដនៅកម្ពុជា ទើបស្នើឲ្យនាងចូលរួម ហើយឃើញថាបរវកញ្ញាឯកពិភពលោក Miss Global 2017 គឺកញ្ញាមកពីប្រទេសប្រេស៊ីល ក៏មានឆន្ទៈក្នុងការចូលរួមយ៉ាងពេញទំហឹង៕

មតិយោបល់