ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកណាថា បុរសពុកមាត់ សឿន វីតា លេងលេងៗ យប់មិញ!

បើទោះជាថ្ងៃទី១២ ខែធ្នូ ត្រូវគេកត់សម្គាល់ថាតារាសិល្បៈច្រើននាក់ សុទ្ធតែមានកម្មវិធីពិសេសរៀងខ្លួន ក៏ពិធីខួបគម្រប់១ឆ្នាំរបស់កូនប្រុសតារាសម្ដែង លោក សឿន វីតា នៅតែមានភ្ញៀវសម្រុកមកដល់ថ្នាក់លើតុឡើងច្រើនតែម្ដង ដោយសារតែលោកមានឈ្មោះបោះសំឡេងយូរហើយ ហើយទើបតែមានពិធីពិសេសម្ដង ដែលតារាសិល្បៈណាមួយក៏មិនអាចចោលបាន។

ពិធីរបស់លោកត្រូវបានប្រកាសថាប្រារព្ធធ្វើតែជាង១០តុប៉ុណ្ណោះ ប៉ុន្តែដល់ពេលជាក់ស្ដែងគឺឡើងដល់៣០តុ ដោយអ្នកណាក៏អះអាងថាលោកពិតជាលែងមែនទែនតែម្ដង ដែលធ្វើពិធីធំដុំលើកទី១ ហើយធ្វើឡើងធំត្រឹមតែខួបកំណើតកូនប្រុសដែលលោកប្រកាសថាគ្រាន់តែធ្វើលេងៗ។

អ្វីដែលគេកត់សម្គាល់គឺពិធីរបស់លោកពោរពេញដោយភ្ញៀវស្កេកស្កះ និងនៅសប្បាយយ៉ាងណែនតាន់តាប់ពេញហាងវីហ្វ្រេនផ្សារដេប៉ូ រហូតយប់ជ្រៅនោះផង។

លោកសឿន វីតា បានអះអាងថា ដោយសារតែលោកវ័យច្រើនមកហើយ ហើយទើបតែមានកូនប្រុសមួយអាយុ១ឆ្នាំ ទើបលោកសម្រេចចិត្តធ្វើពិធីធំដុំ ដើម្បីអោយមានការជួបជុំរវាងតារាសិល្បៈ ផលិតករ និងមិត្តភ័ក្រ្តតែម្ដង។ ម្យ៉ាងមកពីលោកក៏ចង់បង្ហាញអោយស្គាល់ពីមុខមាត់របស់ភរិយា និងកូនប្រុសនៅក្នុងពិធីនោះផង ទើបសម្រេចរៀបចំធំដុំតែម្ដង។ លោកថាកូនប្រុសរបស់លោកមានឈ្មោះថា វីតា ណាដេត ហើយកាលពីពេលថ្មីកូនប្រុសរបស់លោកក៏ត្រូវផលិតករស្នើអោយថតរឿងជាតួកូនក្មេងផងដែរ ទើបលោកយល់ថាកូនប្រុសរបស់លោក មិនត្រឹមតែជាគ្រាប់ពេជ្រនៅក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ចាប់ផ្ដើមមានដុងថតកុនតាមលោកតាំងពីក្មេង ដែលអាចទទួលបានចំណូលជាបណ្ដើរៗផងដែរ។

លោកថាពិធីខួបរបស់លោកមានគម្រោងធ្វើត្រឹមតែជាលក្ខណៈមិត្តភក្តិតិចតួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានការជម្រុញ ទើបតែចេះតែរីកធំៗឡើងៗ ហើយរហូតដល់ថ្នាក់ឈានដល់៣០តុ ដែលស្ទើរតែធ្វើអោយលោក និងភរិយាទទួលភ្ញៀវមិនអស់។ លោកថាសប្បាយចិត្តខ្លាំងណាស់ ដែលក្នុងថ្ងៃទី១២ ខែធ្នូនោះ គឺមានពិធីច្រើនកន្លែង ព្រោះតែថ្ងៃ១២ ខែ១២ គេចូលចិត្តជ្រើសជាថ្ងៃពិសេស ស្រាប់តែពិធីរបស់លោកបែរជាមានអ្នកចូលរួមដល់ថ្នាក់ទទួលតុមិនគ្រាន់ទៅវិញ។ នៅក្នុងពិធីរបស់លោកក្រៅពីវត្តមានតារាសិល្បៈ និងមិត្តភក្តិ ក៏មានអ្នកមានមុខមាត់នៅក្រៅសិល្បៈច្រើននាក់ផងដែរបង្ហាញខ្លួន។ លោកអះអាងថាប្រឡូកសិល្បៈប្រមាណជាង១០ឆ្នាំហើយ គឺទើបតែមានពិធីធំម្ដងនេះគត់ ទើបបណ្ដាតារាសិល្បៈច្រើននាក់ដែលលោកបានអញ្ជើញភាគច្រើនមិនទាំងបានយកលិខិតទៅជូននោះមក នៅតែមក។

លោកសឿន វីតា បានអះអាងថា លោកជាតារាដែលមានយីអ៊ុនក្រោយទុកពុកមាត់ ទើបសូម្បីតែក្នុងពិធីពិសេសរបស់កូនប្រុស ក៏លោកនៅតែរក្សាពុកមាត់ ខណៈដែលពុកមាត់របស់លោកក៏ត្រូវគេសរសើរថាស្អាត និងពិបាករកតួដែលមានដូច ទើបក្រុមផលិតករច្រើនឡើងចូលចិត្តអញ្ជើញអោយលោកសម្ដែង។ លោកថាតាំងពីពុកមាត់ត្រូវប៉ាន់ គឺសូម្បីកូនប្រុសក៏ត្រូវបានផលិតករទាក់ទងអោយបានថតរឿងដែរ ដោយមិនមែនមានតែលោកម្នាក់ទេ ដែលមានហាងឆេងថតកុនមិនសូវទំនេរ។

មតិយោបល់