ព័ត៌មានសិល្បៈ និងកម្សាន្ត

ធំទាំងនៅបាត់ដំបង និងភ្នំពេញ ពិធីមង្គលលោក Rith Omega

នៅថ្ងៃទី៧ ធ្នូ នេះផលិតករល្បីឈ្មោះរបស់ផលិតកម្មថោន គឺលោក ឃុន ធារិទ្ធិ ដែលគេស្គាល់ភាគច្រើនថាលោក រិទ្ធិ អូមេហ្គា Rith Omega
នោះ នឹងរៀបការហើយជាមួយកូនស្រីអ្នករស់នៅខេត្តបាត់ដំបង ដែលជាកូនស្រីអ្នកមានមុខមាត់ផងដែរនៅចំកណ្ដាលក្រុង។ មង្គលការរបស់លោកត្រូវបានប្រកាសថានឹងធ្វើចំនួន៨០តុនៅខេត្តបាត់ដំបង ខណៈដែលចប់ពិធីនេះភ្លាមៗ ភាគីខាងកូនកំលោះក៏ប្រកាសធ្វើពិធីកាត់ចំណងដៃនៅមួយអាទិត្យក្រោយចំនួន៨០តុផងដែរ ទើបធ្វើអោយចំណងស្នេហ៍មួយគូនេះ គឺរៀបចំធំទាំង២លើក ដែលមានន័យថាបណ្ដាភ្ញៀវកិត្តិយសរបស់កូនកំលោះ និងគ្រួសារខាងស្រី ដែលជាអ្នកមានមុខមាត់នៅខេត្តបាត់ដំបង គឺមានច្រើនមិនចាញ់គ្នា។

លោក Rith Omega និយាយថា ដោយសារតែលោកក៏មានគម្រោងមកកាត់ចំណងដៃនៅថ្ងៃទី១២ ខែធ្នូ បន្ទាប់ពីរៀបមង្គលការហើយ ទើបលោកសម្រេចមិនអញ្ជើញមិត្តភក្តិ និងតារាសិល្បៈទៅចូលរួមក្នុងមង្គលការរបស់លោកនៅថ្ងៃទី៧ ធ្នូ នៅខេត្តបាត់ដំបងនោះទេ ដើម្បីកុំអោយបណ្ដាអ្នករាប់អានទាំងនោះពិបាកឡើងចុះ។ លោកថាអនាគតភរិយារបស់លោក គឺជាកូនស្រីអ្នកជំនួញនៅក្នុងស្រុកនោះ ដោយលោកបានស្គាល់ប្រមាណជា១ឆ្នាំមកហើយ គឺបន្ទាប់ពីលោកបានចុះទៅថតMV បទ«មេឃកំពុងភ្លៀងហើយ» ដែលជាបទចម្រៀងដែលទទួលបានការគាំទ្រក្រោយចេញបង្ហោះ។ អនាគតភរិយារបស់លោកមានឈ្មោះថា វ៉ាន់ សិលា ដោយក្រោយបញ្ចប់ពិធីមង្គលការនៅខេត្តបាត់ដំបង លោកក៏នឹងចំណាយធ្វើពិធីកាត់ចំណងដៃធំមួយនៅក្នុងសណ្ឋាគារសុខាអូតែលនៅថ្ងៃទី១២ ខែធ្នូផងដែរ។

លោកប្រកាសទទួលភ្ញៀវចំនួន៨០តុទាំងក្នុងពិធីមង្គលការ និងក្នុងពិធីកាត់ចំណងដៃ ដើម្បីអោយមង្គលការមួយនេះក្លាយជាពិធីធំដុំនៅក្នុងជីវិត ហើយអាចអញ្ជើញតារាសិល្បៈ និងភ្ញៀវកិត្តិយសដែលលោកបានស្គាល់ អោយបានចូលរួមកុំអោយពិបាកចោលម្នាក់ណាមួយ។ លោកថាមង្គលការនេះ គ្រោងចំណាយអស់ច្រើន ហើយមុនឈានដល់ការរៀបការលោក និងភរិយា ក៏ទើបតែបានបើកហាងកាហ្វេប្រេនធំមួយនៅខេត្តបាត់ដំបង ដែលជាមុខរបរសម្រាប់ក្រោយមង្គលការផងដែរ ទើបលោកបញ្ជាក់ថាជីវិតដែលគ្រោងនឹងសាងថ្មីមួយនេះ នឹងមិនលំបាកនោះទេ បើទោះជាលោក និងភរិយាសុទ្ធតែនៅក្មេងៗ។ ក្នុងនោះលោកក៏បានចំណាយអស់ច្រើនក្នុងការរៀបចំមង្គលការ និងកាត់ចំណងដៃ ដោយត្រូវបានសម្រិតសម្រាំងតាំងពីសកម្មភាពថត Pre-Wedding ផងដែរ អ៊ីចឹងហើយទើបរូបភាពគូស្នេហ៍របស់លោកសម្រាប់ត្រៀមដាក់បង្ហាញក្នុងថ្ងៃមង្គលការ គឺមើលទៅផ្អែមល្ហែម និងស្អាតអស់ទាស់មិនចាញ់រូបភាពត្រៀមរៀបការរបស់តារាល្បីៗនោះឡើយ។ លោកRith Omega ប្រកាសថា ទោះជារៀបការហើយក៏លោកនៅតែបន្តការងារជាអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងអោយផលិតកម្មថោនមិនបោះបង់នោះដែរ តែលោកនឹងបង្កើនជំនួញក្នុងដៃបន្ថែមពីលើមុខរបរដែលមានស្រាប់ ដើម្បីពង្រីកប្រាក់ចំណូល និងដើម្បីអោយជីវិតកាន់តែប្រសើរឡើង។ ប៉ុន្តែលោកប្រកាសថាបើភរិយារបស់លោកមានគម្រោងចង់ប្រឡូកក្នុងវិស័យសិល្បៈដូចលោក គឺមិនអាចនោះទេ ដោយសារតែលោកក៏មិនចង់អោយអ្នកនាងឡុកឡាក់នឹងការងារនេះ ហើយនាងក៏មានចំណូលចិត្តក្នុងរឿងបើកហាងរកស៊ីច្រើនជាង៕

មតិយោបល់