តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសក្រោមត្រចៀកខាងស្តាំ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ញើ ឃូន ភេទប្រុស អាយុ៤៨ឆ្នាំ និងជនសង្ស័យឈ្មោះ ស៊ីវ សុខ ភេទប្រុស អាយុ៤៤ឆ្នាំ(ត្រូវជាប្អូនថ្លៃ) មុខរបរកសិករ ទាំងពីរនាក់ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានងូតទឹកពាងក្នុងផ្ទះម្តាយបង្កើត រួចក៏ទាស់ពាក្យសម្តីជាមួយម្តាយ រឿងមុជទឹក ឃើញដូច្នេះជនរងគ្រោះបានតមាត់ជាមួយជនសង្ស័យ ហើយបានយកដំថ្មគប់ទៅលើជនសង្ស័យតែមិនត្រូវ ទើបជនសង្ស័យបានយកកាំបិតក្រង៉ុកពីក្នុងផ្ទះមកកាប់លើជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាមមួយកន្លែងក្រោមត្រចៀកស្តាំ។
ក្រោយកើតហេតុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋននគរបាលស្រុក ដើម្បីកសាងសំណុំរឿងធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់